អន្តរជាតិ
រាជាណាចក្រ​ថៃ មាន​រដ្ឋធម្មនុញ្ញ​២០​ក្នុងពេល​៨៥​ឆ្នាំ​
14, Apr 2017 , 10:59 pm        
រូបភាព
​មហាក្សត្រ​ថៃ Maha Vajiralongkorn កាលពី​ថ្ងៃទី​៦ ខែមេសា បាន​ឡាយព្រះហស្តលេខា​លើ​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ ដែល​ត្រូវបាន​ប្រជាជន​ថៃ​អន​ម័​យ​កាលពី​ខែសីហា ឆ្នាំ​២០១៦ ។ នេះ ជា​រដ្ឋធម្មនុញ្ញ​ទី​២០ ហើយ ចាប់តាំងពី​ការបញ្ចប់​របបរាជានិយម​ផ្ដាច់ការ និង​ការកកើត​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៅក្នុង​ឆ្នាំ​១៩៣២ ។ អតីត​ស្ដេច​រាមា​ទី​៧ Prajadhipok គឺជា​ស្ដេច​ដែល​ចុះ​ព្រះហស្តលេខា​លើ​រដ្ឋធម្មនុញ្ញ​ទី​១ នៃ​សម័យកាល​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​។



​នៅមុន​ឆ្នាំ​១៩៣២ ប្រទេស​ថៃ​ស្ថិតក្រោម​ការគ្រប់គ្រង​បែប​រាជានិយម​ផ្ដាច់ការ ដោយ​ព្រះ​ចៅ Prajadhipok កាន់អំណាច​រដ្ឋ​ទាំងអស់​។ រហូតដល់​ឆ្នាំ​១៩៣២ ក្រុមមន្ត្រី​ស៊ីវិល និង​យោធា​មួយ​ក្ដាប់​តូច​ធ្វើ​រដ្ឋប្រហារ​បង្ខំ​ស្ដេច​ឲ្យ​ប្ដូរ​ប្រទេស​ទៅជា​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​វិញ ហើយ​រដ្ឋធម្មនុញ្ញ​ទី​១ នៃ​សម័យកាល​រាជាធិបតេយ្យ​ទំនើប ក៏ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​១៩៣២​។ ក្រោយមក រដ្ឋធម្មនុញ្ញ​ថៃ​បាន​ផ្លាស់ប្ដូរ​ដល់​ទៅ​២០​លើក ព្រោះ​មានការ​ធ្វើ​រដ្ឋប្រហារ​ជាច្រើនលើក​ដែរ​។​

​បើ​គិតពី​រដ្ឋប្រហារ​ឆ្នាំ​១៩៣២ ដល់​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ថៃ មាន​រដ្ឋប្រហារ​១២​លើក​ទៅហើយ​។ រដ្ឋប្រហារ​ចុងក្រោយ​ខែឧសភា ឆ្នាំ​២០១៤ ផ្ដើមគំនិត​ដោយ​មេបញ្ជាការ​កងទ័ពជើងគោក ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា ដើម្បី​ទម្លាក់​រដ្ឋាភិបាលចាំផ្ទះ​។ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ បាន​ដណ្ដើម​អំណាច​ទាំង​មក​ក្ដោប​ក្ដាប់ និង​បាន​សន្យា​រក្សា​ស្ថិរភាព​ប្រទេស មុននឹង​គូសវាស​ផែនទី​ត្រឡប់​ទៅកាន់​ប្រជាធិបតេយ្យ​វិញ​។​

​ក្រោយ​ការ​កាន់អំណាច​អស់​ពេល​ប្រមាណ​២​ឆ្នាំ ពោលគឺ​ក្នុង​ឆ្នាំ​២០១៦ របប​យោធា​ថៃ ក៏​ដាក់​សេចក្ដី​រដ្ឋធម្មនុញ្ញ​ថ្មី​ឲ្យ​ប្រជាជន​ផ្ដល់​ការយល់ព្រម​។ ក្នុង​ប្រជាមតិ​ខែសីហា ប្រជាជន​ថៃ​ភាគច្រើន​ក៏​បោះឆ្នោត​យល់ព្រម​លើ​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ ទោះ​ដឹងថា​វា​ផ្ដល់​អំណាច​ច្រើន​ដល់​យោធា​ក៏ដោយ​។ ឆ្លងកាត់​ការកែប្រែ​ជាច្រើនលើក នាយករដ្ឋមន្ត្រី​ថៃ ក៏បាន​បញ្ជូន​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ ថ្វាយ​មហាក្សត្រ Maha Vajiralongkorn តែម្ដង​។​

​មហាក្សត្រ Maha Vajiralongkorn ដែល​ស្គាល់​ជា​ស្ដេច​រាមា​ទី​១០ បានស្នើ​របប​យោធា​ផ្លាស់ប្ដូរ​លើ​មាត្រា​ជាច្រើន ដើម្បី​បង្កើន​អំណាច​របស់​ទ្រង់​។ ចុង​ក្រោយមក មហាក្សត្រ​អង្គ​នេះ ក៏​ឡាយព្រះហស្តលេខា​លើ​រដ្ឋធម្មនុញ្ញ​ថ្មី​ក្នុង​កម្មវិធី​មួយ​នៅក្នុង​ព្រះរាជវាំង​នៅ​ថ្ងៃទី​៦ ខែមេសា​។ បន្ទាប់​ពីនេះ រដ្ឋធម្មនុញ្ញ​នេះ នឹងត្រូវ​ចុះ​ក្នុង​រាជកិច្ច ហើយ​ក្លាយជា​រដ្ឋធម្មនុញ្ញ​ផ្លូវការ​តែម្ដង​។ នេះ​ក៏​មានន័យថា រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ថៃ មានច្បាប់​កំពូល​នេះ​ចំនួន​២០ រាប់​ចាប់ពី​រដ្ឋធម្មនុញ្ញ​ទី​១​ក្នុង​រជ្ជកាល​រាមា​ទី​៧ ៕ 


Tag:
 ថៃ​
  រដ្ឋធម្មនុញ្ញ​
© រក្សាសិទ្ធិដោយ thmeythmey.com