អន្តរជាតិ
ថៃ​៖ រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​បើកផ្លូវ​ឲ្យ​មានការ​បោះឆ្នោត នឹង​ចូល​ធរមាន​នៅ​សប្ដាហ៍​នេះ​
05, Apr 2017 , 8:59 am        
រូបភាព
មហាក្សត្រថៃ Maha Vajiralongkorn នឹងឡាយព្រះហស្តលេខាលើរដ្ឋធម្មនុញ្ញថ្មីនៅថ្ងៃទី៦ ខែមេសា (រូបភាព Xnihua)
មហាក្សត្រថៃ Maha Vajiralongkorn នឹងឡាយព្រះហស្តលេខាលើរដ្ឋធម្មនុញ្ញថ្មីនៅថ្ងៃទី៦ ខែមេសា (រូបភាព Xnihua)
​មហាក្សត្រ​ថៃ Maha Vajiralongkorn នឹង​ឡាយព្រះហស្តលេខា​លើ​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​សប្ដាហ៍​នេះ ហើយ​វា​នឹង​បើកផ្លូវ​ឲ្យ​មានការ​បោះឆ្នោត​ទូទៅ​មួយ​។ ការ​ឡាយព្រះហស្តលេខា​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋធម្មនុញ្ញ​នេះ​ត្រូវបាន​អនុម័ត​ក្នុង​ប្រជាមតិ​ខែសីហា ឆ្នាំ​២០១៦ ហើយ​ក៏បាន​ឆ្លងកាត់​ការធ្វើ​វិសោធនកម្ម​ជាច្រើនលើក​រួចមក​ដែរ​។​



​ព្រះរាជវាំង​ថៃ បានប្រកាសថា មហាក្សត្រ Maha Vajiralongkorn នឹងចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ឡាយព្រះហស្តលេខា​លើ​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​ថ្ងៃទី​៦ ខែមេសា​។ នេះ​ជា​ជំហាន​ថ្មី​មួយទៀត​នៃ​ដំណើរ​វិល​ទៅ​ប្រជាធិបតេយ្យ ដែល​របប​យោធា​ថៃ​សន្យា​ស្ដារឡើងវិញ ក្រោយ​ធ្វើ​រដ្ឋប្រហារ​ខែឧសភា ឆ្នាំ​២០១៤ ។ ការចូល​ធរមាន​នៃរ​ដ្ឋ​ធម្មនុញ្ញ​ថ្មី ក៏​បើកផ្លូវ​ដល់​ការបោះឆ្នោត​ឡើងវិញ​ដែរ ក្រោយ​ត្រូវបាន​ពន្យារពេល​ជាច្រើនលើក​។​

​មុននឹង​ឈានដល់​ការ​ឡាយព្រះហស្ត​នេះ ចំណុច​មួយចំនួន​ក្នុង​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ ទាក់ទង​នឹង​មាត្រា​និយាយ​ពី​អំណាច​មហាក្សត្រ ក៏ត្រូវ​បាន​គេ​កែប្រែ​ដែរ ដោយមាន​ការស្នើសុំ​ផ្លាស់ប្ដូរ​ដោយផ្ទាល់​ពី​សំណាក់​រាជវាំង​។ ចំណុច​កែប្រែ​ចម្បង​គឺ មហាក្សត្រ​ថៃ Maha Vajiralongkorn មាន​រាជ​សិទ្ធិ​មិន​តែងតាំង​រាជា​នុ​សិទ្ធិ ពេល​ព្រះអង្គ​មិន​ស្ថិត​ក្នុងប្រទេស​។ ចំណែក​ការកែប្រែ​មួយចំនួនទៀត​ដែល​ធ្វើឡើង​ដោយ​របប​យោធា មិន​ត្រូវបាន​ទម្លាយ​ឲ្យ​ដឹង​ឡើយ​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា ការជ្រើសរើស​ថ្ងៃទី​៦ ខែមេសា ជា​ថ្ងៃ​ប្រកាស​រដ្ឋធម្មនុញ្ញ​ផ្លូវការ ក៏​ព្រោះតែ​ថ្ងៃទី​៦ ជា​ខួបកំណើត​ទី​២៣៥​ឆ្នាំ នៃ​រាជវង្ស​ចក្រី ដែល​គ្រប់គ្រង​ប្រទេស​ថៃ​អស់​ស្ដេច​១០​អង្គ​មកហើយ​។ មហាក្សត្រ Maha Vajiralongkorn ជា​ស្ដេច​រាមា​ទី​១០ នៃ​រាជវង្ស​នេះ ខណៈ​បិតា​របស់​ទ្រង់ គឺ​ព្រះ​ចៅ ភូមិបុល អាឌុលយ៉ាដេត ជា​សេ្ដច​រាមា​ទី​៩ ។​

​ក្រោយ​ការ​ឡាយព្រះហស្តលេខា​រួចរាល់ រដ្ឋធម្មនុញ្ញ​ថ្មី​នេះ នឹងត្រូវ​ចុះ​ក្នុង​រាជកិច្ច​ថ្ងៃ​ដដែល ហើយនឹង​ត្រូវអនុវត្ត​ជា​ផ្លូវការ​តែម្ដង​។ មហាក្សត្រ​ថៃ នឹង​ប្រគល់​រដ្ឋធម្មនុញ្ញ​នេះ ទៅ​ឲ្យ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ផងដែរ​។ ការរង់ចាំ​ដ៏​យូរ​ដើម្បី​ឲ្យ​រដ្ឋធម្មនុញ្ញ​នេះ​ចូល​ធរមាន ក៏​ព្រោះតែ​មហាក្សត្រ​ថ្មី ចង់បាន​ការកែប្រែ​ចំណុច​ខ្លះ ព្រោះ​រដ្ឋធម្មនុញ្ញ​នេះ​អនុម័ត​ក្នុង​ប្រជាមតិ​តាំងពី​ខែសីហា មុន​ព្រះអង្គ​ឡើង​គ្រងរាជ្យ​បន្តិច ដែល​ធ្វើ​ឲ្យ​ទ្រង់​មិន​ពេញ​ព្រះទ័យ​មាត្រា​ខ្លះ​។​

​រដ្ឋធម្មនុញ្ញ​នេះ នឹង​ក្លាយជា​រដ្ឋធម្មនុញ្ញ​ទី​២០ របស់​ថៃ ក្រោយ​ការដួលរលំ​របបរាជានិយម​ផ្ដាច់ការ​ក្នុង​ឆ្នាំ​១៩៣២ ។ របប​យោធា​ថៃ ខិតខំ​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ ដោយបាន​បន្ថែម​អំណាច​យ៉ាងច្រើន​ដល់​យោធា​។ រដ្ឋធម្មនុញ្ញ​នេះ ក៏បានផ្ដល់​សិទ្ធិ​ឲ្យ​ព្រឹទ្ធសភា​មាន​សិទ្ធិ​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ផងដែរ ដែល​ចំណុច​នេះ​ធ្វើ​ឲ្យ​គេ​បារម្ភ​ខ្លាំង ដ្បិតអី​សមាជិក​ព្រឹទ្ធសភា​ដែល​ត្រូវ​តែងតាំង​ដោយ​យោធា មានអំណាច​រើស​ប្រមុខ​រដ្ឋាភិបាល​ថ្មី ដែល​មិនមែន​សមាជិកសភា​ទៀតផង​៕


Tag:
 ថៃ​
  រដ្ឋធម្មនុញ្ញ​
  Maha Vajiralongkorn
© រក្សាសិទ្ធិដោយ thmeythmey.com