អន្តរជាតិ
ស៊ូ​ជី នៅតែ​ចង់​គ្រប់គ្រង​កងទ័ព​
06, Apr 2017 , 8:19 pm        
រូបភាព
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី ចាប់ដៃអគ្គមេបញ្ជាការកងទ័ព ឧត្តមសេនីយ៍ មីន អ៊ុងឡាំង (រូបភាព Reuters)
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី ចាប់ដៃអគ្គមេបញ្ជាការកងទ័ព ឧត្តមសេនីយ៍ មីន អ៊ុងឡាំង (រូបភាព Reuters)
​មេដឹកនាំ​កាន់អំណាច​ពិតប្រាកដ (de facto) មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី រង​សម្ពាធ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ជុំវិញ​អំពើហិង្សា​នៅឯ​រដ្ឋ Rakhine ជាទី​ដែល​យោធា​មី​យ៉ាន់​ម៉ា​ត្រូវបាន​ចោទប្រកាន់ថា​ធ្វើបាប​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​។ ប្រតិបត្តិការ​ហិង្សា​របស់​យោធា​មី​យ៉ាន់​ម៉ា​បាន​បង្ខំ​ឲ្យ​ជនភាគតិច​នេះ​រត់​ភៀសខ្លួន​ទៅកាន់​បង់​ក្លា​ដែ​ស និង​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ Rakhine ធ្លាក់ចុះ​យ៉ាងខ្លាំង​។ ដោយសារ​រឿងនេះ លោកស្រី ស៊ូ​ជី ចង់​កែ​រដ្ឋធម្មនុញ្ញ​ដើម្បី​គ្រប់គ្រង​យោធា​។



​យុទ្ធនាការ​បោសសម្អាត​របស់​យោធា​មី​យ៉ាន់​ម៉ា​នៅ​រដ្ឋ Rakhine កំពុង​ក្លាយ​សម្ពាធ​ដ៏​ធំ​របស់​រដ្ឋាភិបាល​ស៊ីវិល​ដែលមាន​អាយុ​ទើបបាន​១​ឆ្នាំ​។ អំពើហិង្សា ការរំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ការជម្លៀស​ខ្លួន​ដោយ​បង្ខំ​មកលើ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា បាន​បំបាក់​មុខមាត់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី​។ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ក៏​ត្រៀម​បើក​ការស៊ើបអង្កេត​លើ​ករណីនេះ ខណៈ​មី​យ៉ាន់​ម៉ា​ខំប្រឹង​ការពារ​មុខមាត់​ខ្លួន​យ៉ាងខ្លាំង​។ 

​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ដែលជា​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា បាន​ទាត់ចោល​ការចោទប្រកាន់​ថា​មានការ​ប្រព្រឹត្ត​ការ​បោសសម្អាត​ពូជសាសន៍​លើ​ជន​មូស្លីម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នៅឯ​រដ្ឋ Rakhine បើទោះជា​មាន​របាយការណ៍​បង្ហាញថា​កងទ័ព​មី​យ៉ាន់​ម៉ា​ពិតជា​បាន​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្ដី​។ លោកស្រី​ទទួលស្គាល់ថា​បញ្ហា​ពិតជា​កើតឡើង​មែន​នៅ​រដ្ឋ Rakhine ប៉ុន្តែ​បញ្ហា​នេះ​មិន​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ការប្រើប្រាស់​ពាក្យ​បោសសម្អាត​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាង​ដែរ​។​

​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន BBC ជ័យលាភី​ណូបែល​សន្តិភាព​ឆ្នាំ​១៩៩១ រូបនេះ​និយាយថា​៖ «​ខ្ញុំ​មិន​គិតថា​មានការ​បោសសម្អាត​ពូជសាសន៍​នៅ Rakhine ទេ​។ ការ​និយាយថា​បោសសម្អាត​ពូជសាសន៍ គឺ​ដូចជា​ធ្ងន់ធ្ងរ​ពេក​ហើយ​សម្រាប់​ការពណ៌នា​អ្វីដែល​កំពុង​កើតឡើង​នោះ​»​។ លោកស្រី​បន្តថា បញ្ហា​មិន​ស្ថិត​ត្រង់​ពាក្យ​បោសសម្អាត​ពូជសាសន៍​ណា​ទេ តែ​ជា​បញ្ហា​របស់​មនុស្ស​ដែល​នៅ​ផ្នែក​ពីរ​ផ្សេងគ្នា ហើយ​ការលុបបំបាត់​ការបែងចែក​នេះ គឺជា​អ្វីដែល​រដ្ឋាភិបាល​ព្យាយាម​ធ្វើ​។​

