ជាតិ
ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​ខ្មែរ​នឹង​រៀបចំ​ពិធី​វិបស្សនា​នៅ​ខេត្តសៀមរាប
12, Apr 2017 , 7:59 pm        
រូបភាព
អ្នកស្រី សរ ស៊ុនធារី (កណ្តាល) ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ ​នឹង​ចូលរួម​នឹង​ធ្វើ​វិបស្សនា​នៅ​វត្តរាជ​បូរណ៍។ (រូបថត​៖ផ្តល់​ឲ្យ​ដោយ​ សរ ស៊ុនធារី)
អ្នកស្រី សរ ស៊ុនធារី (កណ្តាល) ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ ​នឹង​ចូលរួម​នឹង​ធ្វើ​វិបស្សនា​នៅ​វត្តរាជ​បូរណ៍។ (រូបថត​៖ផ្តល់​ឲ្យ​ដោយ​ សរ ស៊ុនធារី)
ដោយ:
​​វ៉ាស៊ីនតោន ៖ ជា​រៀងរាល់ថ្ងៃ អ្នកស្រី សរ ស៊ុន​ធា​រី ក្រោកពីដំណេក​នៅ​ម៉ោង​៥​។ បន្ទាប់ពី​ថ្វាយបង្គុំ​ព្រះ អ្នកស្រី​ដើរ​ចង្ក្រំ​យឺតៗ​ទៅមកៗ មើល​ជំហាន​ជើង​នីមួយៗ​ដោយ​ប្រុងប្រយ័ត្ន និង​អង្គុយ​ចុះ​តាំងសមាធិ ដោយ​យកចិត្តទុកដាក់​លើ​សក​ម្ម​ភាព​នីមួយៗ​។ អ្នកស្រី​នឹងធ្វើ​សកម្មភាព​ទាំងនេះ​ទៅមកៗ​ពេញ​មួយ​ម៉ោង ហើយ​២​ដង​ក្នុង​មួយថ្ងៃ នៅផ្ទះ​របស់​អ្នកស្រី​។ នេះ​គឺជា​ការធ្វើ​វិបស្សនា​ប្រចាំថ្ងៃ​របស់​អ្នកស្រី​។​



​អ្នកស្រី ធា​រី បានចាប់ផ្តើម​ធ្វើ​វិបស្សនា​តាំងពី​ឆ្នាំ​២០១០​មកម្ល៉េះ​។ អ្នកស្រី​និយាយថា ការធ្វើ​វិបស្សនា​ជួយ​ឲ្យ​អ្នកស្រី​សម្រាន្ត​បាន​លក់​ស្រួល​ជាង​មុន​។​

​អ្នកស្រី​បាន​ថ្លែងប្រាប់ VOA តាមរយៈ​ទូរស័ព្ទ​ពី​ទីក្រុង Cary រដ្ឋ North Carolina ថា «​ដូចជា​យើង​ធ្វើ​ឲ្យ​ទទួលទានដំណេក​បាន​ស្រួល ខ្ញុំ​ពី​ដើម ខ្ញុំ​ទទួលទានដំណេក​អត់​បាន​ស្រួល​ទេ​។ ខ្ញុំ​មាន​ជំងឺ ធ្លាប់​ឈឺ​ម្តង​ចឹ​ង​ទៅ ខ្ញុំ​គេង​អត់​បានទេ ទាល់តែ​ប្រើ​ថ្នាំ​។ ដ៏​ក្រោយមក​ខ្ញុំ​ឈប់​ប្រើ​ថ្ន‍ាំ​»​។​

​ខែ​នេះ អ្នកស្រី ធា​រី និង​ក្រុម គ្រួសារ​របស់​អ្នកស្រី​នឹង​ស្ម័គ្រចិត្ត​ចូលរួម​ជាមួយនឹង​អ្នកស្រី អ៊ា​លឹម បូ​ផា​រី ដែលជា​គ្រូបង្ហាត់​វិបស្សនា​របស់​អ្នកស្រី ដើម្បី​រៀបចំ​ធ្វើ​ពិធី​វិបស្សនា​មួយ​នៅ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​២៣​ខែមេសា​រហូតដល់​ថ្ងៃទី​២​ខែឧសភា​។​

​ការចំណាយ​ទៅលើ​ពិធី​វិបស្សនា​រយៈពេល​១០​ថ្ងៃនេះ គឺជា​ថវិកា​ផ្ទាល់​របស់​អ្នកស្រី បូ​ផា​រី ដែលជា​ទន្តពេទ្យ​នៅ​ទីក្រុង Farifax រដ្ឋ Virginia​។​

