អន្តរជាតិ
ថៃ ទិញ​រថក្រោះ​ពី​ចិន​ដើម្បី​ប្រើ​ជំនួស​រថក្រោះ​អាមេរិក​ដែល​ចាស់​ហើយ​តូច​
04, Apr 2017 , 10:59 pm        
រូបភាព
រថក្រោះធុន VT4 ដែលថៃគ្រោងទិញពីចិន (រូបភាព Defense Blog)
រថក្រោះធុន VT4 ដែលថៃគ្រោងទិញពីចិន (រូបភាព Defense Blog)
​ផលិតផល​យោធា​របស់​ចិន កំពុងមាន​ទីផ្សារ​ខ្លាំង​ក្នុងចំណោម​អតិថិជន​នៅ​តំបន់​អាស៊ាន​។ ក្រោយ​សម្រេចចិត្ត​ទិញ​នាវាមុជទឹក ពេលនេះ​រដ្ឋាភិបាល​ថៃ ក៏​អនុម័ត​គម្រោង​ទិញ​រថក្រោះ​ចំនួន​១០​គ្រឿង​ដែល​ផលិត​ដោយ​ចិន ដើម្បី​ប្រើ​ជំនួស​រថក្រោះ​អាមេរិក​ដែល​ចាស់ និង​មាន​ទំហំ​តូច​។ គម្រោង​ទិញ​រថក្រោះ​ទាំង​១០​គ្រឿង​នេះ ជា​ជំហាន​ទី​២​នៃ​គម្រោង​ទិញ​រថក្រោះ​ចំនួន​៤៩​គ្រឿង​របស់​របប​សឹក​ថៃ ដើម្បី​ការពារ​សន្តិសុខ​របស់​ខ្លួន​។​



​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​និយាយ​នៅ​ថ្ងៃទី​៤ ខែមេសា ថា គណៈរដ្ឋមន្ត្រី​បាន​យល់ព្រម​ទិញ​រថក្រោះ​ផលិត​នៅ​ចិន​ចំនួន​១០​គ្រឿង​។ រដ្ឋាភិបាលយោធា​ថៃ បាន​បញ្ជា​ទិញ​រថក្រោះ​ពី​ចិន​ចំនួន​២៨​គ្រឿង​កាលពី​ឆ្នាំមុន ដើម្បី​ប្រើ​ជំនួស​រថក្រោះ​របស់​អាមេរិក ដែល​ចូល​បម្រើ​ក្នុង​វិស័យ​ការពារជាតិ​អស់​ពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Sansern Kaewkamnerd ជា​អ្នកនាំពាក្យ បាន​បញ្ជាក់ថា រថក្រោះ​ថ្មី​នឹង​ចូល​ជំនួស​រថក្រោះ​ធុន M41 របស់​អាមេរិក ដែលមាន​ទំហំ​តូច ហើយក៏​ដូចជា​ហួស​សម័យ​ដែរ​។ ចំណែក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ  Prawit Wongsuwan និយាយ​ដែរ យោធា​ថៃ បាន​ប្រើប្រាស់​រថក្រោះ​របស់​អាមេរិក តាំងពី​សម័យ​សង្គ្រាមលោក​លើក​ទី​២ មកម្ល៉េះ​។​

​ការទិញ​ឧបករណ៍​សង្គ្រាម​ផលិត​នៅ​ចិន​ពេលនេះ បង្ហាញ​កាន់តែច្បាស់​ពី​ការរីកចម្រើន​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន និង​សម្ព័ន្ធមិត្ត​ចាស់វស្សា​របស់​អាមេរិក​នៅ​អាស៊ីអាគ្នេយ៍​។ ទំនាក់ទំនង​នេះ​ជិតស្និទ្ធ​កាន់តែខ្លាំង ក្រោយ​ក្រុម​យោធា​ក្ដោប​អំណាច​តាមរយៈ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ដែល​រង​ការរិះគន់​ពី​អាមេរិក​។ ចាប់ពីពេលនោះ​មក សម្ព័ន្ធភាព​អាមេរិក និង​ថៃ ក៏​ចាប់ផ្ដើម​ល្អក់កករ​ជាមួយគ្នា​ដែរ​។​

​ក្រៅពី​រថក្រោះ រដ្ឋាភិបាល​ថៃ ក៏​សម្រេចចិត្ត​នាវាមុជទឹក​មួយគ្រឿង​ពី​ចិន​ក្នុងតម្លៃ​៣៨០​លាន​ដុល្លារ ហើយ​កំពុង​ពិចារណា​រក​ទិញ​ចំនួន​៣​គ្រឿង​បន្ថែមទៀត​។ បើទោះជា​គម្រោង​ទិញ​នាវា​មុជ​រង​ការរិះគន់​ក្ដី របប​យោធា​ថៃ នៅតែ​បន្ត​ផែនការ​របស់ខ្លួន​ដដែល ដោយ​អះអាងថា ការទិញ​នាវាមុជទឹក​ធ្វើឡើង​ដោយសារតែ​ថៃ​រង​ការគំរាមកំហែង​ខ្លាំង​។​

​មិន​ខុសពី​ថៃ​ដែរ ទំនាក់ទំនង​រវាង​អាមេរិក និង​រដ្ឋ​សមាជិក​អាស៊ាន​មួយចំនួនទៀត ក៏​មិនសូវ​ល្អ​ដែរ​។ ជាក់ស្ដែង ទំនាក់ទំនង​រវាង​អាមេរិក និង​ហ្វីលីពីន ធ្លាក់ចុះ​កាន់​ខ្លាំង ក្រោយ​ការ​កាន់អំណាច​របស់​ប្រធានាធិបតី Rodrigo Duterte ។ លោក Duterte បាន​ផ្លាស់ប្ដូរ​នយោបាយ​ការបរទេស​របស់​ហ្វីលីពីន ដែល​ធ្លាប់​ពឹងផ្អែក​ខ្លាំង​លើ​អាមេរិក និង​ងាក​ទៅ​ចងសម្ព័ន្ធ​ភាពជិតស្និទ្ធ​ជាមួយ​ចិន ទាំង​មាន​ជម្លោះ​ដែនដី​ជាមួយគ្នា​ក៏ដោយ​៕ 


Tag:
 ថៃ​
  ចិន​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com