ជាតិ
សង្គមជាតិ
កម្មការិនី​សំណង់​ម្នាក់ បានស្លាប់ ដោយសារ​ធ្លាក់​ពីលើ​អគារ​កម្ពស់​បួន​ជាន់​
11, Apr 2017 , 7:48 pm        
រូបភាព
កម្មការិនីសំណង់ លាង សុខហេង ឈរនៅពីមុខការដ្ឋាន​សំណង់​សង់ផ្ទះ​ល្វែង​ ជាកន្លែងដែលនាងធ្វើការ។
កម្មការិនីសំណង់ លាង សុខហេង ឈរនៅពីមុខការដ្ឋាន​សំណង់​សង់ផ្ទះ​ល្វែង​ ជាកន្លែងដែលនាងធ្វើការ។
ភ្នំពេញ៖ ​កម្មការិនី​សំណង់​ម្នាក់ ឈ្មោះ លាង សុខ​ហេង អាយុ​១៨​ឆ្នាំ បាន​បាត់​បង់ជីវិត ដោយសារតែ​ធ្លាក់​ពីលើ​អគារ​កម្ពស់​បួន​ជាន់ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៧​នេះ ខណៈ​នាង​កំពុងតែធ្វើការ​។ នេះ​បើតាម​កម្មការិនី​ម្នាក់ ដែលជា​អ្នកធ្វើការ​ជាមួយ សុខ​ហេង ក្នុង​ការដ្ឋាន​សំណង់​សង់ផ្ទះ​ល្វែង​មួយ ស្ថិតនៅ​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។



​កម្មការិនី ដែល​មិន​បញ្ចេញ​ឈ្មោះ​រូបនោះ បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ថ្មីៗ ដែល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ថា នៅពេល​ធ្លាក់​ពីលើ​អគារ​ភ្លាមៗ សុខ​ហេង មិនទាន់​ស្លាប់​នោះទេ ហើយក៏​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​។ កម្មការិនី​ខាងលើ បញ្ជាក់ថា សុខ​ហេង ទើបតែនឹង​ស្លាប់ នៅពេល​ព្រលប់ ក្នុងថ្ងៃនេះ​។

​កម្មការិនី​រូបនោះ​ដដែល បាន​និយាយទៀតថា ក្រោយ​ស្លាប់ សព​របស់​សុខ​ហេង ត្រូវបាន​យកទៅ​តម្កល់​ក្នុង​វត្ត​មួយ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ក្រុមគ្រួសារ មក​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​សូមបញ្ជាក់ថា ក្នុង​ទិវា​សិទ្ធិនារី​អន្តរជាតិ កាលពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៧ កន្លងទៅ សារព័ត៌មាន​ថ្មីៗ បាន​សម្ភាស សុខ​ហេង ទាក់ទង​នឹង​ជីវិត​របស់​នាង ដែល​ធ្វើការ​ជា​កម្មករសំណង់ ។ ពេល​ផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ សុខ​ហេង បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​មិន​ខ្មាស​គេ​ទេ ដែល​ខ្លួន​ខ្ញុំ​ជា​កម្មករសំណង់​។ តែបើ​គិតថា​ខ្មាស​គេ ព្រោះ​ការងារ​បែបនេះ គ្មាន​អ្នកណា​មកជួយ​ខ្ញុំ​ឡើយ​»៕


Tag:
 កម្មការិនីសំណង់
  សុខហេង
© រក្សាសិទ្ធិដោយ thmeythmey.com