​អ្នកស្រី បូ​ផា​រី មានប្រសាសន៍ថា «​អាណិត​ប្រជាជន​កម្ពុជា so much compassion, so much sympathy for​ប្រជាជន​នៅ​ស្រុក​ដែល​ខ្ញុំ​កើត ស្រុកកំណើត​ខ្ញុំ so ខ្ញុំ​ចង់​ជួយ​យក​នេះ ចែកជូន​ចំណេះវិជ្ជា​ខ្ញុំ​ទៅជូន ប្រគេន​និង​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​»​។​



​អ្នកស្រី​បានធ្វើ​វិបស្សនា​អស់​រយៈពេល​ជាង​៩​ឆ្នាំ​មកហើយ​។ អ្នកស្រី​ថ្លែងថា ការធ្វើ​វិបស្សនា​បានផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​អ្នកស្រី ទាំង​សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​។​

​អ្នកស្រី​និយាយថា «​ដូច​ខ្ញុំ​នេះ មុខងារ​ខ្ញុំ​ធ្វើ​ធ្មេញ doctor​ពេទ្យធ្មេញ It's stressful it requires a lot of engery ត្រូវការ​កម្លាំង​ខ្លាំង ត្រូវ​ការគិត​ច្រើន ដល់ពេល​ប្រតិបត្តិ​វិបស្សនា​ហ្នឹង​ទៅ ធ្វើ​ឲ្យ​កម្លាំង​ខ្លាំង ធ្វើ​ឲ្យ​ដូច​ថា កម្លាំង​ហ្នឹង​នៅ​យូរ​រហូត ដូច​ថា​ពេល​ល្ងាច​ហើយក៏​កម្លាំង​នៅមាន​ខ្លាំង​»​។​

​វិបស្សនា​គឺជា​ការអនុវត្ត​មួយ ដែល​យើង​ត្រូវ​រៀន​គ្រប់គ្រង​ផ្លូវចិត្ត​របស់​យើង​។ វិបស្សនា​កើតចេញពី​ការបង្រៀន​របស់​ព្រះពុទ្ធ ហើយ​វិធីសាស្ត្រ​ប្រតិបត្តិ​មួយចំនួន​មាន​លក្ខណៈសាមញ្ញ ដោយ​គ្រាន់តែ​ផ្តោតអារម្មណ៍​ទៅលើ​ការដកដង្ហើម​ចេញ​និង​ដង្ហើមចូល​តែប៉ុណ្ណោះ​។

​ពិធី​វិបស្សនា​នេះ​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​វត្ត​រាជ​បូរ​ណ៍​។ អ្នកស្រី បូ​ផា​រី បាន​និមន្ត​ព្រះសង្ឃ​ភូមា​២​អង្គ​ដើម្បី​ណែនាំ​ពី​វិធី​ប្រតិបត្តិ​វិបស្សនា​នេះ​។ អ្នកចូលរួម​ទាំងអស់​នឹង​តម្រូវ​ឲ្យ​ស្នាក់នៅ​ក្នុង​វត្ត​ក្នុងអំឡុងពេល​ពិធី​វិបស្សនា​នេះ ហើយ​ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទៅតាម​វិធាន​មួយចំនួន​ដែល​តម្រូវ​ឲ្យ​ធ្វើ​។​

​អ្នកស្រី បូ​ផា​រី ចាប់ផ្តើម​ធ្វើ​វិបស្សនា​នៅ​ឆ្នាំ​២០០៨ នៅពេលដែល​សាច់ញាតិ​របស់​អ្នកស្រី​៣​នាក់​បានទទួល​មរណភាព​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​២​ខែ​កាលពី​ឆ្នាំ​២០០៨​។ អ្នកស្រី​ចាប់ផ្តើម​មានការ​ភ័យខ្លាច ព្រួយបារម្ភ និង​ខ្វល់ខ្វាយ​។ អ្នកស្រី បូ​ផា​រី បានចាប់ផ្តើម​សួរ​ខ្លួនឯង​ថា «​ជីវិត​ម៉េច​ក៏​អញ្ចឹង​? អ្នក​ទាំងអស់គ្នា​កំពុងតែ​បាន​សុខៗ​ស្រាប់តែ​ភ្លាម​ស្លាប់​អស់​៣​នាក់​»​។​

