អន្តរជាតិ
នាយក​ក្រុមហ៊ុន United ចេញមក​សុំទោស ក្រោយ​អ្នកដំណើរ​ម្នាក់​ត្រូវ​អូស​ចេញពី​យន្តហោះ​
12, Apr 2017 , 9:59 pm        
រូបភាព
​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍ United លោក Oscar Munoz បានចេញ​មកសុំ​ទោស​ជា​សាធារណៈ ក្រោយ​មាន​ហេតុការណ៍​ទាញ​អ្នកដំណើរ​ម្នាក់​ចេញពី​យន្តហោះ​។ លោក Oscar Munoz ចាត់ទុក​ហេតុការណ៍​នេះ ជា​រឿង​គួរ​ឲ្យ​រន្ធត់ ហើយ​លោក​សន្យា​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ម៉ត់ចត់​បំផុត ដើម្បី​ធានាថា ហេតុការណ៍​ដូចនេះ​នឹង​មិនកើត​ម្ដងទៀត​ទេ​។ អ្នកដំណើរ​ឈ្មោះ David Dao ត្រូវបាន​ទាញ​ចេញពី​យន្តហោះ ដែល​ដាក់​លើស​ចំណុះ និង​ទុក​កៅអី​របស់លោក​ឲ្យ​បុគ្គលិក​បម្រើការ​វិញ​។​



​ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​១១ ខែមេសា លោក Oscar Munoz នាយក​ក្រុមហ៊ុន United និយាយថា ក្រុមហ៊ុន​នឹង​ទទួលខុសត្រូវ​គ្រប់យ៉ាង​ចំពោះ​អ្វីដែល​បានកើត​ឡើង ហើយនឹង​ព្យាយាម​កែ​កំហុស​ទាំងនោះ​ឲ្យ​ប្រសើរ​ឡើងវិញ​។ លោក ក៏​សន្យា​សើរើ​បញ្ហា​ទាំងអស់​ឡើងវិញ នៅត្រឹម​ថ្ងៃទី​៣០ ខែមេសា ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើតមាន​។

​នេះ​ជាការ​សុំទោស​លើក​ទី​៣ របស់​នាយក​ក្រុមហ៊ុន​អាកាសចរណ៍ United ដើម្បី​បន្ថយកម្ដៅ​នៃ​ការមិន​ពេញចិត្ត​នឹង​ចំណាត់ការ​របស់​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​។ អ្នកដំណើរ David Dao ត្រូវបាន​ទាញ​ដោយ​បង្ខំ​ចេញពី​កៅអី​របស់លោក ដែល​ធ្វើ​ឲ្យ​លោក​របួស​ចេញឈាម​ទៀតផង​។ ដោយសារតែ​យន្តហោះ​ដាក់​លើស​ចំណុះ លោក Dao ទំនង​ត្រូវ​បានស្នើ​ឲ្យ​បោះបង់​កៅអី​របស់ខ្លួន និង​ទុក​កៅអី​នោះ​ឲ្យ​បុគ្គលិក​យន្តហោះ​វិញ តែ​លោក​មិន​ព្រម​។​

​សកម្មភាព​ហិង្សា​លើ​អ្នកដំណើរ​នេះ ត្រូវបាន​ថត​ដោយ​អ្នកដំណើរ​ផ្សេងទៀត ហើយ​បន្ទាប់មក​ក៏​ល្បី​ពេញ​បណ្ដាញ​សង្គម​តែម្ដង​។ លោក Munoz និយាយ​ក្នុង​លិខិត​សុំទោស​លើក​ទី​៣ នេះ​ទៀតថា លោក​ពិតជា​រំខាន​ដោយសារ​រឿងហេតុ​កើតឡើង ហើយ​លោក​ពិតជា​សុំទោស​ដល់​អ្នកដំណើរ​ដែ​ល​រងគ្រោះ និង​អ្នកដំណើរ​ដទៃទៀត​ផង​ដែរ​។

​បើតាម​សារព័ត៌មាន CNBC នៅពេលនេះ អ្នកដំណើរ Dao កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ Chicago ។ មេធាវី​របស់លោក​និយាយថា លោក Dao ពិតជា​អរគុណ​ការ​បន់ស្រន់ និង​ការគាំទ្រ​មកលើ​រូបលោក​។ ជាមួយគ្នានេះដែរ ក្រុមគ្រួសារ​លោក Dao ដែល​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ កំពុង​ផ្ដោត​ការយកចិត្តទុកដាក់​លើ​សុខភាព​របស់លោក​ជាមុនសិន​។   

​បើតាម​វីដេអូ​ដែល​ថត​បាន លោក David Dao ជា​វេជ្ជបណ្ឌិត​មកពី Kentucky ត្រូវ​អូស​ចេញពី​កៅអី​ដោយ​ប៉ូលិស Chicago ខណៈ​រង់ចាំ​ការហោះហើ​ទៅកាន់ Louisville ។ បើតាម​អ្នកដំណើរ​លើ​យន្តហោះ បុគ្គលិក United បា​នរក​អ្នកស្ម័គ្រចិត្ត​បោះបង់​កៅអី​របស់ខ្លួន សម្រាប់​បុគ្គលិក​បម្រើការ​លើ​យន្តហោះ​ចំនួន​៤​នាក់ តែ​គ្មាន​អ្នក​ស្ម័គ្រ​ឡើយ​។ ក្រុមហ៊ុន​នេះ ក៏​ប្រើ​ប្រព័ន្ធ​កុំព្យូទ័រ​ដើម្បី​កំណត់​អ្នក​ត្រូវ​ចាកចេញ​តែម្ដង​។ Dao ក៏​ក្លាយជា​អ្នក​ត្រូវ​ចាកចេញ​នេះ តែ​លោក​បដិសេធ​។

​ចំណាត់ការ​របស់​ក្រុមហ៊ុន United បានធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​ខាតបង់​យ៉ាងខ្លាំង​។ ភាគហ៊ុន​របស់​ក្រុមហ៊ុន បាន​ធ្លាក់​យ៉ាងគំហុក ក្រោយ​ផ្ទុះ​ចេញ​វីដេអូ​នៃ​ហេតុការណ៍​លើ​យន្តហោះ​។ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម បាន​អំពាវនាវ​ឲ្យ​មានការ​ធ្វើពហិការ​ជិះ​យន្តហោះ​ក្រុមហ៊ុន United ដើម្បី​ឆ្លើយតប​នឹង​ទង្វើ​មិន​សមរម្យ​មកលើ​អ្នកដំណើរ​ដែល​ទិញ​សំបុត្រ​ត្រឹមត្រូវ​៕


Tag:
 អាកាសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com