អន្តរជាតិ
ឆ្នាំ២០១៦៖ ចិន ប្រហារជីវិតមនុស្សច្រើនជាងគេ ឯអ៊ីរ៉ង់នៅលេខ២, អារ៉ាប៊ីសាអូឌីតលេខ៣
× អង្គការលើកលែងទោសអន្តរជាតិ បានបញ្ចេញរបាយការណ៍ស្ដីពីការអនុវត្តទោសប្រហារជីវិតប្រចាំឆ្នាំ២០១៦ ។ ចំនួនអ្នកទោសត្រូវប្រហារជីវិតបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ គឺប្រមាណ៣៧ភាគរយ បើប្រៀបធៀបទិន្នន័យឆ្នាំ២០១៥ ។ របាយការណ៍របស់អង្គការសិទ្ធិមនុស្សបង្ហាញថា ចិនប្រជាមានិត ជាប្រទេសដែលប្រហារជីវិតច្រើនជាងគេ ខណៈអ៊ីរ៉ង់ស្ថិតនៅចំណាត់ទី២ នៃតារាងនេះ។ ចំណែកអាមេរិកបានខ្ទាតចេញពីចំណាត់កំពូលទាំង៥ ព្រោះអត្រានៃការប្រហារជីវិតធ្លាក់ចុះច្រើន។
របាយការណ៍អង្គការលើកលែងទោសអន្តរជាតិ បានបង្ហាញថា មនុស្សយ៉ាងតិច១០៣២នាក់ ត្រូវបានប្រហារជីវិតក្នុងឆ្នាំ២០១៦ ធ្លាក់ចុះចំនួន៣៧ភាគរយ បើប្រៀបធៀបទិន្នន័យនឹងឆ្នាំ២០១៥ ដែលមានដល់ទៅ១៦៣៤នាក់។ ការធ្លាក់ចុះនេះ បណ្ដាលមកពីការធ្លាក់ចុះនៃការប្រហារជីវិតមនុស្សនៅអ៊ីរ៉ង់ និងប៉ាគីស្ថាននាពេលកន្លងមក។ ចិន ជាប្រទេសប្រហារជីវិតច្រើនជាងគេ គឺច្រើនជាងប្រទេសផ្សេងបូកបញ្ចូលគ្នាទៅទៀត។
បើតាមសារព័ត៌មាន BBC គេមិនដឹងច្បាស់ពីតួលេខនៃការប្រហារជីវិតនៅចិនឡើយ ប៉ុន្តែគេជឿថាអាចមានលើសមួយពាន់នាក់។ នេះក៏ព្រោះតែទិន្នន័យនៃការប្រហារជីវិតនៅចិន មិនត្រូវបានលាតត្រដាងជាសាធារណៈឡើយ។ អ្វីគួរឲ្យចាប់អារម្មណ៍ អាមេរិក បានធ្លាក់ចេញពីតំណែងកំពូលទាំង៥ ដែលនេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៦មក។ ប្រទេស៥ប្រហារជីវិតច្រើនជាងគេ គឺចិន, អ៊ីរ៉ង់, ប៉ាគីស្ថាន, អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់។
របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិបង្ហាញថា ប៉ាគីស្ថាន បានប្រហារជីវិតមនុស្សចំនួនយ៉ាងតិច៨៧នាក់ក្នុងឆ្នាំ២០១៦ ខណៈប្រទេសសម្លាប់មនុស្សដល់ទៅ៣២៦នាក់ក្នុងឆ្នាំ២០១៥ ។ ចំណែកអ៊ីរ៉ង់ ដែលស្ថិតចំណាត់ទី២ មានការប្រហារជីវិតចំនួន៥៦៧នាក់ក្នុងឆ្នាំ២០១៦ ធ្លាក់ចុះជាង៤០០នាក់ បើប្រៀបធៀបឆ្នាំ២០១៥ ដែលមាន៩៧៧នាក់ឯណោះ។ អ្នកត្រូវប្រហារជីវិតភាគច្រើន ជាឈ្មួញលក់ថ្នាំញៀនតែម្ដង។
របាយការណ៍ដដែលនេះ បន្តថា ការប្រហារជីវិតនៅតំបន់អាហ្វ្រិកខាងជើង និងមជ្ឈិមបូព៌ា បានធ្លាក់ចុះ២៨ភាគរយ។ នៅតំបន់សាហារ៉ា ការអនុវត្តទោសប្រហារជីវិត កើនឡើងយ៉ាងខ្លាំងដល់ទៅ១៤៥ភាគរយ ជាពិសេសនៅនីហ្សេរីយ៉ា។ ចំណែកអឺរ៉ុប និងអាស៊ីកណ្ដាលវិញ មានតែប្រទេសចំនួន២ប៉ុណ្ណោះ ដែលបន្តអនុវត្តទោសប្រហារជីវិត គឺបេឡារុស និងកាហ្សាក់ស្ថាន។
និយាយជារួម ទោសប្រហារជីវិត ត្រូវបានប្រទេសជាច្រើនបោះបង់។ មកទល់ឆ្នាំ២០១៦ មានប្រទេស១០៤ បានលុបចោលទោសដ៍ធ្ងន់នេះ ខណៈកាលពីឆ្នាំ១៩៩៧ មានតែ៦៤ប៉ុណ្ណោះ។ ប្រទេសជាច្រើន បានឈប់អនុវត្តទោសនេះសម្រាប់បទល្មើសទាំងអស់ ប៉ុន្តែប្រទេសខ្លះទៀតបន្តអនុវត្តទោសនេះសម្រាប់បទល្មើសធំៗដូចជាការសម្លាប់មនុស្ស, រត់ពន្ធគ្រឿងញៀន និងការរំលោភបំពានផ្លូវភេទជាដើម៕
Tag:
ចិន
អ៊ីរ៉ង់
អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com