​អ្នកស្រី បូ​ផា​រី ចាប់ផ្តើម​ធ្វើ​វិបស្សនា​ជាមួយនឹង​ព្រះសង្ឃ​ភូមា នៅពេលដែល​ទ្រង់​បាន​និមន្ត​មក​សហរដ្ឋអាមេរិក ហើយ​អ្នកស្រី​ក៏បាន​បន្តធ្វើ​វិបស្សនា​ជាមួយនឹង​ទ្រង់​នៅ​ភូមា​អស់​រយៈពេល​២​ខែ​។ នៅ​ទីនោះ អ្នកស្រី​បានដឹងថា «​ជីវិត​អត់​ទៀង​។ អ្វីៗ​ក៏​ដូរ​ផ្លាស់​»​។​

​បន្ទាប់ពី​ធ្វើ​វិបស្សនា​អស់​រយៈពេល​២​ខែ​នោះ​ហើយ អ្នកស្រី​បូ​ផា​រី​បានចាប់ផ្តើម​ធូរស្បើយ​ឡើងវិញ​។ អ្នកស្រី​និយាយថា​ការធ្វើ​វិបស្សនា​នេះ «​ជួយ​ច្រើន ជួយ​ឲ្យ​អត់​ភ័យ​ច្រើន ជួយ​ឲ្យ​អត់​ស្ត្រេ​ស ដូច​ថា​សេចក្តី​ភ័យ រឿង​ឈឺ​រឿង​ស្លាប់​អី​អត់​សូវ​ភ័យ​ដូច​ពីមុន​។ ពេល​ហ្នឹង​ប្រតិបត្តិ​បាន​២​ខែ​ហ្នឹង ជួយ​ឲ្យ​ឃើញ​សុខ​ភាពល្អ អន់​ភ័យ បន្ថយ​សេចក្តី​ភ័យព្រួយ​»​។​

​ព្រះសង្ឃ​ភូមា ព្រះនាម Sayadaw U Kheminda នៃ​វត្ត Mingalarama ក្នុង​រដ្ឋ Maryland នឹង​និមន្ត​ទៅ​ចូលរួម​ក្នុង​ពិធី​វិបស្សនា​នេះ​ដើម្បី​បកប្រែ​ជូន​ព្រះសង្ឃ​ភូមា​ដទៃទៀត​។ ព្រះ​តេជគុណ​បាន​មាន​សង្ឃដីកា​ថា តាម​ព្រះពុទ្ធ វិបស្សនា​ផ្តល់នូវ​អត្ថប្រយោជន៍​៧​យ៉ាង​គឺ​«​ជួយ​ឲ្យ​អស់​កិលេស​» «​ជួយ​ឲ្យ​អស់​ទុក្ខ​» «​ជួយ​ឲ្យ​អស់​សេចក្តី​ទួញ​សោក​» «​ជួយ​ឲ្យ​អស់​ការឈឺចាប់​ផ្លូវកាយ​» «​ជួយ​ឲ្យ​អស់​ការឈឺចាប់​ផ្លូវចិត្ត​» «​ជួយ​ឲ្យ​បាន​ត្រាស់ដឹង​» និង​«​ជួយ​ឲ្យ​ដល់​ព្រះ​និព្វាន​»​។

​ព្រះ​តេជគុណ Kheminda បាន​មាន​សង្ឃដីកា​ថា វិបស្សនា​គឺជា​វិធីសាស្ត្រ​គ្រប់គ្រង​អារម្មណ៍​។​



​ព្រះ​តេជគុណ​បាន​មាន​សង្ឃដីកា​ថា «​វិបស្សនា​អាច​កាត់បន្ថយ​ភាព​តានតឹង​ផ្លូវចិត្ត ការបាក់​ទឹកចិត្ត ការ​ធុញថប់​អារម្មណ៍ និង​កំហឹង​ផងដែរ​។ ដូច្នេះ​អ្នក​អាច​រស់នៅ​ដោយ​សប្បាយរីករាយ ហើយ​អ្នក​នឹងមាន​អាយុ​វែង​»​។​

​ព្រះ​តេជគុណ​បាន​ពន្យល់​ថែមទៀត​ថា​៖ «​ប្រសិនបើ​អ្នក​ផ្តោតទៅលើ​វត្ថុ​មួយ ប្រសិនបើ​ចិត្ត​របស់​អ្នក​មិន​វិលវល់ ប្រសិនបើ​ចិត្ត​របស់​អ្នក​ផ្តោត​តែ​លើ​វត្ថុ​មួយ នោះ​អ្នកនឹង​គ្មាន​គំនិត​អវិជ្ជមាន គ្មាន​អារម្មណ៍​អវិជ្ជមាន​នោះទេ ដោយសារតែ​អ្នក​ផ្តោត​តែ​លើ​វត្ថុ​មួយ​»​។

