អន្តរជាតិ
ពូ​ទីន រិះគន់​ណា​តូ ដែល​គាំទ្រ​ការបាញ់​មី​ស៊ី​ល​របស់​អាមេរិក ទោះ​ខុសច្បាប់​អន្តរជាតិ​ក្ដី​
12, Apr 2017 , 10:39 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន រិះគន់សម្ព័ន្ធយោធាណាតូទាក់ទងការបាញ់មីស៊ីលរបស់អាមេរិកដាក់ស៊ីរី (រូបភាព Xinhua)
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន រិះគន់សម្ព័ន្ធយោធាណាតូទាក់ទងការបាញ់មីស៊ីលរបស់អាមេរិកដាក់ស៊ីរី (រូបភាព Xinhua)
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយ​រិះគន់​សម្ព័ន្ធ​យោធា​ណា​តូ ដែល​គាំទ្រ​ការបាញ់​មី​ស៊ី​ល​ដាក់​ស៊ី​រី ក្រោយ​ចោទប្រកាន់ថា​បាន​ប្រើប្រាស់​អាវុធ​គីមី​លើ​ប្រជាជន​ស្លូតត្រង់​។ លោក ពូ​ទីន ចាត់ទុក​ការបាញ់​មី​ស៊ី​ល​របស់​អាមេរិក ជា​ការបំពានច្បាប់​អន្តរជាតិ ព្រោះ​អាមេរិក​ហ៊ាន​វាយប្រហារ​ស៊ី​រី ទាំង​គ្មាន​ភស្តុតាង​បង្ហាញថា ក្រុង​ដា​ម៉ាស់ ពិតជា​បាន​វាយប្រហារ​អាវុធ​គីមី​ដូច​ការចោទប្រកាន់​មែនឬ​អត់​ផង​នោះ​។ ចំណែក​ណា​តូ​វិញ ចេះតែ​គាំទ្រ​អាមេរិក​ទៅទៀត​។​



​ការបាញ់​មី​ស៊ី​ល​៥៩​គ្រឿង​លើ​មូលដ្ឋាន​អាកាស​របស់​ស៊ី​រី ទទួល​បានការ​សាទរ​យ៉ាងខ្លាំង​ពី​សំណាក់​សម្ព័ន្ធមិត្ត​របស់​អាមេរិក​។ សម្រាប់​សម្ព័ន្ធមិត្ត​ស៊ី​រី​វិញ​មាន​រុស្ស៊ី និង​អ៊ីរ៉ង់​ជាដើម បាន​ប្រតិកម្ម​ចំណាត់ការ​ផ្លូវអាកាស​របស់​អាមេរិក ទោះជា​អាមេរិក​លើក​ហេតុផល​ថា ការបាញ់​មី​ស៊ី​ល​នេះ ធ្វើឡើង​ជាការ​ឆ្លើយតប​នឹង​ការវាយប្រហារ​ដោយ​អាវុធ​គីមី​ពី​សំណាក់​ទាហាន​រដ្ឋាភិបាល​ប្រធានាធិបតី Bashar al-Assad ក្ដី​។ រុស្ស៊ី និយាយថា អាមេរិក​មិនមាន​ភស្តុតាង​គ្រប់គ្រាន់​ផង ក៏​វាយប្រហារ​លើ​ស៊ី​រី​តែម្ដង​។​

​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ដែល​តែង​ចេញមុខ​ការពារ​ស៊ី​រី​រហូតមក ចាត់ទុក​ការវាយប្រហារ​មី​ស៊ី​ល​របស់​អាមេរិក ជា​រឿង​ខុសច្បាប់​អន្តរជាតិ​។ បើតាម​សារព័ត៌មាន RT លោក​បន្តថា បើទោះជា​អាមេរិក​គ្មាន​ភស្តុតាង​ដាក់បន្ទុក​លើ​របប​ស៊ី​រី​ក៏ដោយ សម្ព័ន្ធ​យោធា​ណា​តូ​ឯណោះ ក៏​នៅតែ​គាំទ្រ​ការបាញ់​មី​ស៊ី​ល​នេះ​ដដែល​។ ទាំង​អគ្គលេខាធិការ​ណា​តូ ទាំង​មេដឹកនាំ​ប្រទេស​សមាជិក​អង្គការ​យោធា ថែមទាំង​ទម្លាក់កំហុស​លើ​ប្រធានាធិបតី Assad ទៅទៀត​។​

