ជាតិ
JICA ត្រៀម​ជួយ​ដំឡើង​ប្រព័ន្ធ​ត្រួតពិនិត្យ​ទំនិញ​ដោយ​ស្វ័យប្រវត្តិ​នៅ​កម្ពុជា​
05, Apr 2017 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកជំនាញការ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ប្រចាំ​កម្ពុជា​លោក Hidetoshi KUME បាន​ឲ្យ​ដឹងថា JICA កំពុង​សិក្សា​ពី​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​តាមផ្លូវ​គោក ទឹក និង​ផ្លូវដែក​មួយចំនួន ដើម្បី​ធ្វើ​ឲ្យ​ការដឹកជញ្ជូន​ទំនិញ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​។​



​ក្រៅពី​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការសិក្សា​គម្រោង​កែលម្អ​ផ្លូវ​នៅ​កម្ពុជា លោក ហ៊ី​ដេ​តុ​ស៊ី គូ​ម៉េ (Hidetoshi KUME) ដែលជា​ទីប្រឹក្សា​គោលនយោបាយ​ដឹក​ជ​ញ្ចូ​ន​ជប៉ុន​ប្រចាំ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​ផង​នោះ បាន​ឲ្យ​ដឹងថា ជប៉ុន​ក៏​កំពុង​សិក្សា​ពី​ការដំឡើង​ប្រព័ន្ធ​ត្រួតពិនិត្យ​ទំនិញ​ដោយ ស្វ័យប្រវត្តិ​តាម​កំពង់ផែ និង​កន្លែង​ត្រួតពិនិត្យ​ទំនិញ​តាម​ព្រំដែន​ផងដែរ​។

​អ្នកជំនាញការ​ដឹកជញ្ជូន​ទីភ្នាក់ងារ JICA រូបនេះ បាន​និយាយថា ប្រព័ន្ធ​ត្រួតពិនិត្យ​ដែល​ប្រើប្រាស់ ទិន្នន័យ​តាម​អេឡិចត្រូនិក (Electronic Data Interchange) ជា​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​របស់ ជប៉ុន ជំនួយការ​ប្រើប្រាស់​ធន​ធាន​មនុស្ស ដើម្បី​ផ្ទៀងផ្ទាត់​ទិន្នន័យ​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ឲ្យ​កាន់តែ​ត្រឹមត្រូវ​។ លើសពីនេះ លោក​បាន​បន្ត​បញ្ជាក់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ សារព័ត៌មាន​នា​ស្ថានទូត​ជប៉ុន​ថា បច្ចេកទេស​នេះ​ក៏​ជួយ​ព​ន្លឿ​ន​ការផ្ទេរ​ទំនិញ​ចេញចូល​កម្ពុជា​ផង​។​



«​កម្ពុជា​កំពុង​ប្រើប្រាស់​កម្លាំង​មនុស្ស​ត្រួតពិនិត្យ​ទំនិញ​ទាំងយប់ ទាំង​ថ្ងៃ ហើយ​ចំណាយពេល​យូរ​ក្នុងការ​បំពេញបែបបទ​ទំនិញ ដូច្នេះ​ប្រព័ន្ធ​នេះ ពិតជា​ចាំបាច់​សម្រាប់​កម្ពុជា​»​។ លោក Hidetoshi តាមរយៈ​អ្នកបកប្រែ​បញ្ជាក់​នៅ​រសៀល​ថ្ងៃទី​៤ មេសា មុន​បន្ថែមថា ប្រទេស​ថៃ វៀតណាម និង​មី​យ៉ាន់​ម៉ា បាន​បំពាក់​ប្រព័ន្ធ​ត្រួតពិនិត្យ EDI​នេះ​រួចរាល់​។ ប៉ុន្តែ លោក​ពុំទាន់​អាច​បញ្ជាក់ថា ជប៉ុន​នឹង​សម្រេច​ដំឡើង​ប្រព័ន្ធ​បច្ចេក​ទំនើប​ឲ្យ​កម្ពុជា នៅពេលណា​ច្បាស់លាស់​នៅឡើយ​។ នៅពេល​អ្នកសារព័ត៌មាន​សួរថា តើ​គម្រោង​នេះ​ចំណាយ​ថវិកា​ប៉ុន្មាន​? អ្នកជំនាញការ​ផ្នែក​ដឹកជញ្ជូន​ដែលមាន​បទពិសោធន៍​ការងារ​ជាង ៣០​ឆ្នាំ​រូបនេះ គ្រាន់តែ​បញ្ជាក់ថា​៖«​យើង​កំពុង​សិក្សា​បញ្ជូន​របាយការណ៍ ជូន​រដ្ឋាភិបាល​ជប៉ុន​ពិនិត្យ និង​សម្រេច​នៅឡើយ​»​។​