​ក្រោយមក ការធ្វើ​វិបស្សនា​នេះ​បានទទួល​ប្រជាប្រិយភាព​ទូទាំង​ពិភពលោក​ជាមួយនឹង​វិធីសាស្ត្រ​អនុវត្ត​ងាយស្រួល​ជាង​មុន ដែល​ត្រូវបាន​គេ​អនុវត្ត​សម្រាប់​ជាការ​ធ្វើ​លំ​ហាត់ប្រាណ​។​

​អត្ថប្រយោជន៍​នៃ​វិបស្សនា​ដែល​ត្រូវបាន​វិទ្យាសាស្ត្រ​ដក​ពិសោធន៍​រួមមាន កាត់បន្ថយ​ការឈឺចាប់ កាត់បន្ថយ​ការឡើង​សម្ពាធ​ឈាម និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​អារម្មណ៍​ធុញថប់ ជួយ​ដល់​ជំងឺ​បាក់​ទឹកចិត្ត និង​ជួយ​ឲ្យ​ទទួលទានដំណេក​បាន​ស្កប់ស្កល់​។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​ដែល​ឧបត្ថម្ភ​ដោយ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ការស្រាវជ្រាវ​វិធី​ព្យាបាល​ដទៃ​នៅ​សហរដ្ឋអាមេរិក​។​

​ប៉ុន្តែ​ថា​តើ​វិបស្សនា​ដំណើរការ​យ៉ាងដូចម្តេច​ខ្លះ​នៅក្នុង​ខួរក្បាល​មនុស្ស​យើង នៅតែ​ចោទ​ជា​សំណួរ​ដដែល​។ លោកស្រី Sara Whitney Lazar ដែលជា​អ្នកវិទ្យាសាស្ត្រ​ខាង​ប្រព័ន្ធ​ប្រសាទ​នៃ​មន្ទីរពេទ្យ Massachusetts General Hospital និង​ជា​សាស្ត្រាចារ្យ​ជំនាញ​ចិត្តសាស្ត្រ នៃ​សាកលវិទ្យាល័យ Harvard បាន​ថ្លែងប្រាប់ VOA តាម​ទូរស័ព្ទ​ថា តាមរយៈ​ការសិក្សា​កន្លងមក​បង្ហា​ញ​ថា «​មានការ​ប្រែប្រួល​នៅក្នុង​ខួរក្បាល​»​។​

«​ដូច្នេះ​វា​អាចមកពី​ការប្រែប្រួល​នៅក្នុង​ខួរក្បាល​នេះហើយ​ដែល​បានរួម​ចំណែក​ដល់​ការប្រែប្រួល​ផ្នែក​អារម្មណ៍ ដែល​គេ​រាយការណ៍​នោះ​»​។ នេះ​បើ​យោងតាម​លោកស្រី Lazar ដែល​ក៏​ជា​អ្នកធ្វើ​វិបស្សនា​អស់​រយៈពេល​២៣​ឆ្នាំ​មកហើយ​។​

​លោកស្រី Lazar បាន​បន្តថា វា​អាស្រ័យទៅលើ​រយៈពេល​និង​ថា​តើ​បុគ្គល​ម្នាក់​ធ្វើ​វិបស្សនា​ញឹកញាប់​ប៉ុណ្ណា ដើម្បី​ទទួលបាន​លទ្ធផល​។ លោកស្រី​ផ្តល់យោបល់​ឲ្យ​ធ្វើ​វិបស្សនា​ពី​២០​ទៅ​៤០​នាទី​ក្នុង​មួយ​លើក ហើយ​ធ្វើ​ពី​៣​ទៅ​៤​លើក​ក្នុង​មួយ​សប្តាហ៍​។​

​អ្នកស្រី បូ​ផា​រី បាន​មានប្រសាសន៍ថា កាលពី​ដើមឡើយ អ្នកស្រី​គ្រោង​នឹង​ទទួលភ្ញៀវ​ត្រឹមតែ​២០០​នាក់​តែប៉ុណ្ណោះ ប៉ុន្តែ​ចំនួន​អ្នក​ដែល​បាន​ចុះឈ្មោះ​ចូលរួម​ធ្វើ​វិបស្សនា​បាន​កើនឡើង​ដល់​៦០០​នាក់ ហើយ​អាច​នឹង​កើនឡើង​លើសពីនេះ​ទៀត​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com