​ការវាយប្រហារ​លើ​មូលដ្ឋាន​អាកាស Shayrat កាលពី​ថ្ងៃទី​៧ ខែមេសា គឺជា​ការឆ្លើយតប​នឹង​ការប្រើប្រាស់​អាវុធ​គីមី​ក្នុង​ខេត្ត Idlib ដែល​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​៨០​នាក់ ត្រូវ​បាត់បង់​ជីវិត​។ ក្រុង​វ៉ាស៊ីនតោន និង​សម្ព័ន្ធមិត្ត​បានដាក់​មុខព្រួញ​ចោទប្រកាន់​រដ្ឋាភិបាល​ស៊ី​រី​ថា​នៅ​ពីក្រោយ​ការវាយប្រហារ​អមនុស្សធម៌​នេះ និង​ប្រើប្រាស់​មូលដ្ឋាន Shayrat ដើម្បី​ធ្វើ​ប្រតិបត្តិការ​នេះ​។ ប៉ុន្តែ​រដ្ឋាភិបាល​ស៊ី​រី ទាត់ចោល​ការចោទប្រកាន់​ទាំងអស់​មកលើ​ខ្លួន​។​

​ក្រោយ​ការវាយប្រហារ​អាវុធ​គីមី​នេះ ប្រទេស​ជាច្រើន ក៏​ស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​រក​មូលហេតុ​ឲ្យ​បានច្បាស់លាស់ ប៉ុន្តែ​មកដល់ពេលនេះ គេ​មិនឃើញ​មានការ​ស៊ើបអង្កេត​ណាមួយ​ឡើយ​។ អាមេរិក នៅតែ​រក្សា​ជំហរ​ថា​របប​លោក Assad ជា​អ្នក​សម្លាប់​ប្រជាជន​ខ្លួនឯង និង​បាន​ព្រមាន​វាយប្រហារ​ជាថ្មីទៀត បើ​សកម្មភាព​អមនុស្ស​ធ៌​បន្ត​កើតឡើង​ដដែល​។

​ចំណែក​ក្រុង​មូ​ស្គូ ក៏បាន​និយាយ​ការពារ​របប​ដឹកនាំ​ស៊ី​រី​ទៀតថា ក្រុង​ដា​ម៉ាស់ គ្មាន​ហេតុផល ឬ​យុទ្ធសាស្ត្រ​អ្វី ឬ​សូម្បី​សមត្ថភាព​ដើម្បី​វាយប្រហារ​អាវុធ​គីមី​ដែរ​។ នេះ​ក៏​ព្រោះតែ អាវុធ​គីមី​ក្នុង​ឃ្លាំង​ស្តុក​ទាំងអស់ ត្រូវបាន​បំផ្លាញ​អស់ហើយ លើកលែង​ឃ្លាំង​ស្តុក​នៅ​ទឹកដី​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ប៉ុណ្ណោះ​។ លោក ពូ​ទីន ក៏​ព្រមាន​ដែរ​ថា អាមេរិក​អាច​ប្រើ​មូលហេតុ​ស្រដៀង​គ្នា​នេះ ដើម្បី​វាយប្រហារ​លើ​ស៊ី​រី​លើក​ក្រោយ​ទៀត​មិន​ខាន​៕


Tag:
 រុស្ស៊ី​
  ណា​តូ​
  Vladimir Putin
  ស៊ី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com