ជាតិ
រដ្ឋាភិបាល អះអាងថា គ្មាន​និស្សិត​ខ្មែរ​ស្លាប់​ក្នុងករណីភេរវកម្ម​នៅ​រុស្ស៊ី​ឡើយ​
05, Apr 2017 , 11:27 am        
រូបភាព

​ភ្នំពេញ​៖ ក្រោយពី​មាន​ករណី​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​រថភ្លើង​នៅ​រុស្ស៊ី កាលពី​ថ្ងៃទី​៣ មេសា​នោះ នៅពេលនេះ​រដ្ឋាភិបាល​ក​ម្ពុ​ជា បាន​អះអាងថា គ្មាន​និស្សិត​ខ្មែរ​ណា​ម្នាក់ ដែល​កំពុង​សិក្សា និង​រស់នៅ​ទីនោះ បាត់បង់​ជីវិត​ឡើយ​។ ករណី​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​រថភ្លើង​នា​ក្រុង St Petersburg បានសម្លាប់​មនុស្ស​ជាង​១០​នាក់​និង​បង្ក​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​និង​ស្រាល​ផង​។​



​ក្រសួង​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​រុស្ស៊ី បាន​ទាក់ទង​ជាមួយ​សមាគមនិស្សិត​ក​ម្ពុ​ជា​នៅ​ទីនោះ ដើម្បី​ស្វែងយល់​ពី​ស្ថានការណ៍​និស្សិត​ហើយ​ដែរ​។ ប៉ុន្តែ​មិនមាន​និស្សិត​ខ្មែរ​ស្ថិតនៅក្នុង​រថភ្លើង ដែល​ត្រូវបាន​បំផ្ទុះ​នោះទេ​។ សេចក្ដី​ជូន​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ចុះ​ថ្ងៃទី​៤ មេសា បាន​បញ្ជាក់ថា​៖« តាម​របាយការណ៍​ពី​ស្ថាន​ឯកអគ្គរាជទូត ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូមបញ្ជាក់ថា ពុំមាន​ពលរដ្ឋ និង​និស្សិត​ខ្មែរ​ណា​ម្នាក់​ស្ថិតក្នុង​ចំណោម​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ផ្ទុះ​នេះឡើយ​»​។​

​ការ​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​រថភ្លើង​នា​ក្រុង St Petersburg បានសម្លាប់​មនុស្ស​១៤​នាក់ និង​បង្ក​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​និង​ស្រាល​ផង​។ ការស៊ើបអង្កេត​កំពុង​បន្ត​ទៅមុខ តែ​គេ​វាយតម្លៃថា​ការវាយប្រហារ​នេះ​ពាក់ព័ន្ធ​ករណី​ភេរវកម្ម​ច្រើន​ជាហេតុ​ផល​ផ្សេង​។ យ៉ាងណាក៏ដោយ​ក្រុមប្រឹក្សា​សហព័ន្ធរុស្ស៊ី​យល់ថា ករណីនេះ​អាចទាក់ទង​នឹង​វត្តមាន​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ក្រុង St Petersburg ផងដែរ​។ រុស្ស៊ី​រងគ្រោះ​ច្រើនដង​មកហើយ​ដោយសារ​ករណី​ភេរវកម្ម ប៉ុន្តែ​ប្រទេស​នេះ​ប្រឈមមុខ​កាន់តែខ្លាំង​ដោយសារ​ការគំរាមកំហែង​សន្តិសុខ​បង្កឡើង​ដោយ​ចលនា​ភេរវកម្ម​អន្តរជាតិ​ចាប់ពី​ពេល​លោក ពូ​ទីន បញ្ជូន​ទ័ព​ទៅ​អន្តរាគមន៍​នៅ​ស៊ី​រី​ប្រឆាំង​ក្រុម​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម​៕


Tag:
 រុស្ស៊ី​
 ​ កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com