អន្តរជាតិ
ស៊ី​រី​៖ បុរស​ម្នាក់​បាត់បង់​សមាជិកគ្រួសារ ២៥​នាក់​ដោយសារ​ការវាយប្រហា​រ​ឧស្ម័ន​គីមី​
06, Apr 2017 , 1:57 pm        
រូបភាព
Youssef ឱបកូនទាំង២របស់ខ្លួន ដែលបាត់បង់ជីវិតដោយសារការវាយប្រហារឧស្ម័នពុល។ Youssef និយាយថា លោកបាត់បង់សមាជិកគ្រួសារ២៥នាក់ក្នុងហេតុការណ៍នេះ (រូបភាព CNN)
Youssef ឱបកូនទាំង២របស់ខ្លួន ដែលបាត់បង់ជីវិតដោយសារការវាយប្រហារឧស្ម័នពុល។ Youssef និយាយថា លោកបាត់បង់សមាជិកគ្រួសារ២៥នាក់ក្នុងហេតុការណ៍នេះ (រូបភាព CNN)
​ការប្រើប្រាស់​ឧស្ម័ន​ពុល​ក្នុងការ​វាយប្រហារ​តាមផ្លូវ​អាកាស​នា​ក្រុង Khan Sheikhun ខេត្ត Idlib បានធ្វើ​ឲ្យ​ពិភពលោក​តក់ស្លុត​ជាថ្មី​។ មកទល់ពេលនេះ មនុស្ស​យ៉ាងហោចណាស់ ៧០​នាក់​បាន​ស្លាប់​ក្នុងនោះ​មាន​ក្មេងៗ​ច្រើន​នាក់​ផងដែរ ខណៈ​អ្នក​នៅ​ពីក្រោយ​សកម្មភាព​នេះ មិនទាន់​រកមុខ​ឃើញ​នៅឡើយ​។ អ្វី​ដែលជា​រឿង​គួរ​ឲ្យ​តក់ស្លុត​នោះ សមាជិកគ្រួសារ​របស់ Abdul Hamid Youssef ចំនួន​២៥​នាក់ ក៏​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​ក្នុងការ​វាយប្រហារ​ដោយ​ឧស្ម័ន​ពុល​នេះ​។

 


​ការវាយប្រហារ​ដោយ​ប្រើ​ឧស្ម័ន​គីមី​ពុល កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​៤ ខែមេសា នៅ​ទីក្រុង Khan Sheikhun ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​។ ប្រជាជន​ភាគច្រើន​កំពុង​លង់លក់​នៅឡើយ នៅពេលដែល​ការវាយប្រហារ​អមនុស្សធម៌​នេះ​កើតឡើង​។ សោកនាដកម្ម​ក៏បាន​កើតឡើង​ចំពោះ Abdul Hamid Youssef ដោយ​សមាជិកគ្រួសារ​រ​បស់​លោក​ចំនួន​២៥​នាក់​បាន​បាត់​បង់ជីវិត​ក្នុងចំណោម​ជនរងគ្រោះ​ប្រមាណ​៧០​នាក់​។​

Youssef បាន​ប្រាប់​សារព័ត៌មាន CNN ថា ប្រពន្ធ និង​កូនភ្លោះ​របស់គេ​បាន​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​នេះ​។ បុរស​ស៊ី​រី​រូបនេះ​រៀបរាប់ថា ប្រពន្ធ និង​កូនៗ​របស់លោក បាន​បែកពពុះមាត់ និង​ប្រកាច់ ហើយក៏​ដាច់ខ្យល់​ស្លាប់​តែម្ដង​។ អ្វី​ដែលជា​សោកនាដកម្ម​នោះ សមាជិក​ផ្សេងទៀត​នៃ​គ្រួសារ Youssef ក៏ត្រូវ​អស់​ជីវិត​ក្នុង​ហេតុការណ៍​ប្រហារ​ដ៏​អាក្រក់​បំផុត​ប្រចាំឆ្នាំ​២០១៧ នេះដែរ ខណៈ​មិនទាន់មាន​អ្នក​ចេញមក​ទទួលខុស​ត្រូវ​នៅឡើយ​។

​ជនជាតិ​ស៊ី​រី​ដដែល​នេះ​បន្តថា រូបគេ​ផ្ទាល់​បាន​ដួលសន្លប់​ដោយសារ​មិនអាច​ទ្រាំ​នឹង​សារធាតុ​គីមី​បាន​។ ប៉ុន្មាន​ម៉ោង​ក្រោយ​សន្លប់​ទើប​គេ​ដឹងថា ម្ដាយ​របស់គេ បងប្អូន និង​សាច់ញាតិ​ប្រមាណ​២៥​នាក់​ផ្សេងទៀត បាន​បាត់​បង់ជីវិត​ទាំងអស់​។ សារព័ត៌មាន​ក្នុងស្រុក​បាន​ផ្សាយ​នៅ​ថ្ងៃទី​៤ ខែមេសា ថា Youssef បាន​បាត់បង់​សមាជិកគ្រួសារ​យ៉ាងតិច​១៩​នាក់​។

​មួយថ្ងៃ​ក្រោយ​ការវាយប្រហារ រូបភាព​ដែល Youssef ឱប​កូន​ទាំង​២​រុំ​ដោយ​ក្រណាត់ស ត្រូវបាន​ផ្សាយ​ពេញ​បណ្ដាញសារព័ត៌មាន​។ Youssef អង្គុយ​ក្បែរ​ផ្នូរ​ដែល​ត្រូវ​ជីក​ដើម្បី​កប់​កូនប្រុស និង​សមាជិកគ្រួសារ​ដទៃទៀត ខណៈ​ជនរងគ្រោះ​ដទៃ​ផ្សេងទៀត ក៏ត្រូវ​កប​ដូចគ្នា​ដែរ​។ Youssef និយាយ​ដោយ​ទឹកភ្នែក​ថា​៖ «​ខ្ញុំ​កំពុង​យំ តែ​នេះ​ជា​ទឹកភ្នែក​នៃ​ក្ដី​រីករាយ ព្រោះ​កូនៗ​ខ្ញុំ​បាន​ទៅ​ជួប​ព្រះ​ហើយ ដែល​ទីនោះ​គឺ​ប្រសើរ​ជាង​ការ​រស់នៅក្នុង​ស៊ី​រី​»​។​

​ជាមួយ​សោកនាដកម្ម​នេះ លោកខាងលិច​បាន​ចង្អុល​ដាក់​រដ្ឋាភិបាល​ស៊ី​រី ព្រោះ​គេ​យល់ថា គ្មាន​ភាគី​ណា​មានលទ្ធភាព​ប្រើប្រាស់​យន្តហោះ​ចម្បាំង​និង​អាវុធ​គីមី​ឡើយ​។ រដ្ឋាភិបាល​ស៊ី​រី​បាន​បដិសេធ​ដាច់អហង្ការ ហើយ​រុស្ស៊ី​ដែលជា​សម្ព័ន្ធមិត្ត​ស៊ី​រី​នោះបាន​បកស្រាយ​ថា ទ័ព​លោក អាសាដ បាន​វាយប្រហារ​លើ​ឃ្លាំង​ផ្ទុក​អាវុធ​គីមី​នៅ​ក្រុង Khan Sheikhun ប៉ុណ្ណោះ ហើយ​យន្តហោះ​នោះ​មិនអាច​បំពាក់​គ្រាប់​ដែល​ផ្ទុះអាវុធ​គីមី​បានឡើយ​៕        


Tag:
 ស៊ី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com