ម្ចាស់ជើងឯក World Cup ៥សម័យកាល ប្រេស៊ីលបានឡើងទៅឈរនៅកំពូលតារាងនៃចំណាត់ថ្នាក់ពិភព លោក FIFA Ranking បន្ទាប់ពីអាក់ខាន៧ឆ្នាំមក។ សម្រាប់កម្ពុជានៅរក្សាចំណាត់ថ្នាក់ទី១៧៣រយៈពេល២ខែជាប់ៗគ្នា ខណៈហ្វីលីពីនឡើងទៅលេខ១២៧ពិភពលោក និងឈរនៅចំណាត់ថ្នាក់លេខ១នៅតំបន់អាស៊ាន។
ក្រោមការដឹកនាំរបស់លោក Adenor Leonardo Bacchi ដែលគេស្គាល់ថា Tite ក្រុមសាំបាប្រេស៊ីលឈ្នះរហូតដល់៩ប្រកួតចុងក្រោយ ក្នុងនោះ៨ប្រកួត ឈ្នះពីការប្រកួតជម្រុះ World Cup។ ក្រុមដែលស្ថិតក្នុងតំបន់អាមេរិកឡាទីននេះ ក្លាយជាក្រុមទី១ដែលអាចឈានទៅប្រកួតពានរង្វាន់ពិភពលោក World Cup ឆ្នាំ២០១៧ នៅរុស្ស៊ីដោយស្វ័យប្រវត្តិ ក្រោយឈ្នះក្រុមអ៊ុយរូហ្គាយ៤-១ និងប៉ារ៉ាហ្គាយ៣-០ មាន៣៣ពិន្ទុ នាំមុខក្រុមចំណាត់ថ្នាក់លេខ២រហូតដល់៩ពិន្ទុនៃវគ្គជម្រុះក្នុងតំបន់អាមេរិកខាងត្បូង។
ជ័យជំនះទាំង៩ប្រកួតចុងក្រោយ បាននាំអោយប្រេស៊ីលរំកិលខ្លួនទៅឈរនៅចំណាត់ថ្នាក់លេខ១ពិភពលោក FIFA Ranking ជំនួសក្រុមអាហ្សង់ទីនវិញ ក្រោយអាក់ខានជិត៧មកហើយ។
សម្រាប់ចំណាត់ថ្នាក់នៅអាស៊ានវិញ កម្ពុជាអាចរក្សាលេខរៀង១៧៣របស់ខ្លួនឲ្យនៅដដែល បើទោះបីជាពួកគេបានចាញ់ពីរប្រកួតចុងក្រោយនេះក៏ដោយ។ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Leonardo Vitorino កម្ពុជា បានចាញ់ឥណ្ឌា ៣-២ នាជំនួបមិត្តភាពអន្តរជាតិ ហើយបន្តចាញ់ហ្ស៊កដានី ៧-០ នាការប្រកួតវគ្គជម្រុះពូល C នៃពានរង្វាន់ AFC Asian Cup។