អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នៅ​អាស៊ាន កូរ៉េខាងជើង​អត់​មាន​ស្ថានទូត​នៅ​ព្រុយ​ណេ​និង​ហ្វីលីពីន​ឡើយ
15, Apr 2017 , 10:00 pm        
រូបភាព
ស្ថានទូតកូរ៉េខាងជើងប្រចាំម៉ាឡេស៊ី (រូបភាព The Strait Times)
ស្ថានទូតកូរ៉េខាងជើងប្រចាំម៉ាឡេស៊ី (រូបភាព The Strait Times)
​នរណា​ក៏​ដឹង​ដែរ​ថា កូរ៉េខាងជើង ជា​រដ្ឋ​ឯកោ​មិនសូវមាន​រាប់រក​ឡើយ ព្រោះ​ប្រទេស​នេះ​តែង​ធ្វើ​សកម្មភាព​ល្មើសច្បាប់​អន្តរជាតិ​ដូចជា​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជាដើម​។ មិនមាន​ប្រទេស​ច្រើន​ឡើយ នៅមាន​ចំណង​ការទូត​ជាមួយ​រដ្ឋ​កុម្មុយនីស្ត​ក្រីក្រ​មួយ​នេះ ហើយ​ម្យ៉ាងទៀត ប្រទេស​ដែល​នៅ​ធ្វើ​មិត្ត​ជាមួយ​កូរ៉េខាងជើង ច្រើន​ជា​ប្រទេស​ធ្លាប់មាន​ដែល​ទំនង​យូរអង្វែង​មកហើយ​។ ក្នុងចំណោម​ប្រទេស​ជា​មិត្ត​របស់ខ្លួន​ទាំងអស់ គេ​សង្កេតឃើញ​មាន​រដ្ឋ​សមាជិក​អាស៊ាន​ភាគច្រើន​ដែរ​។​



​បើទោះជា​កូរ៉េខាងជើង ជា​រដ្ឋ​ក្បាលរឹង មិន​ស្ដាប់​នរណា និង​តែង​ធ្វើ​សកម្មភាព​បង្ករឿង​ក្ដី ក៏​ប្រទេស​នេះ​នៅមាន​មិត្ត​ច្រើន​ដែរ ជាពិសេស​រដ្ឋ​សមាជិក​អាស៊ាន​តែម្ដង​។ ក្នុងចំណោម​ប្រទេស​ចំនួន​២៤​មាន​ស្ថានទូត​នៅ​កូរ៉េខាងជើង ប្រទេស​អាស៊ាន​៥ ក៏​ស្ថិត​ក្នុងចំណោម​នោះដែរ រួមមាន​កម្ពុជា​, ឥណ្ឌូណេស៊ី​, ម៉ាឡេស៊ី​, ឡាវ និង​វៀតណាម​។

​ចំណែក​នៅ​អាស៊ាន កូរ៉េខាងជើង​បានដាក់​ស្ថានទូត​របស់ខ្លួន​នៅ​រដ្ឋ​សមាជិក​ចំនួន​៨ លើកលែង​ព្រុយ​ណេ និង​ហ្វី​លី​ពី​ប៉ុណ្ណោះ​។ ប៉ុន្តែ​ស្ថានទូត​កូរ៉េខាងជើង​ទាំងនោះ តែង​ត្រូវ​បានដាក់​ក្រោម​ការតាមដាន​ជាពិសេស ដ្បិត​កូរ៉េខាងជើង​រង​ការចោទប្រកាន់ថា​បាន​ប្រើប្រាស់​ទីតាំង​ស្ថានទូត​របស់ខ្លួន ដើម្បី​រកប្រាក់​បំពេញ​ហោប៉ៅ​ជាតិ​របស់ខ្លួន ដែល​កំពុង​ខ្សត់​ប្រាក់​ដោយសារ​ការ​រាំងខ្ទប់​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ​។​

​កូរ៉េខាងជើង ឲ្យ​តម្លៃ​ខ្លាំង​លើ​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​អាច​យក​តំបន់​នេះ​ជា​ដង្ហើម​ការទូត​ទៀតផង ព្រោះ​កូរ៉េខាងជើង ក៏​ជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​មួយ​ដែរ​។ បើ​និយាយ​ពី​រឿង​នយោបាយ កូរ៉េខាងជើង​ផ្ដល់​សារៈសំខាន់​ខ្លាំង​លើ​វៀតណាម និង​ឥណ្ឌូណេស៊ី ព្រោះ​កូរ៉េខាងជើង​យល់ថា ប្រទេស​ទាំង​២​នេះ ជា​រដ្ឋ​ធំ​មាន​ឥទ្ធិពល​នយោបាយ​លើ​រដ្ឋ​សមាជិក​ផ្សេងទៀត​។ គេ​ត្រូវ​ចាំ​ថា ឥណ្ឌូណេស៊ី អាច​ចាត់ទុកជា​បងធំ​របស់​អាស៊ាន​ផងដែរ​។

​បើ​និយាយ​ក្នុង​រឿង​សេដ្ឋកិច្ច សិង្ហ​បុរី និង​ថៃ គឺជា​គោលដៅ​ចម្បង​នៃ​ការធ្វើទំនាក់ទំនង​ពាណិជ្ជកម្ម​តែម្ដង​។ កូរ៉េខាងជើង បាន​ចូល​សម្ភារ​ជាច្រើន​មុខ​ពី​ប្រទេស​ទាំង​២​នេះ ដូចជា​គ្រឿង​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ឧបករណ៍​អេឡិចត្រូនិក​ជាដើម​។ កាលពី​ឆ្នាំ​២០១៥ សិង្ហ​បុរី​បាន​នាំចេញ​ផលិតផល​ជាច្រើន​ទៅកាន់​កូរ៉េខាងជើង​ក្នុងតម្លៃ​ជាង​២៨​លាន​ដុល្លារ ខណៈ​ថៃ​នាំចេញ​ផលិតផល​ដែលមាន​តម្លៃ​ជាង​៧៣​លាន​ដុល្លារ​ដូចជា​ត្រី សាច់ និង​ផលិតផល​កៅស៊ូ​។​

​ប៉ុន្តែ​ទង្វើ​ព្រហើន​នា​រយៈពេល​ចុងក្រោយ ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​រដ្ឋ​ក្រីក្រ​មួយ​នេះ​ជាមួយ​រដ្ឋ​សមាជិក​អាស៊ាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ ការធ្វើ​តេស្ត​នុយក្លេអ៊ែរ និង​ឃាតកម្ម​លើ​លោក គីម ជុង​អ៊ុន បងប្រុស​ម្ដាយ​ទីទៃ​របស់លោក គីម ជុង​អ៊ុន ធ្វើ​ឲ្យ​មិត្ត​របស់​កូរ៉េខាងជើង​នៅ​អាស៊ីអាគ្នេយ៍​ឃ្នើសចិត្ត​យ៉ាងខ្លាំង​។ ជុំវិញ​រឿង​នុយក្លេអ៊ែរ រដ្ឋ​អាស៊ាន ក៏​រួមគ្នា​រិះគន់​កូរ៉េខាងជើង​ខ្លាំងៗ​ដែរ ហើយ​ទទូច​ឲ្យ​ប្រទេស​នេះ​បញ្ឈប់​មហិច្ឆតា​នុយក្លេអ៊ែរ និង​បង្វែរ​លុយ​នេះ​ទៅ​ជួយ​ប្រជាជន​វិញ​៕


Tag:
 អាស៊ាន​
 ​កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com