អន្តរជាតិ
តៃវ៉ាន់ នឹង​សាងសង់​នាវាមុជទឹក​ដោយ​ខ្លួនឯង​
05, Apr 2017 , 9:19 pm        
រូបភាព
នាវាមុជទឹករបស់កោះតៃវ៉ាន់ (រូបភាព AP)
នាវាមុជទឹករបស់កោះតៃវ៉ាន់ (រូបភាព AP)
​មន្ត្រី​យោធា​ជាន់ខ្ពស់​តៃវ៉ាន់ បានប្រកាស​ពី​គម្រោង​សាងសង់​នាវាមុជទឹក​បន្ថែមទៀត​ដោយ​ខ្លួនឯង ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​ជើង​ទឹក​របស់ខ្លួន​។ នាវាមុជទឹក​ចំនួន​៨​គ្រឿង នឹងត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​ផ្ទាល់ ដើម្បី​បម្រើការ​លើ​វិស័យ​យោធា​ដែលមាន​នាវាមុជទឹក​ចំនួន​៤​គ្រឿង​ស្រាប់​ហើយ​។ ការសាងសង់​នាវា​ក្នុងស្រុក​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការការពារ​ខ្លួនឯង​ពី​ការគំរាមកំហែង​របស់​ចិន ដែល​មិន​រអែងចិត្ត​ក្នុងការ​ប្រើ​ទ័ព​ដើម្បី​ត្រួតត្រា​កោះ​នេះ​ឡើងវិញ​។​



​ខណៈដែល​គម្រោង​ទិញ​អាវុធ​របស់​អាមេរិក​កំពុងស្ថិត​ក្នុងដំណាក់កាល​ចរចា កោះ​តៃវ៉ាន់ ក៏​បញ្ចេញ​គ្រោង​សាងសង់​នាវាមុជទឹក​ដោយ​ខ្លួន​ចំនួន​៨​គ្រឿង សម្រាប់​បម្រើការ​ក្នុង​ជួរ​កងទ័ពជើងទឹករ​បស់​ខ្លួន​។ នាយ​សេ​ធិ​ការ​កងទ័ពជើងទឹក​តៃវ៉ាន់ Lee Tsung-hsiao បាន​ប្រាប់​សមាជិកសភា​នៅ​ថ្ងៃទី​៥ ខែមេសា ថា នាវាមុជទឹក​ទាំង​៨​គ្រឿង នឹង​ផលិត​ដោយ​គម្រោង​ក្នុងស្រុក​។ នេះ​ជា​លើក​ទី​១ ដែល​តៃវ៉ាន់​ហ៊ាន​បញ្ចេញ​ព័ត៌មាន​នៃ​ចំនួន​នាវាមុជទឹក​ដែល​ខ្លួន​ត្រូវ​ផលិត​ដោយ​ឯង​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រុមហ៊ុន CSBC Corp Taiwan ដែលជា​ក្រុមហ៊ុន​ផលិត​នាវាមុជទឹក​របស់​រដ្ឋ នឹងត្រូវ​ទទួលបន្ទុក​អនុវត្ត​គម្រោង​នេះ​។ លោក Cheng Wen-lon នាយក​ក្រុមហ៊ុន​នេះ ក៏បាន​សមាជិកសភា​ដែរ​ថា ការ​រចនា​រូបរាង​នាវាមុជទឹក នឹង​សម្រេច​នៅត្រឹម​ដើមឆ្នាំ​២០១៨ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​នាវាមុជទឹក​ដំបូង​អាច​ចេញ​ប្រតិបត្តិការ​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខ ស្របពេល​ការ​គំរាម​ពី​សំណាក់​ចិនដីគោក​ក៏​កើនឡើង​ដែរ​។​

​កងទ័ពជើងទឹក​តៃវ៉ាន់ មាន​នាវាមុជទឹក​៤​គ្រឿង​រួចស្រេច​ហើយ តែ​ជា​នាវា​ចាស់ និង​ផលិត​ដោយ​បរទេស​។ បន្ថែម​ពីលើ​នេះ តៃវ៉ាន់ ក៏​កំពុង​ចរចា​ទិញ​អាវុធ​បន្ថែមទៀត​ពី​អាមេរិក ដែលជា​អ្នកផ្គត់ផ្គង់​អាវុធ​តែមួយ​របស់ខ្លួន​។ កិច្ចព្រមព្រៀង​ទិញ​អាវុធ​តម្លៃ​រាប់រយ​លាន​ដុល្លារ កំពុងស្ថិត​ក្នុង​ដំណាក់​ចរចា ព្រោះ​តៃវ៉ាន់​ត្រូវការ​យុទ្ធោបករណ៍​យោធា​ច្រើន​ដើម្បី​ការពារ​ខ្លួន​ពី​ការវាយប្រហារ​ណាមួយរ​បស់​ចិន ដែល​ចេះតែ​សម្ញែង​អានុភាព​យោធា​ជា​ញឹកញយ​។​

​ការផលិត​នាវា​ដោយ​ខ្លួនឯង ទំនងជា​ការត្រៀម​ទុក​មុន​របស់​កោះ​តៃវ៉ាន់ ដ្បិតអី​ជំទាស់​ខ្លាំងណាស់​នឹង​គម្រោង​ទិញដូរ​អាវុធ​ជាមួយ​អាមេរិក និង​បានស្នើ​ឲ្យ​អាមេរិក​លុបចោល​ការចរចា​នេះ​ទៀតផង​។ ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង នឹង​ជួប​ជាមួយ​សម​ភាគី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​សប្ដាហ៍​នេះ ហើយ​បញ្ហា​កោះ​តៃវ៉ាន់​អាច​នឹងត្រូវ​លើកយក​ពិភាក្សា​ផងដែរ​។ លោក ស៊ី ទំនង​ឆ្លៀតឱកាស​នេះ​ដើម្បី​បង្ខំ​ឲ្យ​លោក ត្រាំ ទទួលស្គាល់​ដាច់ខាត​នយោបាយ​ចិន​តែមួយ​។​

​ក្នុងករណីនេះ បើ​រដ្ឋបាល​អាមេរិក​យកចិត្ត​ចិន ហើយ​ផ្អាក​គម្រោង​លក់​អាវុធ​មែន​នោះ តៃវ៉ាន់ ប្រាកដជា​រងគ្រោះ​ធ្ងន់​មិន​ខាន​។ ទំនង​ដោយសារ​រឿងនេះ និង​ដើម្បី​ការពារ​ទុក​មុន ប្រធានាធិបតី​តៃវ៉ាន់ ក៏​ប្រកាស​កាលពី​ខែ​មុន ថា តៃវ៉ាន់ នឹង​សាងសង់​នាវាមុជទឹក​ដោយ​ខ្លួន ដើម្បី​បន្ថែម​ឥទ្ធិពល​ទ័ព​ពីលើ​នាវាមុជទឹក​មាន​ស្រាប់​ចំនួន​៤ ដែល​ទិញ​ពី​អាមេរិក និង​ហូ​ឡង់​កាលពី​ជាង​៣០​ឆ្នាំមុន​មក​។ ដោយសារ​មិនមាន​បទពិសោធន៍​ផលិត តៃវ៉ាន់​ទំនង​ប្រើ​បច្ចេកវិទ្យា​បរ​ទេ​សដើ​ម្បី​សាងសង់​នាវា​ទាំង​៨​គ្រឿង​៕      


Tag:
 តៃវ៉ាន់​
  អាមេរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com