អន្តរជាតិ
អនុ​ប្រធានាធិបតី Pence រំ​ឮ​ក​កូរ៉េខាងជើង​ថា អាមេរិក​ត្រៀមប្រយុទ្ធ​រួចហើយ​
19, Apr 2017 , 7:19 pm        
រូបភាព
អនុប្រធានាធិបតីអាមេរិក Mike Pence ថ្លែងទៅកាន់ទាហានជើងទឹកអាមេរិកលើនាវាដឹកយន្តហោះ USS Ronald Reagan នៅឯមូលដ្ឋាន Yukosuka (រូបភាព EPA)
អនុប្រធានាធិបតីអាមេរិក Mike Pence ថ្លែងទៅកាន់ទាហានជើងទឹកអាមេរិកលើនាវាដឹកយន្តហោះ USS Ronald Reagan នៅឯមូលដ្ឋាន Yukosuka (រូបភាព EPA)
​សង្គ្រាមពាក្យសម្ដី​ឆ្លើយឆ្លង​រវាង​អាមេរិក និង​កូរ៉េខាងជើង កំពុង​បន្ត​ផ្ទុះឡើង ដោយ​ភាគី​ទាំងពីរ​គំរាម​វាយប្រហារ​គ្នា​ទៅវិញទៅមក​ដល់​ថ្នាក់​គំរាម​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ទៀតផង​។ ថ្លែង​ពី​ជប៉ុន អនុ​ប្រធានាធិបតី​អាមេរិក Mike Pence បាន​ព្រមាន​ជាថ្មី​ម្ដងទៀត​ដល់​កូរ៉េខាងជើង កុំ​ចង់​សាកល្បង​ឥទ្ធិពល​យោធា​អាមេរិក​ឲ្យ​សោះ ព្រោះ​អាមេរិក​នឹង​ឆ្លើយតប​វិញ​ឲ្យ​បាន​ស័ក្តិសម​បំផុត ទោះជា​អាមេរិក​ប្រកាន់​ជំហរ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ក្ដី​។​



​ចេញពី​កូរ៉េខាងត្បូង អនុ​ប្រធានាធិបតី​អាមេរិក Mike Pence បាន​ទៅដល់​សម្ព័ន្ធមិត្ត​តំបន់​អាស៊ី​មួយទៀត គឺ​ជប៉ុន​។ មិន​ខុសពី​នៅ​កូរ៉េខាងត្បូង​ឡើយ លោក Pence បានបញ្ជាក់​ប្រាប់​សម្ព័ន្ធ​មិត្ត​ជប៉ុន​ពី​ការប្ដេជ្ញាចិត្ត​របស់​អាមេរិក​ចំពោះ​សុវត្ថិភាព​ជប៉ុន និង​ជួយ​ការពារ​ជប៉ុន​១០០​ភាគរយ​ពី​ការវាយប្រហារ​ណាមួយ​ពី​សំណាក់​កូរ៉េខាងជើង​។ លោក ក៏​ឆ្លៀតពេល​ទស្សនកិច្ច​នេះ ផ្ញើ​សារ​ព្រមាន​ទៅកាន់​កូរ៉េខាងជើង ដែល​ព្រហើន​មិន​ស្ដាប់​នរណាម្នាក់​នោះ​។

​ថ្លែង​ទៅកាន់​ទាហានជើងទឹក​អាមេរិក​នៅ​ជប៉ុន អនុ​ប្រធានាធិបតី​រូបនេះ និយាយថា រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹង​ចាប់ដៃ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដូចជា​ជប៉ុន ក៏ដូចជា​ចិន និង​មហាអំណាច​ផ្សេងទៀត ដើម្បី​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​សម្ពាធ​ការទូត​លើ​រដ្ឋ​កុម្មុយនីស្ត​ឯកោ​មួយ​នេះ​។ បើតាម​សារព័ត៌មាន ABC News លោក Pence អាមេរិក ក៏​ត្រៀមខ្លួន​វាយបក បើ​មានការ​វាយប្រហារ​ណាមួយ​ធ្វើឡើង​ដោយ​របប​ក្រុង​ព្យុងយ៉ាង​។

«​សហរដ្ឋអាមេរិក នឹង​ស្វែងរក​ផ្លូវ​សន្តិភាព​ដើម្បី​ដោះស្រាយ​ជម្លោះ​។ ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់ ដូ​ណា​ល់ ត្រាំ អាមេរិក​ត្រៀម​អាវុធ​សង្គ្រាម​រួចរាល់​ហើយ​។ អ្នក​ដែល​ចង់​វាយប្រហារ ឬ​ចង់​សាកល្បង​យើង​ត្រូវ​ចាំ​ថា យើង​នឹង​ឆ្លើយតប​វិញ​ដោយ​ស័ក្តិសម ទោះជា​ការវាយប្រហារ​បែបណាក៏ដោយ​»​។ នេះ​ជាស​ម្ដី​ព្រមាន​របស់លោក Pence សំដៅ​កូរ៉េខាងជើង នៅ​ចំពោះមុខ​ទាហាន​អាមេរិក​លើ​នាវា​ដឹក​យន្តហោះ USS Ronald Reagan នៅ​មូលដ្ឋាន​ជើង​ទឹក Yokosuka ។​

​អនុ​ប្រធានាធិបតី​អាមេរិក កំពុងស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​តំបន់​អាស៊ី ដើម្បី​ធានា​ពី​ការតាំង​ចិត្ត​របស់​អាមេរិក​ចំពោះ​សម្ព័ន្ធមិត្ត​របស់ខ្លួន ចំពេល​ដែល​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​កើនឡើង​ខ្លាំង​។ ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​ដែល​ទើប​បញ្ចប់ ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​កូរ៉េខាងជើង​សាកល្បង​មី​ស៊ី​ល តែ​បរាជ័យ​។ នៅ​ជប៉ុន លោក Pence បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ និង​មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត​ផងដែរ​។​

​ការព្រមាន​របស់​មេដឹកនាំ​អាមេរិក ធ្វើឡើង​ក្រោយ​ការ​គំរាម​របស់​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង ដែល​ចង់​វាយប្រហារ​អាមេរិក និង​សម្ព័ន្ធមិត្ត ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ បើ​អាមេរិក និង​បរិវារ ហ៊ាន​បំពាន​អធិបតេយ្យ​ខ្លួន​តែ​បន្តិច​។ ទស្សនកិច្ច​របស់លោក Pence ក៏​ជា​សញ្ញា​បង្ហាញថា រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មិន​បោះបង់​តំបន់​អាស៊ី​ឡើយ ហើយ​ថែមទាំង​បង្កើន​ការប្ដេជ្ញាចិត្ត​ក្នុងការ​ការពារ​មិត្ត​របស់ខ្លួន​ទៀតផង​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  Mike Pence
© រក្សាសិទ្ធិដោយ thmeythmey.com