សង្គមជាតិ
សេដ្ឋកិច្ច
ចូលឆ្នាំ​៖ ពលរដ្ឋ​ខ្មែរ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​«​អ្នកមាន​»​កាន់តែច្រើន​
09, Apr 2017 , 4:40 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​ត្រៀម​អបអរសាទរ​ពិធីបុណ្យ​ប្រពៃណី​នេះ​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅតាម​បណ្តា​ខេត្ត​នានា​។  តែ​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ផ្សេងទៀត​ត្រៀម​ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅក្រៅ​ប្រទេស​។ ជាការ​កត់សម្គាល់ ពលរដ្ឋ​ខ្មែរ​មួយចំនួន​មិនមែន​ធ្វើដំណើរ​ទៅកាន់​ប្រទេសជិតខាង​កម្ពុជា​ទៀត​ទេ តែ​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​អ្នកមាន ដូចជា ប្រទេស​ចិនប្រជាមានិត កោះ​តៃវ៉ាន់ ជប៉ុន បារាំង អូស្ត្រាលី និង​ម​ជ្ឈឹ​ម​ប្រទេស​។​ល​។

 
​កាលពី​១០​ឆ្នាំមុន ពលរដ្ឋ​ខ្មែរ​ដែលមាន​ជីវភាព​ធូរធារ​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេសជិតខាង​កម្ពុជា ដូចជា ប្រទេស​វៀតណាម ថៃ ម៉ាឡេស៊ី សឹង្ហ​បុរី​។ តែ​នៅពេលនេះ និន្នាការ​ត្រូវបាន​ផ្លាស់ប្តូរ​បន្តិច​។ 
 
​អ្នក​ដែល​ធ្លាប់​ទស្សនា​ប្រទេស​ទាំងនោះ​ហើយ ពួកគេ​បាន​ផ្លាស់ប្តូរ​ទីកន្លែង​ទេសចរណ៍​ដោយ​បែរ​ទៅរក​តំបន់​ទេសចរណ៍​ថ្មី ដូចជា កោះ​តៃវ៉ាន់ ប្រទេស​ចិន ហុងកុង អឺរ៉ុប អូស្ត្រាលី ប្រទេស​ជប៉ុន ប្រទេស​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ជាពិសេស ប្រទេស​អា​រ៉ា​ប៊ី សាវ​អូឌីត​។ អ្នក​ដែល​ធ្វើដំណើរ​ដំបូង នៅតែ​បន្ត​ធ្វើដំណើរ​ទៅកាន់​ប្រទេសជិតខាង​ដដែល​។ លោក កឹម បូរី​វ៉ា​ត់ ដែល​ត្រៀម​ចេញដំណើរ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី សឹង្ហ​បុរី និង​ប្រទេស​ប្រ៊ុយណេ​នៅក្នុង​អំឡុង​បុណ្យចូលឆ្នាំ​នេះ បាន​និយាយថា ប្រទេស​ក្នុង​តំបន់​លោក​បាន​ស្គាល់​ស្ទើរ​អស់ហើយ តែ​នៅសល់​ប្រទេស​ប្រ៊ុយណេ​មួយទៀត ដូច្នេះហើយ​ទើប​នៅពេល​បុណ្យចូលឆ្នាំ​នេះ លោក និង​មិត្តភក្តិ​លោក​សម្រេចចិត្ត​នាំគ្នា​ទៅ​ទស្សនា​ប្រទេស ប្រ៊ុយណេ ដោយ​ឈាង​ចូល​ទស្សនា​ប្រទេស ម៉ាឡេស៊ី និង​ប្រទេស សឹង្ហ​បុរី ម្តងទៀត​ផងដែរ​។ 
 
​ស្ត្រី​មា្ន​ក់​ដែល​ត្រៀម​ចេញដំណើរ​ទៅកាន់​ប្រទេស អា​រ៉ា​ប៊ី សាវ​អូឌីត ហើយ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​និយាយ​ប្រាប់ថា អ្នកស្រី​ចំណាយ​ជិត​៣​ពាន់​ដុល្លារ​ជាមួយ​ស្វាមី​ដើម្បី​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​អា​រ៉ា​ប៊ី សាវ​អូឌីត​។ អ្នកស្រី​បញ្ជាក់​យ៉ាងខ្លី​ថា​៖«​ធ្វើការ​ច្រើន​ហើយ ដូច្នេះ​ខ្ញុំ​ចង់​លម្ហែរ​កាយ​ម្តង​»​។ 
 
​លោក អាំង គីម​អ៊ាង អតីត​ប្រធាន​សមាគម​នៃ​ទីភ្នាក់ងារ​ទេសចរណ៍​បានកត់សម្គាល់​ឃើញថា ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើនឡើង​បន្តធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថ្មីៗ និង​ជា​ប្រទេស​អភិវឌ្ឍន៍​។ ចរន្ត​នេះ​បង្ហាញថា ជីវភាព​របស់​ពលរ​ដ្ឋ​ខ្មែរ​កាន់តែ​ប្រសើរ ហើយ​ម្យ៉ាងទៀត វា​បង្ហាញថា ការគិត​របស់​ពលរ​ដ្ឋ​លើ​តម្លៃ​ជីវិត​កាន់តែ​ស៊ីវីល័យ​។ 
 
​តួលេខ​មួយចំនួន​បាន​បង្ហាញថា ពលរដ្ឋ​ខ្មែរ​ជាង​១​លាន​នាក់​បានធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ជា​រៀងរាល់ឆ្នាំ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com