អន្តរជាតិ
ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ថា អាមេរិក​កំពុង​ដឹកនាំ​ដោយ​មនុស្ស​ឆ្កួត​
05, Apr 2017 , 2:33 pm        
រូបភាព
​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ឬ​ក្រុម​ដែ​ស្ហ (Daesh) បាន​និយាយ​វាយប្រហារ​ដោយ​ចំហ​លើ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដោយបាន​ហៅ​ប្រធានាធិបតី​រូបនេះ​ជា​មនុស្ស​ឆ្កួត​។ ក្នុង​សេចក្ដីថ្លែងការណ៍​លើកដំបូង ក្រុម​ជ្រុលនិយម​មួយ​នេះ ក៏​គំរាម​វាយប្រហារ​លើ​កងទ័ព​អាមេរិក​នៅ​ជុំវិញ​ពិភពលោក ដើម្បី​សងសឹក​ប្រតិបត្តិការ​យោធា​របស់​អាមេរិក​នៅ​អ៊ីរ៉ាក់ និង​ស៊ី​រី​។ ក្រុម​រដ្ឋ​ឥស្លាម រង​បរាជ័យ​យ៉ាងខ្លាំង​ដោយសារ​កងទ័ព​សម្ព័ន្ធ​មិត្ត​ដឹកនាំ​ដោយ​អាមេរិក និង​កំពុង​តស៊ូ​ការពារ​មូលដ្ឋាន​សេសសល់​របស់ខ្លួន​។​



​ក្រុម​រដ្ឋ​ឥស្លាម (ISIS) នៅ​ថ្ងៃទី​៤ ខែមេសា បាន​និយាយថា អាមេរិក​កំពុងតែ​លិចលង់ ព្រោះ​ដឹកនាំ​ដោយ​មនុស្ស​លីលា​។ នេះ​ជា​លើកដំបូង ដែល​ក្រុម​ភេរវកម្ម​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​ប្រើប្រាស់​សម្ដី​ធ្ងន់ៗ​ដាក់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ចាប់តាំងពី​លោក​ចូលកាន់​តំណែង​កាលពី​ខែមករា​មក​នោះ​។ ការ​បោសសម្អាត​ក្រុម​ជ្រុលនិយម​នេះ គឺជា​ការសន្យា​ចម្បង​របស់លោក ត្រាំ ពេលធ្វើ​យុទ្ធនា​ការស្វែងរក​សំឡេងឆ្នោត​។​

​ក្នុង​ខ្សែអាត់​សំឡេង​ដែល​ចេញផ្សាយ​តាម​បណ្ដាញ​សង្គម Telegram អ្នកនាំពាក្យ​របស់​ក្រុម​ភេរវកម្ម​មួយ​នេះ​និយាយទៀតថា អាមេរិក​មិន​ត្រឹមតែ​លិចលង់​ឡើយ ហើយ​ថែមទាំង​គ្មាន​អ្នក​ជួយសង្គ្រោះ​ទៀត​។ អាមេរិក នឹង​ក្លាយជា​មុខសញ្ញា​នៃ​ការ​ប្រមាញ់​របស់​សកម្មជនរ​ដ្ឋ​ឥស្លាម​នៅ​គ្រប់កន្លែង​ទាំងអស់​លើ​ពិភពលោក​។ អ្នកនាំពាក្យ​ដដែល​នេះ​បន្តថា ភស្តុតាង​បញ្ជាក់ថា​អាមេរិក​នឹង​រលត់រលាយ គឺ​ស្ថិតនៅ​នឹង​មុខតែ​ម្ដង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​ការហៅ​ប្រធានាធិបតី​អាមេរិក​ជាម​នុស្ស​ឆ្កួត​ដូចនេះ អាច​សង្គ្រាមពាក្យសម្ដីរ​បស់​ក្រុម​រដ្ឋ​ឥស្លាម ខណៈ​អាមេរិក​កំពុង​ជួយ​កងទ័ព​អ៊ីរ៉ាក់​ក្នុងការ​រំដោះ​ទីក្រុង Mosul ពី​ការគ្រប់គ្រង​របស់​ក្រុម​ភេរវកម្ម​មួយ​នេះ​។ ដោយមាន​ជំនួយ​ពី​អាមេរិក កងកម្លាំង​អ៊ីរ៉ាក់ បាន​ដណ្ដើម​ទីតាំង​ជាច្រើន​របស់​ក្រុម​នេះ ហើយ​កំពុង​សម្រេច​វាយលុក​ផ្ដាច់ព្រ័ត្រ​ដើម្បី​ដណ្ដើមយក​ទីក្រុង​នេះ​មក​គ្រប់គ្រង​ឡើងវិញ​។

​កាលពីដើម​សប្ដាហ៍​នេះ លោក ត្រាំ ក៏បាន​បញ្ជូន​កូនប្រសារ Jared Kushner ទៅពិនិត្យ​ស្ថានការណ៍​យោធា​នៅ​អ៊ីរ៉ាក់​ទៀតផង​។ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​របស់ខ្លួន លោក Kushner ដែលជា​ក៏ត្រូវ​បាន​អមដំណើរ​ដោយ​នាយសេនាធិការ​ចម្រុះ​កងទ័ព​លោក​ឧ​ត្ត​ម​សេនីយ៍ Joseph Dunford ថែម​ទៀតផង​។ ដំណើរ​លើក​នេះ មាន​គោលដៅ​ស្វែងយល់​ពី​បញ្ហា​យុទ្ធសាស្ត្រ ដើម្បី​ជួយ​សម្រួល​ដល់​ការស្វែងរក​យុទ្ធសាស្ត្រ​ត្រឹមត្រូវ និង​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​កម្ចាត់​ក្រុម​ភេរវជន​នៅ​មជ្ឈិមបូព៌ា​។​

​ការបាត់បង់​ទីក្រុង Mosul នឹង​ក្លាយជា​បរាជ័យ​ដ៏​ធំ​របស់​ក្រុម​រដ្ឋ​ឥស្លាម ដែល​បាន​បាត់បង់​ទឹកដី​ជាច្រើន​រួចមកហើយ​។ មិន​ត្រឹមតែ​បាត់បង់​តំបន់​គ្រប់គ្រង​នៅ​អ៊ីរ៉ាក់​ទេ សូម្បីតែ​នៅ​ស៊ី​រីឯ​ណោះ ក៏​ក្រុម​ជ្រុលនិយម​មួយ​នេះ បាត់បង់​មូលដ្ឋាន​របស់ខ្លួន​ដែរ​។ ទីតាំង​ធំ​របស់​ក្រុម​នេះ​នៅ Raqqa ក៏​កំពុង​ប្រឈម​បាត់បង់​ដែរ ដ្បិត​កម្លាំង​សម្ព័ន្ធមិត្ត​លោកខាងលិច​ដឹកនាំ​ដោយ​អាមេរិក ក៏​កំពុង​ត្រៀមខ្លួន​វាយយក​ក្រុង​នេះដែរ​៕ 


Tag:
 ក្រុម​រដ្ឋ​ឥស្លាម​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com