​ជាមួយគ្នា លោក ចាន់ ដា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជ​ញ្ចូ​ន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ បាន​ទទួលស្គាល់ថា ប្រព័ន្ធ​បច្ចេកវិទ្យា​ត្រួតពិនិត្យ​ទិន្នន័យ​ទំនិញ​តាម​អេឡិចត្រូនិក ពិតជា​ជំរុញ​ល្បឿន​ដាក់​ផ្ទេរ ទំនិញ​ចេញចូល​កម្ពុជា​កាន់តែ​ប្រសើរ​។ «​អ្នក​ដឹកជញ្ជូន​ទំនិញ ប្រាកដជា​ត្រូវការ​ប្រព័ន្ធ​ដឹកជញ្ជូន​ទំនិញ ឆាប់រហ័ស ព្រោះ​ពេលវេលា​របស់​ពួកគេ​ជា​មាសប្រាក់​»​។ លោក ដា​រ៉ា រំពឹងថា ជប៉ុន​នឹង​ជួយ​ដំឡើង​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆាប់រហ័ស ដើម្បី​ជួយ​ជំរុញ​កំណើន​វិនិយោគ​បរទេស​នៅ​កម្ពុជា ប្រសិនបើ​គេ​អនុវត្ត​ជោគជ័យ​នាពេលខាងមុខ​។​



​បន្ថែម​លើសពីនេះ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន លើក​ទី​៣ ស្តីពី​សកម្មភាព​របស់ JICA នៅ​រសៀល​ថ្ងៃទី​៤ មេសា​នេះ លោក​បង្ហើប​ឲ្យ​ដឹងថា ក្រសួង​សាធារណការ នឹង​បង្កើត​ក្រុមប្រឹក្សា​ដឹកជញ្ជូន​ដែលមាន​ថ្នាក់ដឹកនាំ និង​អ្នកជំនាញ​អន្តរក្រសួង​ចូលរួម​ពិភាក្សា ដើម្បី​ជំរុញ​ឲ្យ​វិស័យ​ដឹកជញ្ជូន​កម្ពុជា កាន់តែ​ប្រសើរ​ថែមទៀត​។ តាម​ប្រសាសន៍ លោក ចាន់ ដា​រ៉ា បច្ចុប្បន្ន កម្ពុ​ជាមាន​កំពង់ផែ​តូចធំ​ជាង ២០​កំពង់ផែ ហើយ​ក្រសួង​កំពុង ពិនិត្យ​រៀបចំ​កំពង់ផែ​បន្ថែមទៀត ដើម្បី​លើកកម្ពស់​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​ទឹក​នៅ​កម្ពុជា​។​



​គួរកត់សម្គាល់ ពាក់ព័ន្ធ​នឹង​វិស័យ​ដឹក​ជ​ញ្ចូ​ន​នៅ​កម្ពុជា រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ JICA បាន​ចំណាយ​ថវិកា​ជាង ១០០​លាន​ដុល្លារ​អាមេរិក សាងសង់​ស្ពាន​ត្សឹ​បា​សា ចម្ងាយ​ជាង ២​គីឡូម៉ែត្រ ដែល​សម្ពោធ​ប្រើប្រាស់​កាលពី​ខែមេសា ឆ្នាំ​២០១៥​កន្លងមក​។ គម្រោង​ធំៗ​មួយចំនួនទៀត ដូចជា ការកែលម្អ​ផ្លូវជាតិ​លេខ​១ ពី​ភ្នំពេញ ទៅ​អ្នក​លឿង​ចម្ងាយ​សរុប ៥៦​គីឡូម៉ែត្រ ដែល​ចំណាយ​ថវិកា​ប្រមាណ ៨៥​លាន​ដុល្លារ ហើយ​បាន និង​កំពុង​អនុវត្ត​តាំងពី​ឆ្នាំ ២០០៥ រហូតមក  គម្រោង​កែលម្អ​ផ្លូវជាតិ​លេខ​៥ (​ព្រែក​ក្តាម​-​ប៉ោយប៉ែត​) ចម្ងាយ​សរុប ៣៦៨,៧​គីឡូម៉ែត្រ ដែល​ចំណាយ​ថវិកា​កម្ចី​ជាង​២៧០​លាន​ដុល្លារ និង​បាន និង​កំពុង​អនុវត្ត​តាំងពី​ឆ្នាំ ២០១៣ មកទល់​បច្ចុប្បន្ន និង​គម្រោង​កែលម្អ និង​ពង្រីក កំពង់ផែ​ក្រុងព្រះសីហនុ ដែល​ចំណាយ​ថវិកា​កម្ចី​ជាង​១៤០​លាន​ដុល្លារ​អាមេរិក​៕


Tag:
 ចាន់ ដា​រ៉ា​
  ដឹកជញ្ជូន​
  សន្តិសុខ​
  JICA
© រក្សាសិទ្ធិដោយ thmeythmey.com