អន្តរជាតិ
ក្រុង​បាងកក បោសសម្អាត​ការលក់ដូរ​តាម​ដងផ្លូវ​ដ៏​មាន​ប្រជាប្រិយ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​
19, Apr 2017 , 8:19 pm        
រូបភាព
​មួយខែ​ក្រោយ​ជាប់​ឈ្មោះ​ជាទី​ក្រុងមាន​ប្រជាប្រិយ​ផ្ដាច់​គេ​សម្រាប់​គោលដៅ​អាហារ​តាម​ដងផ្លូវ រដ្ឋបាល​ក្រុង​បាងកក បានចេញ​យុទ្ធនាការ​បោសសម្អាត​ការលក់ដូរ​តាម​ដងផ្លូវ​ដ៏​ល្បីល្បាញ​នេះ ដើម្បី​រំដោះ​ចិញ្ចើមផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង និង​រក្សា​អនាម័យ​ក្នុង​ទីក្រុង​មួយ​នេះ​។ យុទ្ធនាការ​បោសសម្អាត​នេះ ធ្វើឡើង​នៅ​ទូទាំង​ទីក្រុង​បាងកក ដោយ​គ្មាន​ការលើកលែង​ឡើយ ហើយនឹង​សម្រេច​ឲ្យ​បាន​នៅ​ដំណាច់ឆ្នាំ​២០១៧ នេះ​តែម្ដង​។​



​អាជ្ញាធរ​ក្រុង​បាងកក បានប្រកាសថា ការលក់ដូរ​អាហារ​តាម​ដងផ្លូវ​ក្នុង​ទីក្រុង នឹងត្រូវ​លុបបំបាត់​ទាំងស្រុង​នៅ​ចុងឆ្នាំ​នេះ ក្នុង​គោលដៅ​បង្កើន​សុវត្ថិភាព អនាម័យ​ក្នុង​ទីក្រុង និង​ការរំដោះ​ផ្លូវ​សម្រាប់​ការធ្វើដំណើរ​ឡើងវិញ​។ ចំណាត់ការ​នេះ ធ្វើឡើង​ស្របពេល​ដែល​ទីក្រុង​បាងកក​ត្រូវបាន​ទទួលស្គាល់​ជា​គោលដៅ​ដ៏​ពេញនិយម​សម្រាប់​អាហារ​តាម​ដងផ្លូវ ដែល​ល្បីល្បាញ​ពេញ​ពិភពលោក និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​យ៉ាងច្រើន​។​
 
​បើតាម​សារព័ត៌មាន​ថៃ The Nation លោក Wanlop Suwandee ប្រធាន​ទីប្រឹក្សា​អភិបាលក្រុង​បាងកក​និយាយថា ការលក់ដូរ​តាម​ដងផ្លូវ​ទាំងអស់​នៅក្នុង​ខណ្ឌ​ទាំង​៥០​របស់​ក្រុង​បាងកក នឹងត្រូវ​ហាមឃាត់​ដាច់ខាត ដោយ​គ្មាន​ការលើកលែង​ឡើយ​។ លោក​បន្តថា គោលដៅ​បន្ទាប់​នៃ​ការ​បោសសម្អាត គឺ Yaowarat និង​ផ្លូវ Khao San គឺជា ក្រោយ​អាជ្ញាធរ​លុបបំបាត់​ការលក់ដូរ​ខុសច្បាប់​នៅឯ Siam Square, Pratunam និង​ផ្សារ​ក្រោម​ស្ពាន Phra Phuttayotfa ។​

​មន្ត្រី​ខាងលើ​ពន្យល់ថា​៖ «​អ្នកលក់ដូរ​តាមផ្លូវ​ទាំងនោះ លក់ដូរ​ទំនិញ​លើផ្លូវ​សាធារណៈ​អស់​ជាច្រើន​ឆ្នាំ​មក ហើយ​យើង​ក៏បានផ្ដល់​កន្លែង​ឲ្យ​ពួកគេ​លក់ទំនិញ​របស់​ពួកគេ​ឲ្យ​បាន​ស្របច្បាប់​ដែរ​។ ដូច្នេះ​អាជ្ញាធរ​នឹងមិន​បន្ធូរដៃ​ឡើយ​។ គ្រប់​អ្នកលក់​តាមផ្លូវ​ទាំងអស់ ត្រូវតែ​រើចេញ​»៕


Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com