អន្តរជាតិ
អាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធដែនអាកាស ត្រៀមទប់ទល់កូរ៉េខាងជើង យន្តហោះចម្បាំង F-16 នៅឯមូលដ្ឋានអាកាស Kunsan របស់កូរ៉េខាងត្បូង (រូបភាព Xinhua)
× កងទ័ពជើងអាកាសមកពីអាមេរិក និងកូរ៉េខាងជើង បានចាប់ផ្ដើមសមយុទ្ធរួមគ្នារយៈពេល២សប្ដាហ៍នៅមូលដ្ឋានទ័ពអាកាសកូរ៉េខាងត្បូង ដែលមានគោលដៅត្រៀមខ្លួនទប់ទល់ការវាយប្រហារណាមួយពីសំណាក់កូរ៉េខាងជើង ខណៈស្ថានការណ៍នៅឧបទ្វីបកូរ៉េកំពុងតានតឹងខ្លាំង។ សមយុទ្ធរួមគ្នានេះ ក៏មានការចូលរួមពីសំណាក់យន្តហោះចម្បាំងប្រទេសទាំង២ជាច្រើនគ្រឿងទៀត។
ទីបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានប្រកាសនៅថ្ងៃទី១៧ ខែមេសា ថា សមយុទ្ធដែនអាកាសរួមគ្នាដែលមានឈ្មោះថា Max Thunder បានចាប់ផ្ដើមហើយ ដើម្បីពង្រឹងសមត្ថភាពរបស់កងទ័ពអាកាសប្រទេសទាំង២ ។ សមយុទ្ធ Max Thunder ជាលំហាត់ដែនអាកាសប្រចាំឆ្នាំដ៏ធំមួយរវាងអាមេរិក និងកូរ៉េខាងត្បូង ហើយសមយុទ្ធលើកនេះ នឹងបញ្ចប់ទៅវិញនៅដំណាច់ខែមេសាខាងមុខ។ សមយុទ្ធនេះ ក៏ត្រូវមើលឃើញថាជាការប្រុងប្រៀបការពារខ្លួនពីការវាយប្រហាររបស់កូរ៉េខាងជើងដែរ។
បើតាមសេចក្ដីប្រកាសរបស់ទីបញ្ជាការកងទ័ពអាមេរិក យោធាអាមេរិកចំនួន១ពាន់នាក់ នឹងចូលរួមក្នុងសមយុទ្ធដែលធ្វើនៅមូលដ្ឋានទ័ពអាកាស Kunsan ភាគនិរតីកូរ៉េខាងត្បូង។ ជាមួយគ្នានេះ យន្តហោះចម្បាំងជាច្រើនគ្រឿងដូចជា យន្តហោះF-16s, យន្តហោះ AV-8Bs និងយន្តហោះធុន EA-18Gs ក៏បង្ហាញវត្តមានក្នុងសមយុទ្ធនេះ ហើយយន្តហោះទាំងនេះ ហោះចេញពីមូលដ្ឋានទ័ពអាមេរិក នៅកូរ៉េខាងត្បូង និងនៅជប៉ុន។
ចំណែកកម្លាំងទ័ពកូរ៉េខាងត្បូងប្រហែល៥០០នាក់ ក៏ចូលរួមក្នុងប្រតិបត្តិការនេះដែរ។ បន្ថែមពីលើកងទ័ព យន្តហោះកូរ៉េខាងត្បូងដែលចូលរួមសមយុទ្ធមានយន្តហោះប្រយុទ្ធធុន F-15K, F-16, F-5E, F-4E, យន្តហោះធុនស្រាល KA-1, យន្តហោះដឹកជញ្ជូនធុនធំ C-130, ឧទ្ធម្ភាគចក្រធុន HH-60 និងយន្តហោះដឹកជញ្ជូន CN 235 ។
សមយុទ្ធ Max Thunder គឺជាផ្នែកមួយនៃសមយុទ្ធយោធារបស់អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីពង្រឹងចំណងមិត្តភាព និងការប្ដេជ្ញាចិត្តរបស់អាមេរិកចំពោះកូរ៉េខាងត្បូង។ ឧត្តមសេនីយ៍ឯក Thomas W. Bergeson មេបញ្ជាការអង្គភាពទ័ពទី៧ និយាយថា៖ «សមយុទ្ធរួមគ្នានេះ គឺជាឱកាសមិនអាចកាត់ថ្លៃបានក្នុងការសាកល្បងសមត្ថភាពប្រយុទ្ធផ្លូវអាកាសរបស់កងទ័ពអាមេរិក និងកូរ៉េខាងត្បូង ក៏ដូចជាការតាំងចិត្តរបស់សម្ព័ន្ធមិត្តទាំង២ដែរ»។
សមយុទ្ធរួមគ្នានេះ ធ្វើឡើងស្របពេលដែលស្ថានការណ៍នៅឧបទ្វីបកូរ៉េកាន់តែឡើងកម្ដៅ។ អាមេរិក ដែលព្រមានប្រើកម្លាំងទ័ពបញ្ចប់បញ្ហា ក៏បានបន្ថែមកម្លាំងយោធារបស់ខ្លួនកាន់តែច្រើនទៀត ដូចជាការបញ្ជូននាវាចម្បាំងមួយក្រុមដឹកនាំដោយនាវាដឹកយន្តហោះ USS Carl Vinson ជាដើម។ តាមពិតទៅ អាមេរិកក៏មានកងទ័ព, នាវាចម្បាំង និងយន្តហោះជាច្រើនគ្រឿងរួចស្រេចហើយទាំងនៅកូរ៉េខាងត្បូង និងជប៉ុន។ តែការគំរាមកំហែងកាន់តែខ្លាំងរបស់កូរ៉េខាងជើង តម្រូវឲ្យអាមេរិកពង្រឹងសមត្ថភាពយោធារបស់ខ្លួនកាន់តែខ្លាំង៕
Tag:
កូរ៉េខាងត្បូង
អាមេរិក
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com