ជាតិ
សង្គមជាតិ
ភូមិ​បង្អែម​នៃ​ក្តី​ស្រឡាញ់​ឆ្នាំនេះ​មាន​នំ​៦​មុខ​សម្រាប់​ចែក​ពិសា​ដោយសេរី​
10, Apr 2017 , 9:19 am        
រូបភាព
សៀមរាប​៖ «​ភូមិ​បង្អែម​នៃ​ក្តី​ស្រឡាញ់​» គឺជា​ឈ្មោះ​ភូមិ​មួយ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧​។ អ្វីដែល​ពិសេស​នោះ គឺថា​នៅ​ឆ្នាំនេះ​ភូមិ​មួយ​នេះ​បាន​ត្រៀម​ធ្វើ​មុខ​បង្អែម​ខ្មែរ​រហូតដល់​ទៅ​៦​មុខ សម្រាប់​ចែកជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​ភ្លក់​ដោយ​សេរី ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។​


 
​បើតាម​ការ​ឲ្យ​ដឹង​ពី​អនុប្រធាន​ភូមិ​បង្អែម​នៃ​ក្តី​ស្រឡាញ់ មុខ​បង្អែម​ទាំង​៦​មុខ​ដែល​ត្រៀម​ធ្វើ​នោះ​រួមមាន នំ​គ នំល្ពៅ​បុក នំអាកោ​ខ្ទិះ នំអាកោត្នោត នំក្រូច និង​នំអន្សមខ្នុរ​។ លោក ឡុង ប៊ុន​ហោ បាន​ឲ្យ​ដឹងថា គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​នេះ គឺ​ដោយសារ​ចង់​ចែករំលែក​មុខ​បង្អែម​ខ្មែរ​ឲ្យ​បាន​ច្រើន​មុខ ដល់​ភ្ញៀវទេសចរ​ជាតិ ក៏ដូចជា​អន្តរជាតិ​បានដឹង និង​ស្គាល់​រសជាតិ​នៃ​បង្អែម​ទាំងនោះ​។​
 
​លោក​អនុ​ប្រធានភូមិ​ក៏បាន​ឲ្យ​ដឹង​ទៀតថា កម្មវិធី​ខាងលើ​គឺមាន​កិច្ចសហការ​ជាមួយ​សមាគម​ចុងភៅ​កម្ពុជា ដែល​ក្នុងនោះ​នឹងមាន​ចុងភៅ​ប្រមាណ​ពី​២៥​នាក់​ទៅ​៣០​នាក់ នឹងចូលរួម​ចម្អិន​បង្អែម​។ លោក​បញ្ជាក់ទៀតថា​៖« សម្រាប់​មុខ​បង្អែម​ទាំង​៦​មុខ ដែល​យើង​ត្រៀម​សម្រាប់​ចូល​ពិសា​ដល់​សេរី​នេះ គឺ​យើង​បាន​ត្រៀម​ក្នុង​មួយ​មុខ​ចន្លោះ​ពី​៣០​ទៅ​៥០​គីឡូ​ក្នុង​មួយថ្ងៃ​»​។
​លោក​បន្ថែមទៀតថា ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ អាច​ចូលរួម​កម្សាន្ត​ក្នុងភូមិ​បង្អែម​បាន ដោយមាន​រៀបចំ​ជា​រោង​កញ្ចុះ​ជា​រង្វង់​មូល ងាយស្រួល​ដល់​ការដើរ​ភ្លក់​បង្អែម​។ ក្រៅពី​ចូល​ភ្លក់​បង្អែម​ដោយ​សេរី​ហើយ​នោះ នៅក្នុង​បរិវេណ​ភូមិ​បង្អែម​ក៏មាន​រោង​មួយផ្នែក​ទៀត​របស់​អាជីវ​ក​ដែល​នឹងធ្វើ​មុខ​បង្អែម​ចំនួន ២០​មុខ​ទៀត សម្រាប់​លក់​ដល់​ភ្ញៀវ​ផងដែរ​។​
 
​គួររម្លឹកថា កាលពី​ឆ្នាំទៅ ភូមិ​បង្អែម​នៃ​ក្តី​ស្រឡាញ់​បានរៀបចំ​កម្មវិធី​ចម្អិន​បង្អែម​ចំនួន​២​មុខ សម្រាប់​ចែកជូន​ដល់​ភ្ញៀវទេសចរ​ចូល​ភ្លក់​ដោយ​សេរី​។ មុខ​បង្អែម​ទាំងនោះ​មាន​នំផ្លែអាយ និង​នំ​ត្រៀបបាយ ហើយ​ក្នុងនោះ​ក៏មាន​វត្តមាន​ភរិយា​សម្តេច ហ៊ុន សែន ចូលធ្វើ​នំ​ចែកជូន​ភ្ញៀវ​ពិសា​ផងដែរ​។​
 
​ដោយឡែក​សម្រាប់​ឆ្នាំនេះ មិនមាន​ការប្រកួត​ធ្វើ​នំ​ដូច​ឆ្នាំទៅ​មិញ​ទេ​។ នេះ​បើតាម​ការបញ្ជាក់​ពី​អនុ​ប្រធានភូមិ មុននឹង​លោក​ប្រាប់​ពី​ពេលវេលា​នៃ​ដំណើរ​ភូមិ​បង្អែម ដោយពេល​ព្រឹក​ចាប់ពី​ម៉ោង​៩ ដល់​ម៉ោង​១១​កន្លះ និង​ពេល​រសៀល​ចាប់ពី​ម៉ោង ២ ដល់​ម៉ោង​៧​យប់​៕

Tag:
 បង្អែម​
  អង្គរ​សង្ក្រាន្ត​២០១៧
© រក្សាសិទ្ធិដោយ thmeythmey.com