អន្តរជាតិ
ចិន បញ្ជូនប្រេសិតចរចានុយក្លេអ៊ែរទៅកាន់កូរ៉េខាងត្បូង ប្រេសិតចរចានុយក្លេអ៊ែររបស់ចិន Wu Dawei (រូបភាព CRI.cn)
× ប្រេសិតចរចានុយក្លេអ៊ែររបស់ចិន បានទៅដល់កូរ៉េខាងត្បូងនៅថ្ងៃទី១០ ខែមេសា ដើម្បីពិភាក្សាបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង។ លោក Wu Dawei នឹងជួបជាមួយសមភាគីកូរ៉េខាងត្បូង និងបេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូងផងដែរ។ ក្រៅពីស្ទាបស្ទង់ជំហរកូរ៉េខាងត្បូងលើបញ្ហានុយក្លេអ៊ែរនេះ ប្រេសិតរបស់ចិន ក៏ទំនងជាលើកឡើងពីការជំទាស់ដាច់អហង្ការរបស់ចិនលើការពង្រាយប្រព័ន្ធការពារអាកាស (THAAD) នៅកូរ៉េខាងត្បូងទៀតផង។
ចិន បានបញ្ជូនប្រេសិតចរចានុយក្លេអ៊ែររបស់ខ្លួនទៅកាន់កូរ៉េខាងត្បូង ដើម្បីជជែករឿងនុយក្លេអ៊ែរ និងសាកសួរជំហររបស់រដ្ឋាភិបាលក្រុងសេអ៊ូលលើបញ្ហានេះ ខណៈអាមេរិកគំរាមវាយកូរ៉េខាងជើងដោយមិនប្រកាសមុន។ ចិន មិនសូវស្រួលចិត្តឡើយ ពេលអាមេរិកគំរាមប្រើយោធា ទើបបញ្ជូនមន្ត្រីទៅស្ទាបស្ទង់ចិត្តកូរ៉េខាងត្បូងសិន ដ្បិតអាមេរិកក៏បានដាក់សម្ពាធកាន់ខ្លាំងលើចិនឲ្យជួយដោះស្រាយបញ្ហាកូរ៉េខាងជើងនេះ។ ប៉េកាំង ចង់ដឹងថាសេអ៊ូលអាចចូលដៃជាមួយវ៉ាស៊ីនតោនដើម្បីវាយព្យុងយ៉ាងឬអត់។
យ៉ាងណាក្ដី នៅថ្ងៃទី១០ ខែមេសា អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េនិយាយថា កូរ៉េខាងត្បូង មិនចូលរួមជាមួយអាមេរិកដើម្បីធ្វើសង្គ្រាមប្រឆាំងកូរ៉េខាងជើងទេ។ កូរ៉េខាងត្បូង នឹងបន្តប្រើប្រាស់ផ្លូវត្រជាក់ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងដោយសន្តិវិធី ហើយអាមេរិកក៏ទំនងគាំទ្រជំហរនេះដែរ។ ម្យ៉ាងទៀត កូរ៉េខាងត្បូង អាចបន្តប្រើយន្តការដាក់ទណ្ឌកម្មលើបងប្អូនឯងជាជាងប្រយុទ្ធគ្នា ដោយសម្អាងហេតុផលរក្សាសន្តិភាពក្នុងតំបន់
និយាយឲ្យខ្លី កូរ៉េខាងត្បូង ឬអាចរាប់ទាំងជប៉ុន មិនចង់ធ្វើសង្គ្រាមជាមួយកូរ៉េខាងជើងទេ ព្រោះបើផ្ទុះសង្គ្រាម កូរ៉េខាងត្បូង និងជប៉ុនដែលនៅមិនឆ្ងាយពីកូរ៉េខាងជើង ច្បាស់ជារងគ្រោះធ្ងន់ធ្ងរដោយសារមីស៊ីលមិនខាន។ បើកូរ៉េខាងត្បូងពិតជាមានជំហរបែបនេះមែន ចិនប្រាកដជាធូរចិត្តមិនខាន ព្រោះអាមេរិកមិនអាចវាយកូរ៉េខាងជើងដោយគ្មានជំនួយពីកូរ៉េខាងត្បូង និងជប៉ុនទេ។ នេះក៏មានន័យថាចលាចលក្បែររបងផ្ទះរបស់ចិនដែរ។
ងាកមកទស្សនកិច្ចរបស់លោក Wu Dawei វិញ ក្រៅពីនិយាយរឿងនុយក្លេអ៊ែរនោះ លោកក៏ជួបបេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូងដែរ។ គេមិនទាន់ដឹងច្បាស់ពីគោលបំណងនៃជំនួបនេះទេ តែទំនងជាគ្មានអ្វីក្រៅពីការចង់ដឹងជំហររបស់បេក្ខជនទាំងនោះលើទំនាក់ទំនងចិន និងកូរ៉េខាងត្បូង មុនការបោះឆ្នោតប្រធានាធិបតីមកដល់។ លោក Moon Jae-in ជាបេក្ខជនមានភាគរយខ្ពស់ក្នុងការដណ្ដើមកៅអីប្រធានាធិបតី មិនយល់ស្របការពង្រាយខែលការពារ THAAD របស់អាមេរិកឡើយ។
ទស្សនកិច្ចរបស់លោក Wu ជាតំណាងពិសេសទទួលបន្ទុកកិច្ចការឧបទ្វីបកូរ៉េ ធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយប្រធានាធិបតី ស៊ី ជីនភីង ជួបលោក ដូណាល់ ត្រាំ ដែលកូរ៉េខាងជើងក៏ជាប្រធានបទក្ដៅដែរ។ ខណៈកំពុងជួបសមភាគីចិន លោក ត្រាំ បែរជាបញ្ជាឲ្យបាញ់មីស៊ីល៥៩គ្រាប់ដាក់ស៊ីរីទៅវិញ។ នេះជាសញ្ញាបង្ហាញថា អាមេរិកត្រៀមចាត់វិធានការតែឯង បើចិនមិនជួយទេនោះ។ ដោយរងសម្ពាធខ្លាំងពីអាមេរិក ព្រមគ្នានឹងចរិតមិនទៀតរបស់លោក ត្រាំ ចិនក៏ត្រូវធ្វើសកម្មភាពខ្លះដើម្បីកុំឲ្យកូរ៉េខាងជើងអុងអាត់ខ្លាំងពេក៕
Tag:
ចិន
ឧបទ្វីបកូរ៉េ
អាមេរិក
នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com