អន្តរជាតិ
ប្រធានាធិបតី​ស្ដីទី​កូរ៉េខាងត្បូង​បញ្ជា​ឲ្យ​ទ័ព​ត្រៀមខ្លួន​វាយបក បើ​កូរ៉េខាងជើង​ហ៊ាន​វាយលុក​
20, Apr 2017 , 2:39 pm        
រូបភាព
ប្រធានាធិបតីស្ដីទី និងជានាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Hwang Kyo-ahn ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី (រូបភាព Xinhua)
ប្រធានាធិបតីស្ដីទី និងជានាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Hwang Kyo-ahn ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី (រូបភាព Xinhua)
​នាយករដ្ឋមន្ត្រី និង​ជា​ប្រធានាធិបតី​ស្ដីទី​កូរ៉េខាងត្បូង Hwang Kyo-ahn បានចេញ​បញ្ជា​ឲ្យ​កងទ័ព​ទាំងអស់ ត្រៀមខ្លួន​ឲ្យ​ស្រេចបាច់​ក្នុងការ​ឆ្លើយតប​ភ្លាមៗ បើ​មានការ​វាយប្រហារ​ណាមួយ​ពី​សំណាក់​កូរ៉េខាងជើង​។ ខណៈ​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​កំពុង​តានតឹង​ខ្លាំង កូរ៉េខាងជើង​ព្រមាន​ហើយ​ថា រដ្ឋធានី​សេ​អ៊ូ​ល និង​មូលដ្ឋាន​កងទ័ព​អាមេរិក​នៅ​កូរ៉េខាងត្បូង គឺជា​គោលដៅ​វាយប្រហារ​សងសឹក​រប​ស់​ខ្លួន ហើយ​ត្រូវកម្ទេច​ក្លាយជា​ផេះ​តែម្ដង​។​



​ការឆ្លើយ​ឆ្លង​សម្ដី​គំរាម​គ្នា​ទៅវិញទៅមក​រវាង​អាមេរិក និង​កូរ៉េខាងជើង កំពុងតែ​ធ្វើ​ឲ្យ​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​កាន់តែ​ពិបាក​ស្មាន​។ កូរ៉េខាងជើង មិន​ញញើត​ការ​គំរាម​របស់​អា​មេ​រិ​កឡើ​យ ហើយ​ថែមទាំង​គំរាម​វាយបក​លើ​អាម​រិ​ក និង​សម្ព័ន្ធមិត្ត​អាមេរិក​មាន​កូរ៉េខាងត្បូង និង​ជប៉ុន​ទៅទៀត​។ កូរ៉េខាងត្បូង ដែល​នៅជាប់​កូរ៉េខាងជើង ពិតជា​ព្រួយបារម្ភ​ខ្លាំង ព្រោះ​ខ្លួន​ជា​មុខសញ្ញា​មុនគេ បើ​មានការ​វាយប្រហារ​លើក​នេះ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​២០ ខែមេសា ប្រធានាធិបតី​ស្តីទី Hwang Kyo-ahn បាន​ប្រាប់​ឲ្យ​កងទ័ព​ទាំងអស់​ត្រៀមលក្ខណៈ​តាមដាន​ឲ្យ​បាន​ជិតដិត​សកម្មភាព​បង្ករឿង​របស់​កូរ៉េខាងជើង​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោក Hwang Kyo-ahn ដែលជា​នាយករដ្ឋមន្ត្រី​ដែរនោះ ក៏​ស្នើ​ឲ្យ​កងទ័ព​ពង្រឹងសមត្ថភាព​របស់​ខ្លួន ដើម្បី​ត្រៀម​ឆ្លើយតប​ភ្លាមៗ​ការវាយប្រហារ​ណាមួយ​ពី​សំណាក់​កងទ័ព​ក្រុង​ព្យុងយ៉ាង​។​

​ជាមួយគ្នា​នោះ លោក Hwang Kyo-ahn ក៏​ទាយ​ទុក​មុន​ដែរ​ថា កូរ៉េខាងជើង អាច​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក ឬក៏​សាកល្បង​នុយក្លេអ៊ែរ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ កាលពី​ចុង​សប្ដាហ៍​មុន កូរ៉េខាងជើង បាន​ត្រឹម​បាញ់​មី​ស៊ី​ល​ប៉ុណ្ណោះ ហើយ​បរាជ័យ​ទៅទៀត ក្រោយ​សម្រេចចិត្ត​មិន​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦ ដើម្បី​អបអរ​ខួប​១០៥​ឆ្នាំ ថ្ងៃកំណើត​លោក គីម អ៊ី​ល​ស៊ុ​ង​។ ប៉ុន្តែ​កូរ៉េខាងជើង​អាច​សាកល្បង ឬ​បាញ់​មី​ស៊ី​ល​ម្ដងទៀត នៅ​សប្ដាហ៍​ក្រោយ នាឱកាស​ខួប​ទី​៨៥​ថ្ងៃកំណើត​កងទ័ព​រំដោះ​ប្រជាជន​កូរ៉េ​។​

​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​តានតឹង​ខ្លាំង ព្រោះ​កូរ៉េខាងជើង​នៅតែ​មិន​បោះបង់​មហិច្ឆតា​នុយក្លេអ៊ែរ​របស់ខ្លួន ហើយ​ម្ដង​ហើយ​ម្ដងទៀត បាន​សាកល្បង និង​បាញ់​មី​ស៊ី​ល​ផ្គើន​គេឯង​ទៀតផង​។ អាមេរិក ក៏​មិន​នៅ​ស្ងៀម​ដែរ គឺ​បាន​ព្រមាន​កូរ៉េខាងជើង​ដូចគ្នា និង​បាន​ប្រាប់​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ មិនត្រូវ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦ ឡើយ​។ អាមេរិក ក៏​ព្រមាន​ប្រើ​កម្លាំង​ទ័ព​ឯកតោភាគី ដើម្បី​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។

​បើទោះជា​មានការ​ត្រៀមខ្លួន​ប្រយុទ្ធ​ដោយ​ភាគី​ទាំងសងខាង​ក៏ដោយ ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​មាន​ចិន និង​រុស្ស៊ី​ជាដើម ក៏​ស្នើ​ឲ្យ​អាមេរិក​មិន​ត្រូវធ្វើ​ប្រតិបត្តិការ​យោធា​ឯកតោភាគី​ឡើយ​។ ចិន ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង នៅតែ​ប្រកាន់​ជំហរ​ចរចា​ក្នុងការ​ដោះស្រាយ​ភាព​តានតឹង​ទាំងនេះ ប៉ុន្តែ​សំណើ​របស់​ចិន មិនត្រូវ​កូរ៉េខាងជើង​ស្ដាប់​ឡើយ​។ ចុងក្រោយ​នោះ ទាំង​កូរ៉េខាងជើង ទាំង​អាមេរិក​និង​សម្ព័ន្ធមិត្ត សុទ្ធតែ​ចាំមើល​ទង្វើ​ភាគី​ម្ខាងៗ​ទៀត ខណៈ​កងទ័ព​ក៏​ត្រៀមខ្លួន​ប្រយុទ្ធ​ហើយ​ដែរ​៕     


Tag:
 ឧបទ្វីប​កូរ៉េ​
  Hwang Kyo-ahn
© រក្សាសិទ្ធិដោយ thmeythmey.com