​ទន្ទឹមនឹង​ការជួយ​ការពារ​កងទ័ព​ពី​ការចោទប្រកាន់​ទាំងឡាយ លោកស្រី​ទីប្រឹក្សា​រដ្ឋ​រូបនេះ ក៏​បញ្ជាក់ដែរថា យោធា​មី​យ៉ាន់​ម៉ា​ក៏​មិនមាន​សិទ្ធិ​ធ្វើ​អ្វី​តាមចិត្ត​ចង់​ដែរ​ដូចជា​ការរំលោភបំពាន​ផ្លូវភេទ ការធ្វើ​ទារុណកម្ម ឬក៏​ទៅ​លួច​ប្លន់​អ្វី​ដែរ​។ លោកស្រី​សង្កត់ធ្ងន់ថា កងទ័ព​មី​យ៉ាន់​ម៉ា មាន​សិទ្ធិ​ចូលទៅ Rakhine ហើយ​ប្រយុទ្ធ​គ្នា​នៅ​ទីនោះ ព្រោះនេះ​ជា​អ្វីដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​ការងារ​យោធា​ត្រូវតែ​ជា​កិច្ចការ​របស់​កងទ័ព​តែម្ដង​។​

​ដោយសារ​កងទ័ព​ធ្វើ​អ្វី​មិន​ស្ដាប់​យោបល់​រដ្ឋាភិបាល​នោះ លោកស្រី ស៊ូ​ជី ដែលជា​រដ្ឋមន្ត្រីការបរទេស​ដែរនោះ ក៏​បង្ហើប​បំណង​ក្នុង​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​បើកផ្លូវ​ឲ្យ​រដ្ឋាភិបាល​គ្រប់គ្រង​ស្ថាប័ន​កងទ័ព​បាន​។ សព្វថ្ងៃនេះ កងទ័ព​មី​យ៉ាន់​ម៉ា ស្ថិតក្រោម​គ្រប់គ្រង​ដោយ​ស្ថាប័ន​ឯករាជ្យ និង​ប្រតិបត្តិការ​ដោយផ្ទាល់​លើ​ការរក្សាសន្តិសុខ​ក្នុងប្រទេស​។ ប៉ុន្តែ​លោកស្រី ស៊ូ​ជី នៅតែមាន​សង្ឃឹមថា រដ្ឋាភិបាលអាច​គ្រប់គ្រង​ស្ថាប័ន​ដ៏​មាន​ឥទ្ធិពល​នេះ​ឲ្យ​បាន​។​

​បើទោះជា​ឈ្នះឆ្នោត​កាន់កាប់​រដ្ឋាភិបាល​ក៏ដោយ លោកស្រី ស៊ូ​ជី ប្រឈមមុខ​បញ្ហា​ច្រើន​លើ​ការងារ​ដឹកនាំ​ប្រទេស ដ្បិត​កងទ័ព​នៅតែមាន​ឥទ្ធិពល​ខ្លាំង​ដដែល បើទោះជា​ប្រមុខ​កងទ័ព មីន អ៊ុង​ឡាំង (Min Aung Hlaing) ធ្លាប់​ប្រកាសថា យោធា​នឹង​ស្ដាប់បង្គាប់​ប្រធានាធិបតី​ក៏ដោយ​។ រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​បានផ្ដល់​អំណាច​ឲ្យ​អគ្គបញ្ជាការ​កងទ័ព​មាន​សិទ្ធិ​តែងតាំង​រដ្ឋមន្ត្រីក្រសួង​សំខាន់​៣ គឺ​ការពារជាតិ មហាផ្ទៃ និង​កិច្ចការ​ព្រំដែន ព្រមទាំង​មាន​សំឡេង​២៥​ភាគរយ​នៃ​សមាជិកសភា​ផង​។​

​យ៉ាងណាក្ដី បំណង​កែ​រដ្ឋធម្មនុញ្ញ​ដើម្បី​បាន​សិទ្ធិ​គ្រប់គ្រង​កងទ័ព ទំនងជា​ក្ដី​ស្រមៃ​ពិបាក​កើតឡើង​ណាស់​។ បើទោះជា​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​មាន​សំឡេង​ភាគច្រើន​នៅ​សភា​ក៏ដោយ បក្ស​នេះ​មិន​អាចធ្វើ​វិសោធនកម្ម​បានឡើយ ព្រោះ​គ្មាន​សំឡេង​គ្រប់​៧៥​ភាគរយ ដែល​ចាំបាច់​ដើម្បី​កែប្រែ ខណៈ​យោធា​មាន​សំឡេង​ចំនួន​២៥​ភាគរយ​ស្រេច​ទៅហើយ​។ ម្យ៉ាងទៀត ការកែ​រដ្ឋធម្មនុញ្ញ​នេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល និង​យោធា​មើលមុខ​មិនត្រូវ​ឡើយ ហើយ​អាច​ប៉ះពាល់​ប្រជាធិបតេយ្យ​ទៀត​៕
 

Tag:
 មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com