អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង​ត្រៀម​កំដរ​ជានិច្ច រាល់ «​ការវាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​»
15, Apr 2017 , 11:29 am        
រូបភាព
កូរ៉េខាងជើង​ចាប់ផ្តើម​បង្អួត​ទ័ព​របស់ខ្លួន​នៅ​ថ្ងៃ​ខួប​ទី ១០៥​ឆ្នាំ​របស់​ជីតា​លោក គីម​ជុង​អ៊ុន​។ ក្រុង​ព្យុងយ៉ាង​ក៏​ព្រមាន​ផងដែរ​ថា ខ្លួន​មិន​អត់ឱន​ឡើយ​ចំពោះ​ទ័ព​បរទេស​ឈ្លានពាន​និង​ត្រៀម​តបត​រាល់​ការគំរាមកំហែង​ទាំងអស់់​រួមទាំង​សង្គ្រាម នុយក្លេអ៊ែរ​ផង​។​



​ស្របពេល​ដែលមាន​ភាព​តានតឹង​ខ្លាំង​ស្រាប់​នៅ​ឧបទ្វីប​កូរ៉េ​ស្រាប់ ក្រុង​ព្យុងយ៉ាង​ចាប់ផ្តើម​បង្អួត​សាច់ដុំ​យោធា​ជាពិសេស​ចំនួន​កងទ័ព​និង​សព្វាវុធ​ក្នុង​ថ្ងៃ​ខួប​ទី ១០៥ នៃ​ជីតា​របស់​មេដឹកនាំ​កំពូល គីម ជុង អ៊ុន​ផងដែរ​នា​ថ្ងៃ​សៅរ៍​នេះ​។​

១.​កូរ៉េខាងជើង​ត្រៀមខ្លួន​ឆ្លើយតប​រាល់​សង្គ្រាម​នុយក្លេអ៊ែ​រ​
​ជា​ទម្លាប់​នៅ​ថ្ងៃ​ខួប​នេះ គេ​តែង​ឃើញ​មាន​ក្បួនព្យុហយាត្រា​យោធា​ដែល​ក្នុងនោះ​មាន​ក្បួន​រថក្រោះ​, កងទ័ព​, មី​ស៊ី​ល និង​សព្វាវុធ​ផ្សេងទៀត​ជាច្រើន​។  ក្រុម​អ្នកជំនាញ​យោធា​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ស្ថានការណ៍​កូរ៉េខាងជើង​និង​ការ​បង្អួត​សព្វាវុធ​ថ្មីៗ​ផង​។ កូរ៉េខាងជើង​អាច​នឹង​បង្អួត​មី​ស៊ី​ល​អន្តរទ្វីប​ដែល​ខ្លួន​ទើប​ផលិត​បាន​ថ្មី​ផង​ក្នុង​ថ្ងៃ​ខួប​ដ៏​សំខាន់​នេះ​។​ ហើយ​អ្វីដែល​គួរ​ឲ្យ​បារម្ភ​កូរ៉េខាងជើង​អាច​នឹង​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជាថ្មី​ផងដែរ​។ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ប្រាំ​ដង​រួចទៅហើយ ដោយ​ការបាញ់​សាកល្បង​នេះ​ធ្វើឡើង​ពីរដង​កាលពី​ឆ្នាំមុន​។

ការ​បង្អួត​សាច់ដុំ​យោធា​របស់​ក្រុង​ព្យុង​យ៉ាងនេះ ជា​សារ​មួយ​សម្រាប់​ក្រុង​តូ​ក្យូ​, ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ាស៊ីនតោន​ថា​កូរ៉េខាងជើង​មិន​ខ្លាច​រាល់​ការឈ្លានពាន​របស់​សត្រូវ​ឡើយ​។​
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រី​កូរ៉េខាងជើង​បានប្រកាស​ថា ក្រុង​ព្យុងយ៉ាង​ត្រៀមលក្ខណ​រួចរាល់​ហើយ​ដើម្បី​ឆ្លើយ​បត​រាល់​ការវាយប្រហារ​នុយក្លេអ៊ែរ​ពី​សំណាក់​សត្រូវ​។​
​កាលពី​សប្តាហ៍​មុន ក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជូន​ក្រុម​នាវា​ប្រយុទ្ធ​ដឹកនាំ​ដោយ​នាវា​ដឹក​យន្តហោះ USS Carl Vinson ទៅកាន់​ឧបទ្វីប​កូរ៉េ ហើយ​មានការ​វាយតម្លៃថា រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ កំពុង​ត្រៀមលក្ខណៈ​វាយប្រហារ​កូរ៉េខាងជើង​ដោយ​សហការ​ជាមួយ​កូរ៉េខាងត្បូង​និង​ជប៉ុន​ផងដែរ​។ យ៉ាងណាមិញ វា​ជាការ​បង្អួត​សាច់ដុំ​ដើម្បី​កំញើញ​កូរ៉េខាងជើង​ច្រើនជាង​។  បើ​សង្គ្រាម​កើតឡើង​មែន​នោះ វា​នឹង​ក្លាយជា​សង្គ្រាម​នុយក្លេអ៊ែរ​ដែល​គ្រប់គ្នា​ក្លាយជា​ជនរងគ្រោះ​។

