ជាតិ
សង្គមជាតិ
ពលរដ្ឋ​នៅ​ប៊ូ​ឌី​ញ «​ស​»​ទារថ្លៃផ្ទះ ២​ពាន់​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ តែ​ក្រសួង​បដិសេធ​
07, Apr 2017 , 1:27 pm        
រូបភាព
លោក ជា សុផារ៉ា ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។ រូបថតទំព័រហ្វេសប៊ុកលោក ជា សុផារ៉ា
លោក ជា សុផារ៉ា ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។ រូបថតទំព័រហ្វេសប៊ុកលោក ជា សុផារ៉ា
ដោយ:

​ភ្នំពេញ​៖ ពលរដ្ឋ​រស់នៅក្នុង​អគារ​ប៊ូ​ឌី​ញ​«​ស​» ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់​ពុំទាន់​ទទួលយក​តម្លៃ​ផ្ទះ​ដែលក្រសួង​ដែនដី​បានកំណត់​ពី​ចំនួន​ប្រមាណ ១២០០​ដុល្លារ ដល់​១៣០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​នៅឡើយ ទោះបីជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​លោក ជា សុផារ៉ា បាន​ប្រឹង​ពន្យល់​ពី​តម្លៃ​ទីផ្សារ​ដី​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​ជប៉ុន​អាច​ទទួលយកបាន​ក្តី​។



​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​ចំណាយពេល​ជាង ២​ម៉ោង ជជែក​ពិភាក្សា​ជាមួយ​ពលរដ្ឋ​រស់នៅ​អគារ​ដ៏​ចាស់​ទ្រុឌទ្រោម​ក្នុង​រាជធានី​ភ្នំពេញ​ជិត ៥០០​គ្រួសារ ដើម្បី​រក​ដំណោះស្រាយ​ក្នុងការ​អភិវឌ្ឍ​អគារ នៅ​ថ្ងៃទី​៧ ខែមេសា​នេះ ក្នុង​សាលប្រជុំ​ទីស្តីការក្រសួង​ដែនដី​។ ប៉ុន្តែ ភាគី​ទាំងពីរ​ពុំទាន់​ឯកភាព​តម្លៃ​ផ្ទះ​ដូចគ្នា​នោះទេ​។​

​តំណាង​ពលរដ្ឋ​រស់នៅក្នុង​អគារ​ប៊ូ​ឌី​ញ លោកស្រី ជុំ សុខា ជា​អាជីវករ​លក់ទំនិញ​ចាប់ហួយ បាន​ស្នើសុំ​ក្រសួង​ដែនដី​ឲ្យ​ចរចា​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍ​ដំឡើងថ្លៃ​ផ្ទះ​ពួកគេ​ថែមទៀត ដោយ​លោកស្រី​ទាមទារ តម្លៃ​ជិត ២​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ស្ត្រី​វ័យ ៥១​ឆ្នាំ ដែល​អះអាងថា ខ្លួន​បានរស់នៅ​ក្នុង​អគារ​នេះ តាំងពី​ឆ្នាំ​១៩៨១​រហូតមក​បច្ចុប្បន្ន បាន​និយាយថា ពលរដ្ឋ​ពុំ​អាច​ទទួលយក​តម្លៃ​ផ្ទះ​ពី​ចំនួន ១២៦៣ ដល់​១៣៥០​ដុល្លារ​អាមេរិក​ដែល​ក្រសួង​បាន​ជជែក​ពេលនេះ​ទេ​។ ស្ត្រី​ដែលមាន​កូនប្រុស​ស្រី ក្នុងបន្ទុក​ចំនួន ៦​នាក់​រូបនេះ លើក​ហេតុផល​ថា ពលរដ្ឋ​នឹងមិន​អាច​ទិញ​ផ្ទះ​ថ្មី​សមរម្យបានទេ ប្រសិនបើ​ពួកគេ​ព្រម​ទទួលយក​តម្លៃ​ផ្ទះ​ដែល​ក្រសួង​បានកំណត់​។​

