ជាតិ
សេដ្ឋកិច្ច
សណ្ឋាគារ និង​ផ្ទះសំណាក់​ខ្លះ​នៅ​សៀមរាប​ត្រៀម​ឡើងថ្លៃ
10, Apr 2017 , 8:39 am        
រូបភាព
សៀមរាប​៖ ជាទូទៅ​ទៅហើយ ដែល​សណ្ឋាគារ ផ្ទះសំណាក់ ឫ​អាហារ​ដ្ឋា​ន​មួយចំនួន ឆ្លៀត​ដំឡើងថ្លៃ អំឡុងពេល​មាន​ពិធីបុណ្យ​ទាន​ម្តងៗ​។ តួយ៉ាង ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដែល​រៀបចំ​ធ្វើ​នៅ​ខេត្តសៀមរាប បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាច្រើន​ឲ្យ​មក​កម្សាន្ត​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ​។ ក្នុងអំឡុង​ពេលនេះ ផ្ទះសំណាក់ សណ្ឋាគារ​មួយចំនួន បាន​ដំឡើងថ្លៃ​សេវា​របស់ខ្លួន ដែល​ខ្លះ​ដំឡើង​រហូត​ទៅមួយ​ទ្វេ​ជា​ពីរ​ក៏មាន​។​

 
​ហេតុអ្វី​បានជា​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ ដំឡើងថ្លៃ​យ៉ាង​ដូច្នេះ​? សំណួរ​នេះ មិន​ពិបាក​រក​ចម្លើយ​នោះទេ​។ ពួកគេ​យល់ថា នេះ​ជា​ឳ​កាស​មាសឳ​កាស​ប្រាក់​សម្រាប់​ពួកគេ ដែល​មិនមាន​ច្រើន​ទេ​ក្នុង​មួយឆ្នាំៗ​។ ជាក់ស្តែង​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី ក៏ដូចជា​កម្មវិធី​អង្គរ​សង្ក្រាន្ត គឺមាន​ទេសចរ​ច្រើន​មក​ដើរ​កម្សាន្ត ហើយ​វា​ជា​ពេលវេលា​ដែល​ស័ក្តិសម​សម្រាប់​ការដំឡើងថ្លៃ​នេះ​។​
 
​ជាការ​ពិតណាស់ សេវាកម្ម​បន្ទប់​ស្នាក់​នៅក្នុង​ខេត្តសៀមរាប​មិនទាន់​បំពេញ​តាម​តម្រូវការ​ជាក់ស្តែង​នៅឡើយ ជាពិសេស​ពេល​មាន​បុណ្យទាន​សំខាន់ៗ​។ វា​ជា​មូលហេតុ​មួយ ក្នុងចំណោម​ហេតុផល​ច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងនោះ គិតថា​ការដំឡើងថ្លៃ​ជា​រឿង​មួយ​ដែល​ត្រឹមត្រូវ ហើយ​ភ្ញៀវ​គ្មាន​ជម្រើស​នោះទេ​។​
 
​ផ្ទះសំណាក់​យីហោ ម៉ី គួ​យ ដែលមាន​ទីតាំងនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប បាន​ឡើងថ្លៃ​មួយ​ទ្វេ​ជា​ពីរ​។ បន្ទប់​កង្ហា គ្រែ​ពីរ ពី​តម្លៃ​៨​ដុល្លារ ឡើងដល់ ១៥​ដុល្លារ អំឡុងពេល​ចូលឆ្នាំ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​បុគ្គលិក​ផ្ទះសំណាក់ ម៉ី គួ​យ ដែលមាន​ថៅកែ​ជា​ជនបរទេស​។​
 
​ចំណែក​សណ្ឋាគារ​យី​យោ ៣០៦ នោះ​វិញ អ្នកគ្រប់គ្រង​បាន​និយាយថា គេ​សម្រេច​ដំឡើងថ្លៃ​៥​ដុល្លារ​លើ​តម្លៃ​ចាស់​។ អ្នកគ្រប់គ្រង​ប្រាប់​ពី​ហេតុផល​ថា តម្លៃ​ទាំងនោះ​ថ្នាក់​គ្រប់គ្រង​យកទៅ​ជួល​បុគ្គលិក​ដែល​ធ្វើការ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​។​
 
​ដោយឡែក​សណ្ឋាគារ ហ៊ីល​ឡក់ (Hillocks Hotel and spa) នោះ​វិញ អ្នកគ្រប់គ្រង​ទូទៅ​បាន​និយាយថា គេ​បាន​លក់​កម្មវិធី​ប្រូ​មូ​សិន​ពិសេស ដោយនៅ​រក្សា​តម្លៃ​ដដែល​។ អ្វីដែល​កត់សម្គាល់​នោះ គឺថា​មានការ​បញ្ជា​កក់​ពេញ នៅមុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ទៅទៀត​៕
 
 
 

Tag:
 អង្គរ​សង្ក្រាន្ត​២០១៧
© រក្សាសិទ្ធិដោយ thmeythmey.com