អន្តរជាតិ
កូរ៉េខាងត្បូង សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​កដោយ​ជោគជ័យ
06, Apr 2017 , 9:19 pm        
រូបភាព
មីស៊ីល Hyunmoo-2B បាញ់នាពេលកន្លងមក (រូបភាព Yonhap)
មីស៊ីល Hyunmoo-2B បាញ់នាពេលកន្លងមក (រូបភាព Yonhap)
​កូរ៉េខាងត្បូង បានប្រកាស​នៅ​ថ្ងៃទី​៦ ខែមេសា ថា ខ្លួន​បាន​សាកល្បង​ដោយ​ជោគជ័យ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ដែល​អាច​បាញ់​បាន​ចម្ងាយ​៨០០​គីឡូម៉ែត្រ ពោលគឺ​អាច​បាញ់​ដល់​គោលដៅ​គ្រប់ផ្នែក​របស់​កូរ៉េខាងជើង​តែម្ដង​។ នេះ​ជា​ជំហាន​ថ្មី​មួយទៀត​របស់​កូរ៉េខាងត្បូង ក្នុងការ​ត្រៀម​ការពារ​ខ្លួន​ពី​ការវាយប្រហារ​ណាមួយ​ពី​សំណាក់​កូរ៉េខាងជើង​។ មី​ស៊ី​ល​ថ្មី​នេះ គឺជា​ផ្នែក​នៃ​ការអភិវឌ្ឍ​កម្មវិធី​មី​ស៊ី​ល​រវាង​កូរ៉េខាងត្បូង និង​អាមេរិក​។​



​ប្រភពពី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយថា កងទ័ព​កូរ៉េខាងត្បូង​បាន​បាញ់​សាកល្បង​ជោគជ័យ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ប្រភេទ Hyunmoo ដែលមាន​សមត្ថភាព​បា​ញ់​បាន​ចម្ងាយ​៨០០​គីឡូម៉ែត្រ នៅឯ​ទីតាំង​សាកល្បង Anheung របស់​ទីភ្នាក់ងារ​អភិវឌ្ឍ​ប្រព័ន្ធ​ការពារជាតិ​។ រដ្ឋមន្ត្រី​ការពារជាតិ Han Min-koo បាន​ត្រួតពិនិត្យ​ការធ្វើ​តេស្ត​នេះ​ដោយផ្ទាល់ ដោយ​មី​ស៊ី​ល​ត្រូវបាន​បាញ់​ដោយ​មិនមាន​បញ្ហា​ឡើយ ទាំង​ការផ្ទុះ ការហោះហើរ និង​សុ​ក្រិត​ភាពជា​ដើម​។​

​យ៉ាងណាក្ដី ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បែរជា​មិនបាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ទាក់ទង​បញ្ហា​សាកល្បង​នេះ​ទេ​។ ក្នុង​សន្ន​សីទ​កាសែត​ប្រចាំថ្ងៃ អ្នកនាំពាក្យ​ក្រសួងការពារជាតិ Moon Sang-gyun បាន​ត្រឹម​និយាយ​លើកឡើង​ពី​ការអភិវឌ្ឍ​មី​ស៊ី​ល​បាលី​ស្ទិ​ក​អាច​បាញ់​ចម្ងាយ​៨០០​គីឡូម៉ែត្រ និង​មាន​ទម្ងន់​៥០០​គីឡូក្រាម​។ កម្មវិធី​អភិវឌ្ឍ​នេះ ធ្វើឡើង​ស្របតាម​គោលការណ៍​អភិវឌ្ឍ​មី​ស៊ី​ល​រវាង​កូរ៉េខាងត្បូង និង​អាមេរិក​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap កូរ៉េខាងត្បូង និង​អាមេរិក​សម្រេចបាន​កិច្ចព្រមព្រៀង​មួយ​ក្នុង​ឆ្នាំ​២០១២ ដើម្បី​អភិវឌ្ឍ​មី​ស៊ី​ល​កូរ៉េខាងត្បូង​ដែល​អាច​បាញ់​បាន​ចម្ងាយ​៨០០​គីឡូម៉ែត្រ ខណៈ​មី​ស៊ី​ល​ប្រភេទ​នេះ​អាច​បាញ់​បាន​ចម្ងាយ​តែ​៣០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​កាលពីមុន​។ គោលដៅ​នៃ​ការបង្កើន​ចម្ងាយ​នេះ គឺ​គ្មានអ្វី​ក្រៅពី​ការ​ទប់ទល់​ការគំរាមកំហែង​ពី​សំណាក់​កូរ៉េខាងជើង​ឡើយ​។ យ៉ាងណាក្ដី មី​ស៊ី​ល​ប្រភេទ​នេះ មិនទាន់​មានឈ្មោះ​ផ្លូវការ​នៅឡើយ​ទេ​។

​លើសពីនេះ អ្នកនាំពាក្យ​ខាងលើ​ក៏​បញ្ជាក់ដែរថា ពេលវេលា​ត្រូវ​ពង្រាយ​មី​ស៊ី​ល​ថ្មី​នេះ នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ព្រោះ​កំពុងស្ថិត​ក្នុងដំណាក់កាល​អភិវឌ្ឍ​នៅឡើយ​។ ក្នុងករណី​អភិវឌ្ឍ​រួចរាល់​និង​ត្រូវ​ពង្រាយ​នោះ មី​ស៊ី​ល​ថ្មី​នេះ អាច​បាញ់​ដល់​គោលដៅ​ទាំងអស់​នៅ​កូរ៉េខាងជើង​។ ក្រៅពីនេះ ក្រុង​សេ​អ៊ូ​ល​ក៏មាន​មី​ស៊ី​ល​ប្រភេទ Hyunmoo មួយចំនួនទៀត​ដូចជា Hyunmoo-2A អាច​បាញ់​បាន​ចម្ងាយ​ច្រើនជាង​៣០០​គីឡូម៉ែត្រ​, Hyunmoo-2B អាច​បាញ់​បាន​លើស​៥០០​គីឡូម៉ែត្រ និង​មី​ស៊ី​ល Hyunmoo-3 បំពាក់​លើ​នាវា អាច​បាញ់​ចម្ងាយ​១០០០​គីឡូ​មែត្រ​ជាដើម​។​

​ការសាកល្បង​មី​ស៊ី​ល​នេះ ធ្វើឡើង​មួយថ្ងៃ ក្រោយ​កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​មួយ​គ្រាប់​ចេញពី​ទីតាំង​បាញ់​មី​ស៊ី​ល Sinpo ស្ថិតក្នុង​ខេត្ត Hamgyong ។ មី​ស៊ី​លបាញ់​ដោយ​បច្ចេកវិទ្យា​បាលី​ស្ទិ​ក​នេះ និង​បាញ់​នៅ​ថ្ងៃទី​៥ ដោយ​ហោះ​បាន​ចម្ងាយ​ប្រហែល​៦០​គីឡូម៉ែត្រ មុន​ធ្លាក់ចូល​សមុទ្រ​ជប៉ុន​។ មី​ស៊ី​ល​ដែល​បាញ់​នេះ ទំនងជា​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ចម្ងាយ​មធ្យម KN-15 ដែល​គេ​ស្គាល់​ជាទូទៅ​ជា Pukguksong-2 និង​អាច​ហោះ​បាន​កំពស់​១៨៩​គីឡូម៉ែត្រ​៕


Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  Han Min-koo
© រក្សាសិទ្ធិដោយ thmeythmey.com