«​ខ្ញុំ​ចង់​ឲ្យ​ឯកឧត្តម​រដ្ឋមន្ត្រី​ជួយ​ដោះស្រាយ​ឲ្យ​យើងខ្ញុំ​អាច​ទិញ​ដី​រស់នៅ​សមរម្យ​ផង​។ សំណង់​អគារ​ខាងក្នុង​មានគុណ​ភាពល្អ ដ្បិត​អគារ​ខាងក្រៅ​ចាស់​ទ្រុឌទ្រោម​ក្តី​។ ពួកគេ​យើង​មិន​បារម្ភ​នឹង​គុណភាព​សំណង់​នេះ​ទេ​។ ឥឡូវនេះ គុណភាព​សំណង់​អគារ​ខ្លះ​ចាញ់​កន្លែង​ហ្នឹង​ផង​»​។ លោកស្រី សុខា ដែលមាន​បន្ទប់ ស្នាក់នៅ​ចំនួន​២​បន្ទប់​ស្មើនឹងទំហំ ៣៥.៥១ ម៉ែត្រការ៉េ ពន្យល់​អ្នកសារព័ត៌មាន​បន្ថែម ក្រោយ​ជជែក​ជាមួយ​លោក ជា សុផារ៉ា ជា​សាធារណៈ​។​

​ដូចគ្នា​ដែរ តំណាង​ពលរដ្ឋ​ម្នាក់ទៀត លោកស្រី ជ័យ រស្មី អាយុប្រមាណ ៦០​ឆ្នាំ បាន​បដិសេធ​ទទួលយក​តម្លៃ​ផ្ទះ​ដែល​ក្រសួង​ដែនដី​ចរចា​ផងដែរ ដោយ​លោកស្រី​លើក​ហេតុផល​ថា លោកស្រី​ពុំ​អា​ចរក​ទិញ​ផ្ទះ​ថ្មី​ដែលមានតម្លៃ​សមរម្យ​នោះទេ ប្រសិនបើ​លោកស្រី​សម្រេច​លក់​ផ្ទះ​ជាង ៣០​ម៉ែត្រការ៉េ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​។​

​លោកស្រី​បានស្នើ​លោក ជា សុផារ៉ា ឲ្យ​ស្នើ​ក្រុមហ៊ុន​ដំឡើងថ្លៃ​ទិញ​ផ្ទះ​តម្លៃ​ជិត ២​ពាន់​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ សម្រាប់​ពលរដ្ឋ​ទាំង ​៤៩៣​គ្រួសារ ដែល​កំពុង​រស់នៅ​លើ​អគារ​ប៊ូ​ឌី​ញ​ស​។ ស្ត្រី​សម្បុ​រស​មាឌ​ក្រអាញ​រូបនេះ និយាយ​ទាំង​ញញឹម​ដូច្នេះ​ថា​៖«​យើង​សង្ឃឹម​ជឿជាក់ថា ឯកឧត្តម ជា សុផារ៉ា នឹង​អាច​ដោះស្រាយ​ជូន​ពួក យើង​។ យើង​សុំ​ត្រឹម​រស់នៅ​ផ្ទះសមរម្យ​ប៉ុណ្ណោះ​»​។ នៅពេល​អ្នកសារព័ត៌មានសួរថា តើ​លោកស្រី​ព្រម​ទទួលយក ការអភិវឌ្ឍ​នៅ​ហ្នឹង​កន្លែង​ដែរឬទេ​? លោកស្រី​តប​ភ្លាមៗ​ថា ពលរដ្ឋ​ភាគច្រើន មិន​ចង់​ទទួលយក​គោលការណ៍​អភិវឌ្ឍ​ហ្នឹង​កន្លែង​នោះទេ ព្រោះ​ពួកគេ​បារម្ភ​ខ្លាច​ការអភិវឌ្ឍ​មិន​ដូច​គម្រោង​កំណត់​។​

​បន្ថែម​លើសពីនេះ តំណាង​ពលរដ្ឋ​ទាំងពីរ​រូបនេះ បាន​ឆ្លៀត​សន្យា​ដូចៗ​គ្នា​ថា ពួកគេ​នឹង​បន្ត​បោះ ឆ្នោត​ជូន​គណបក្សកាន់អំណាច​បច្ចុប្បន្ន នៅ​អាណត្តិ​ក្រោយៗ​ទៀត ប្រសិនបើ​ពួកគេ​អាច​លក់​ផ្ទះ​ក្នុងតម្លៃ​ដែល​ពួកគេ បានទាមទារ​ខាងលើ​។​

