អន្តរជាតិ
ស៊ី ប្រាប់ ត្រាំ ថា បញ្ហា​កូរ៉េខាងជើង គួរ​ដោះស្រាយ​តាមផ្លូវ​សន្តិភាព​
12, Apr 2017 , 9:19 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជីនភីង កំពុងជជែកគ្នាជាមួយប្រធានាធិបតីអាមរិក ដូណាល់ ត្រាំ នៅឯ Mar-a-Lago (រូបភាព Xinhua)
ប្រធានាធិបតីចិន ស៊ី ជីនភីង កំពុងជជែកគ្នាជាមួយប្រធានាធិបតីអាមរិក ដូណាល់ ត្រាំ នៅឯ Mar-a-Lago (រូបភាព Xinhua)
​សារព័ត៌មាន​រដ្ឋ​ចិន​ផ្សាយ​ថា ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង បាន​និយាយ​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១២ ខែមេសា​។ ប្រធានបទ​សំខាន់​នៃ​ការពិភាក្សា​តាម​ទូរ​សព្ទ​នេះ គ្មានអ្វី​ក្រៅពី​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ឡើយ​។ ការពិភាក្សា​តាម​ទូរ​សព្ទ​នេះ ធ្វើឡើង​ចំពេល​ដែល​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​កើន​កម្ដៅ​ខ្លាំង​ឡើងៗ ដោយសារ​ការនិយាយ​គំរាម​គ្នា​ទៅវិញទៅមក​រវាង​អាមេរិក និង​កូរ៉េខាងជើង​។​



​ការ​បង្អួត​កម្លាំងយោធា​របស់​អាមេរិក និង​ការមិន​ចុះ​ញ៉ម​របស់​កូរ៉េខាងជើង កំពុង​ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ ដែល​នៅក្បែរ​របង​ផ្ទះ​របស់​ចិន ប្រឈមមុខ​នឹង​គ្រោះថ្នាក់​យ៉ាងខ្លាំង​។ ពិតណាស់ថា ចិន​មិន​ចង់បាន​ជម្លោះ​ប្រដាប់អាវុធ​ណាមួយ​ផ្ទុះឡើង​នៅ​ជិត​ផ្ទះ​របស់ខ្លួន​ឡើយ ហើយ​ជា​ញឹកញយ ចិន​តែង​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រក្សា​ការអត់ធ្មត់ និង​ជ្រើស​យក​ផ្លូវ​ដែល​ល្អ​សម្រាប់​តំបន់​។ ចិន ក៏​រង​សម្ពាធ​ច្រើន​ពី​អាមេរិក ដោយសារ​រឿងនេះ​ដែរ​។​

​ដោយ​ឃើញ​ចិន​មិនសូវ​ធ្វើ​អ្វី ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក៏​ព្រមាន​ថា អាមេរិក​នឹង​ចាត់​វិធានការណ៍​ជា​ឯកតោភាគី​ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​។ ទន្ទឹម​ការព្រមាន​នេះ នាវា​ដឹក​យន្តហោះ​អាមេរិក ក៏​កំពុងធ្វើដំណើរ​ឆ្ពោះទៅ​កៀក​ឧបទ្វីប​កូរ៉េ ដើម្បី​បង្អួត​អានុភាព​យោធា​ដាក់​កូរ៉េខាងជើង​។ ជាមួយគ្នា​នោះ ខណៈ​កំពុង​ទទួល​ប្រធានាធិបតី​ចិន​នៅ Mar-a-Lago លោក ត្រាំ ក៏​បញ្ជា​ឲ្យ​បាញ់​មី​ស៊ី​ល​ដាក់​ស៊ី​រី កំញើញ​កូរ៉េខាងជើង​ទៀតផង​។​

​យ៉ាងណាមិញ ចិន ដែលមាន​ព្រំដែន​ជាប់​កូរ៉េខាងជើង ពិតជា​មិន​ចង់ឃើញ​ការផ្ទុះអាវុធ​នៅ​ឧបទ្វីប​កូរ៉េ​ឡើយ ព្រោះ​បញ្ហា​នឹង​រាលដាល​មកដល់​ចិន​ផងដែរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​លោក ត្រាំ នៅ​ថ្ងៃទី​១២ ខែមេសា លោក ស៊ី បាន​សង្កត់​ថា ដំណោះស្រាយ​សម្រាប់​ជម្លោះ គួរ​សម្រេចបាន​តាមផ្លូវ​សន្តិភាព​។ ជាមួយ​ការលើកឡើង​ដូចនេះ ប្រធានាធិបតី​ចិន ប្រឆាំង​ការប្រើប្រាស់​កម្លាំង​ទ័ព​ក្នុង​ការបង្ខំ​ឲ្យ​កូរ៉េខាងជើង​ផ្អាក​កម្មវិធី​នុយ​ក្ល​អ៊ែរ​របស់ខ្លួន​។​

​ការ​គំរាម​ប្រើប្រាស់​ទ័ព​ដោះស្រាយ​បញ្ហា ត្រូវបាន​លើកឡើង​លើក​ដំបូង​ពី​សំណាក់​រដ្ឋមន្ត្រីការបរទេស Rex Tillerson អំឡុង​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​។ ប្រមុខ​ការទូត​អាមេរិក​បានលើកឡើង​ពី​ការ​អស់​ការអត់ធ្មត់ និង​បរាជ័យ​នៃ​ការចរចា​រយៈពេល​២០​ឆ្នាំ​មកនេះ​។ ប្រធានាធិបតី ត្រាំ ក៏​បញ្ជា​ឲ្យ​ទីប្រឹក្សា​សន្តិសុខ​របស់លោក ពិនិត្យ​គ្រប់​វិធីសាស្ត្រ​ទាំងអស់​ក្នុងការ​តទល់​នឹង​កូរ៉េខាងជើង ដែល​បង្ហាញថា លោក​មិនមែន​លេងសើច​នឹង​ស្ថានការណ៍​ដ៍​គ្រោះថ្នាក់​នេះ​ទេ​។​

​មិនមែន​គំរាម​តែ​មាត់​ឡើយ លោក ត្រាំ ក៏​ទើប​ចេញ​បញ្ជា​ឲ្យ​នាវា​ដឹក​យន្តហោះ Carl Vinson ដ៏​មាន​អានុភាព និង​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ ធ្វើដំណើរ​ឆ្ពោះទៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ទៀតផង​។ ការបាញ់​មី​ស៊ី​ល Tomahawk ដល់​ទៅ​៥៩​គ្រាប់​ដាក់​ស៊ី​រី ក៏​ជាស​ញ្ញា​ព្រមាន​របស់​អាមេរិក បើ​កូរ៉េខាងជើង​នៅ​រឹងទទឹង​ទៀត​។ ជាការ​ឆ្លើយតប កូរ៉េខាងជើង ទំនង​សាកល្បង​នុយក្លេអ៊ែ​លើក​ទី​៦ ដើម្បី​បញ្ចេញ​ឥទ្ធិពល​របស់ខ្លួន​តប​វិញ​ក៏​ថា​បាន​៕  


Tag:
 ចិន​
  អាមេរិក​
  កូរ៉េខាងជើង​
  ស៊ី ជីន​ភីង​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com