២.​ចិន​ព្រមាន​ថា សង្គ្រាម​អាច​ផ្ទុះឡើង​គ្រប់ពេល​
​ដោយឡែក រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី បាន​ព្រមាន​ម្សិលមិញ​ថា សង្គ្រាម​អាច​នឹង​កើតមានឡើង​គ្រប់ពេល​នៅ​ឧបទ្វីប​កូរ៉េ ហើយ​ចិន​ក៏​ស្នើ​ឲ្យ​ភាគី​ទាំងអស់​អត់ធ្មត់​ដើម្បី​បញ្ចៀស​រាល់​គ្រោះមហន្តរាយ​ដែល​បង្កឡើង​ដោយ​សង្គ្រាម​ផង​។​

«​បើសិន​សង្គ្រាម​កើតឡើង​មែន យើង​នឹង​ស្ថិតក្នុង​ស្ថានភាព​ដែល​អ្នក​ទាំងអស់គ្នា​ចាញ់ហើយ​គ្មាន​អ្នកណាម្នាក់​ឈ្នះ​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ការបរទេស​ចិន​។​
​នៅ​សប្តាហ៍​នេះ​ទាំង​ចិន និង​រុស្ស៊ី​ដែលមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុង​ព្យុងយ៉ាង​បាន​បន្ត​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្ត​រក្សា​ការអត់ធ្មត់​ដើម្បី​ទប់ស្កាត់​សង្គ្រាម​ឬ​ការប៉ះទង្គិច​គ្នា​ដោយ​អាវុធ​។​

ក្រៅពី​ការព្រមាន​របស់​ប្រមុខ​ការទូត​ចិន សារព័ត៌មាន​ចិន Global Times ដែល​ភាគច្រើន​ចុះផ្សាយ​ពី​គោលជំហរ​និង​គោលនយោបាយ​របស់រប​ប​ដឹកនាំ​ក្រុង​ប៉េកាំង​នោះ​ក៏​ព្រមាន​ភាគី​ពាក់ព័ន្ធ​ជាពិសេស​ក្រុង​ព្យុងយ៉ាង​ពី​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ផងដែរ​។ ចិន​បាន​ព្រមាន​កូរ៉េខាងជើង​ចំៗ​ឲ្យ​ចៀស​ឲ្យ​បាន​នូវ​ការបង្កើត កំហុសឆ្គង​នៅពេលនេះ​។​
​ស្ថានភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ មហា​យក្ស​ចិន​នេះ​ជា​អ្នក​ដែល​ព្រួយបារម្ភ​ជាងគេ​។ ចិន​ក៏​ទំនងជា​ក្តៅស្លឹកត្រចៀក​ខ្លាំង​ដែរ នៅពេលដែល​កូរ៉េខាងជើង​ក្បាលរឹង​មិន​ស្តាប់បង្គាប់​ខ្លួន​សោះ​។ កូរ៉េខាងជើង​មិនសូវ​ស្តាប់​ចិន​ដូច​មុន​ទេ ហើយ​ដូច​ឃើញស្រាប់​រដ្ឋ​ឯកោ​នេះ​បន្ត​បាញ់​សាក​ល្ប​មី​ស៊ី​ល​ជា​បន្តបន្ទាប់​គ្មាន​ខ្លាចរអែង​ចិន​សូម្បីតែ​បន្តិច​។​

កន្លងមក​ចិន​ក៏​មិន​សប្បាយចិត្ត ដែល ដូ​ណា​ល់ ត្រាំ បន្ត​ទិតៀន និង​ចោទប្រកាន់ថា ខ្លួន​មិន​ខ្វាយខ្វល់​ជួយ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​សោះ​។  ហើយ​ចិន​រឹតតែ​បារម្ភ​និង​មាន​មន្ទិលសង្ស័យ​ពេលដែល​រដ្ឋបាល​ត្រាំ អះអាងថា បើ​ចិន​មិន​ដោះស្រាយ ខ្លួន​ដោះស្រាយ​តែឯង​ក៏បាន ហើយ​ការប្រើប្រាស់​កម្លាំងយោធា​ស្ថិតនៅក្នុង​ជម្រើស​របស់​អាមេរិក​ថែមទៀត​៕ 







Tag:
 គីម អ៊ីល​ស៊ុង
  កូរ៉េខាងជើង
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com