អន្តរជាតិ
កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​មធ្យម ស្វាគមន៍​ជំនួប​ដូ​ណា​ល់ ត្រាំ​-​ស៊ី ជីន​ភីង​
05, Apr 2017 , 9:41 am        
រូបភាព
មីស៊ីលរយៈចម្ងាយមធ្យម Pukguksong-2 ដែលបានបាញ់កាលពីខែកុម្ភៈ។ យោធាអាមេរិកជឿថា មីស៊ីលប្រភេទនេះ ត្រូវបានបាញ់ម្ដងទៀតនៅថ្ងៃទី៥ ខែមេសានេះ (រូបភាព Xinhua)
មីស៊ីលរយៈចម្ងាយមធ្យម Pukguksong-2 ដែលបានបាញ់កាលពីខែកុម្ភៈ។ យោធាអាមេរិកជឿថា មីស៊ីលប្រភេទនេះ ត្រូវបានបាញ់ម្ដងទៀតនៅថ្ងៃទី៥ ខែមេសានេះ (រូបភាព Xinhua)
​កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​កមួយ​គ្រាប់​នៅ​ព្រឹក​ថ្ងៃទី​៥ ខែមេសា តែ​មិនទាន់​ដឹងថា​ជោគជ័យ ឬ​បរាជ័យ​នៅឡើយ​។ មី​ស៊ី​ល​បាលី​ស្ទិ​ក​នេះ ហោះ​បាន​ចម្ងាយ​ប្រហែល​៦០​គីឡូម៉ែត្រ មុននឹង​ធ្លាក់ចូល​សមុទ្រ​ជប៉ុន​។ កងទ័ព​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​បញ្ជាក់ថា មី​ស៊ី​ល​នេះ ជា​ប្រភេទ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម ហើយ​ត្រូវ​បាញ់​មុន​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​ចិន ស៊ី ជីន​ភីង ។​



​យោធា​កូរ៉េខាងត្បូង បានប្រកាសថា កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​មួយ​គ្រាប់​ចេញពី​ទីតាំង​បាញ់​មី​ស៊ី​ល Sinpo ស្ថិតក្នុង​ខេត្ត Hamgyong ។ មី​ស៊ី​លបាញ់​ដោយ​បច្ចេកវិទ្យា​បាលី​ស្ទិ​ក​នេះ បាញ់​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​៥ ដោយ​ហោះ​បាន​ចម្ងាយ​ប្រហែល​៦០​គីឡូម៉ែត្រ មុន​ធ្លាក់ចូល​សមុទ្រ​ជប៉ុន​។ ការបាញ់​នេះ ធ្វើឡើង​ក្រោយ​កូរ៉េខាងជើង​ព្រមាន​សងសឹក​សហគមន៍​អន្តរជាតិ​ដែល​ចង់​បង្កើន​ការដាក់ទណ្ឌកម្ម​លើ​របប​កុម្មុយនីស្ត​មួយ​នេះ ដែល​ចេះតែ​សាកល្បង​មី​ស៊ី​ល​រហូត​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap មន្ត្រី​យោធា​ជាន់ខ្ពស់​កូរ៉េខាងត្បូង​និយាយថា មី​ស៊ី​ល​ដែល​បាញ់​នេះ ទំនងជា​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ចម្ងាយ​មធ្យម KN-15 ដែល​គេ​ស្គាល់​ជាទូទៅ​ជា Pukguksong-2 ។ មី​ស៊ី​ល​ប្រភេទ​នេះ អាច​ហោះ​បាន​កំពស់​១៨៩​គីឡូម៉ែត្រ​។ យ៉ាងណាក្ដី គេ​មិនទាន់​ដឹងថា ការបាញ់​មី​ស៊ី​ល​លើក​នេះ ជោគជ័យ​ឬ​យ៉ាងណាដែរ ខណៈ​កូរ៉េខាងជើង​ផ្ទាល់ ក៏​មិនបាន​និយាយ​ដែរ​ក្រោយ​ការបាញ់​នេះ​។​

​ជាមួយ​ការបាញ់​នេះ គេ​ជឿថា កូរ៉េខាងជើង​កំពុង​សាកល្បង​បច្ចេកវិទ្យា​បាលី​ស្ទិ​ក​របស់ខ្លួន ដែល​នៅ​មិនទាន់​ដល់​កម្រិត​នៅឡើយ ជាពិសេស​បច្ចេកវិទ្យា​បាញ់​មី​ស៊ី​ល​អន្តរទ្វីប (ICBM) តែម្ដង​។ ក្រុង​ព្យុងយ៉ាង កំពុង​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​អភិវឌ្ឍ​មី​ស៊ី​ល​រយៈ​ចម្ងាយ​នេះ ដែល​អាច​បាញ់​ដល់​ទឹកដី​អាមេរិក​ឯណោះ​។ មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ក៏​ធ្លាប់​ប្រកាស​ដែរ​ថា ខ្លួន​នឹង​បាញ់​មី​ស៊ី​ល​នេះ​នៅពេល​ណាមួយ​មិន​ខាន​។​

​លើសពីនេះទៅទៀត ការបាញ់​នេះ បង្ហាញ​ពី​អាកប្បកិរិយា​ផ្គើន​របស់​កូរ៉េខាងជើង នៅមុន​ជំនួប​ទល់មុខ​រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី ស៊ី ជីន​ភីង ។ មេដឹកនាំ​ទាំង​២ គ្រោង​ជួបគ្នា​នៅឯ Mar-a-Lago អំឡុង​ទស្សនកិច្ច​របស់លោក ស៊ី នៅ​អាមេរិក​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៧ ខែមេសា​។ ការជួប​ទល់មុខ​នេះ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​គូសបន្ទាត់​ផ្លូវ​ដើរ​ថ្មី​នៃ​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំង​២​នេះ​។​

​គេ​រំពឹងថា ជំនួប​លើកដំបូង​នេះ ក៏​នឹងមាន​ការពិភាក្សា​លើ​ប្រធានបទ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ដែរ​។ លោក​ប្រធានាធិបតី ត្រាំ ទំនងជា​ឆ្លៀតឱកាស​នេះ​ជំរុញ​ឲ្យ​ចិន​ដាក់​សម្ពាធ​បន្ថែមទៀត​លើ​កូរ៉េខាងជើង ដើម្បី​បញ្ចប់​មហិច្ឆតា​នុយក្លេអ៊ែរ​របស់ខ្លួន​។ ប៉ុន្តែ​នៅមុន​ជំនួប​មកដល់ លោក ត្រាំ ក៏​ព្រមាន​ទុក​មុន​រួចហើយ​ថា បើ​ចិន​មិន​ព្រម​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ទេ អាមេរិក​ប្រាកដជា​ចាត់ការ​កូរ៉េខាងជើង​ដោយ​ខ្លួនឯង​មិន​ខាន​៕


Tag:
 កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  ស៊ី ជីន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com