កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករម៉ាឡេស៊ី៣រូបប្រឈមជាប់បម្រាមមួយជីវិតដោយសារកំណត់លទ្ធផលប្រកួត
× គណៈកម្មការប្រឆាំងអំពើពុករលួយនៃប្រទេសម៉ាឡេស៊ី (MACC) អះអាងពីការចាប់ខ្លួនកីឡាករបាល់ទាត់យ៉ាងហោចណាស់៣នាក់នៅក្លិបកំពូលម៉ាឡេស៊ី Malaysia Super League ជុំវិញករណីកំណត់លទ្ធផលទុកមុន។ នេះបើតាមការចុះផ្សាយរបស់វេបសាយ Goal.com។
កីឡាករបាល់ទាត់ទាំង៣រូប ដែល MACC បានចោទប្រកាន់នោះមានអាយុចន្លោះពី២៦ ទៅ២៩ឆ្នាំ ហើយម្នាក់ក្នុងចំណោម៣នាក់នោះជាកីឡាករមកពីក្រៅស្រុក។ អ្នកទាំង៣ត្រូវបានរកឃើញថាបានទទួលប្រាក់សំណូកចន្លោះពី១០០០០-៣០០០០ រីងហ្គីត(លុយម៉ាឡេស៊ី) ប្រហែល ២៣០០ទៅ៦៩០០ដុល្លារអាមេរិកនៅមុនការប្រកួតនៃលីកកំពូលម៉ាឡេស៊ីនេះ។
បើតាម MACC នៅមានកីឡាករជាច្រើនទៀតដែលជាប់ពាក់ព័ន្ធនឹងករណីខុសច្បាប់នេះ ហើយពូកគេនឹងបន្តស៊ើបអង្កេតរហូតឈានដល់ការចាប់ខ្លួន។
«នេះជាការព្រមានទៅដល់អ្នកទាំងអស់គ្នា [កីឡាករ] ដើម្បីបញ្ឈប់រាល់សកម្មភាពមិនស្របច្បាប់ និងមានការកែប្រែល្អឡើងវិញ»។ នេះជាការលើកឡើងរបស់អនុប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ីលោក Datuk Azam Baki។
លោកបានព្រមានបន្ថែមថា៖«នៅមានកីឡាករមួយចំនួនដែល MACC មិនទាន់រកឃើញ ប៉ុន្តែបើសិនជាយើងរកឃើញក្រោយពីធ្វើការស៊ើបអង្កេតនោះ អាចនឹងមានលទ្ធផលរហូតជាប់បម្រាមមួយជីវិត»។
សូមបញ្ជាក់ថា កាលពីខែកុម្ភះកន្លងទៅក៏មានការដាក់ពិន័យលើមន្ត្រី កីឡាករ និងអតីតកីឡាករចំនួន២២នាក់ ដែលក្នុងនោះក៏មានកម្ពុជា២រូបផងដែរ មិនឲ្យចូលរួមក្នុងសកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត។ គណៈកម្មាធិការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បញ្ជាក់ថា បុគ្គលទាំង២២រូបនោះ ជាប់ពាក់ព័ន្ធនឹងការកំណត់លទ្ធផលប្រកួតនៃក្រុមតំណាងនានារបស់ឡាវ និងក្លិប Lao Toyota FC៕
Tag:
បាល់ទាត់
កំណត់លទ្ធផលទុកមុន
MACC
© រក្សាសិទ្ធិដោយ thmeythmey.com