​តែយ៉ាងណា ក្រសួង​​ដែនដីពុំទា​ន់​​ទទួលយក​​សំណើពលរដ្ឋ​​ដែល​​ស្នើដំឡើង​​តម្លៃទិញ​​ផ្ទះពួកគេ​​ដល់ ២ពាន់ដុល្លារ​​ក្នុងមួយម៉ែត្រការ៉េ​​​នៅឡើយ។ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី បានបញ្ជាក់​ក្នុង​កិច្ចពិភាក្សា​នៅ​ថ្ងៃនេះ​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​នឹងមិន​ទទួលយក​តម្លៃ​លក់​របស់​ពលរដ្ឋ​ខាងលើ​នោះទេ ដោយ​លោក​លើក​ហេតុផល​ថា វា​ហួស​តម្លៃ​ទីផ្សារ​អចលនវត្ថុ​តំបន​នេះ បច្ចុប្បន្ន​។ «​បងប្អូន​ចង់​បាន​តម្លៃ​ច្រើន​ខ្ពស់​ដូចគ្នា តែ​លើស​ទីផ្សារ​។ និយាយ​ឲ្យ​អស់ គឺ​លក់​អត់​បានតែ​ម្តង​។ តម្លៃ​នេះ​ស្ថិត​ត្រឹម​បន្ទាត់​ក្រហម​»​។ លោក​ទេសរដ្ឋមន្ត្រី ស្នើ​ពលរដ្ឋ​ឲ្យ​ចំណាយពេល​ពិចារណា​បន្តទៀត មុន​បង្ហើប​បន្ថែមថា ក្រុមហ៊ុន​ប្រហែល​អាច​ដំឡើងថ្លៃ​ទិញ​អតិបរមា​ចំនួន ១០០​ដុល្លារ​បន្ថែមទៀត​ប៉ុណ្ណោះ​។

លើសពីនេះ​ទៀត លោក​បាន​បន្ត​ព្រលយ​សម្តី​ថា ក្រុមហ៊ុន​នឹងមិន​ទិញ​ផ្ទះ​របស់​ពលរដ្ឋ​នោះទេ  ប្រសិនបើ​ពួកគេ​លក់​តម្លៃ​ជិត ២​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ​។ តាម​ប្រសាសន៍​លោក ជា សុផារ៉ា ក្រុមហ៊ុន​នឹង​ចំណាយលុយ​ទិញ​ដី​អគារ​ប៊ូ​ឌី​ញ «​ស​»​ប្រមាណ​ពី ២១ ដល់ ២២​លាន​ដុល្លារ​អាមេរិក ស្មើនឹង​ទំហំ​ដី​សរុប​ចំនួន ៦៥៣១​ម៉ែត្រការ៉េ​។​

​តាម​គម្រោង ក្រសួង​រៀបចំ​ដែនដី និង​ក្រុមហ៊ុន​ជប៉ុន Arakawa នឹង​អភិវឌ្ឍ​អគារ​ជាថ្មី​ក្នុង​ទំហំ​ថវិកា​ពី ៧០​លាន​​ទៅ ៨០​លាន​ដុល្លារអាមេរិក នាពេលខាងមុខ​។ ពួកគេ​នឹង​សង់​អគារ​ទំនើប​ថ្មី​មាន​កម្ពស់ ២១​ជាន់ ក្នុងនោះ រួមមាន ទីតាំង​ចំណត​យានយន្ត​មាន​ចំនួន ៣​ជាន់​, កន្លែង​លក់ដូរ​១​ជាន់ បន្ទប់​ស្នាក់​ធំ​ទូលាយ​នៅ ៥​ជាន់ ហើយ​ក្រុមហ៊ុន​ជប៉ុន Arakawa នឹង​ក្លាយជា​កម្មសិទ្ធិ​វិនិយោគ​ចាប់ពី​ជាន់​ទី​៩​ឡើងទៅ​។ ពួកគេ​ត្រូវការ​រយៈពេល​សាងសង់​ជាង ៣​ឆ្នាំ ដោយ​គ្រោង​ចាប់ផ្ដើម​សង់​តាំងពី​ដើមឆ្នាំ​២០១៧​នេះ​មកម្ល៉េះ​។ ប៉ុន្តែ គម្រោង​នេះ​ពុំទាន់​ចេញ​ជា​រូបរាង​នៅឡើយ​មកទល់​បច្ចុប្បន្ន ដោយសារ​ពលរដ្ឋ​ពុំ​អាច​ទទួលយក តម្លៃ​ទិញ​លក់​ផ្ទះ​ពួកគេ​។​

​គួរ​បញ្ជាក់ថា អគារ​ប៊ូ​ឌី​ញ​ស​ដែល​ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមនមានអាយុកាល ៦០ឆ្នាំ គិតចាប់ពី​ការ​សាងសង់​ក្នុង​ឆ្នាំ​​​១៩៦៣ ក្នុង​​សម័យ​​​សង្គ​ម​​​រាស្ត្រ​​និយម​ រហូត​​ដល់​​ឆ្នាំ ​​២០១៧នេះ​​៕



Tag:
 ជា សុផារ៉ា​
  សំណង់​
  អគារ​
  ប៊ូ​ឌី​ញ​
© រក្សាសិទ្ធិដោយ thmeythmey.com