អន្តរជាតិ
ថៃ​៖ អ្នកបើកបរ​ស្រវឹង ត្រូវ​បញ្ជូនទៅ​កន្លែង​ដាក់​សព និង​មន្ទីរពេទ្យ ដើម្បី​ឲ្យ​យល់​ពី​គ្រោះថ្នាក់​
20, Apr 2017 , 8:39 pm        
រូបភាព
​អ្នកបើកបរ​ទាំងឡាយ ដែល​ប្រព្រឹត្ត​បទល្មើស​បញ្ជា​យានយន្ត​ក្នុងស្ថានភាព​ស្រវឹង​អំឡុង​ពិធីបុណ្យ​ចូល​សង្ក្រាន្ត នឹងត្រូវ​បញ្ជូន​ឲ្យ​ទៅធ្វើ​ការ​ក្នុង​មន្ទីរពេទ្យ ឬក៏​កន្លែង​ដាក់​សព ដើម្បី​បង្កើន​ការយល់ដឹង​របស់​ពួកគេ ជុំវិញ​ផលវិបាក​កើតចេញពី​គ្រោះថ្នាក់​ចរាចរណ៍​។ នេះ គឺជា​ការប្រកាស​របស់​នាយកដ្ឋាន​ហាត់​ការ​របស់​ថៃ ក្នុង​គោលដៅ​កាត់បន្ថយ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​សម្លាប់​មនុស្ស​ជាច្រើន​រយ​នាក់​ផង និង​ដើម្បី​អប់រំ​អ្នកបើក​បរផង​។​



​ពិធី​ចូលឆ្នាំថ្មី គឺជា​ពេលវេលា​ដែល​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​ខ្លាំង​បំផុត បើទោះជា​រដ្ឋាភិបាល​ថៃ​ខំប្រឹង​ចាត់​វិធានការណ៍​ទប់ស្កាត់​ក៏ដោយចុះ​។ ជា​រៀងរាល់ឆ្នាំ អំឡុងពេល​ប្រារព្ធ​ពិធី​សំខាន់​នេះ គ្រោះថ្នាក់​ចរាចរណ៍​រាប់ពាន់​ករណី​បានកើត​ឡើង និង​ឆក់យក​ជីវិត​មនុស្ស​រាប់រយ​នាក់​។ ភាគច្រើន​នៃ​គ្រោះថ្នាក់​ទាំងអស់ គឺ​បណ្ដាលមកពី​ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង ខណៈ​ខ្លះទៀត​បណ្ដាលមកពី​ការបើក​ដោយ​ខ្វះ​ការធ្វេសប្រហែស​។​

​ក្នុង​គោល​ការ​ដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ អាជ្ញាធរ​ថៃ ក៏​ចេញ​វិធានការណ៍ ដោយ​បញ្ជូន​អ្នកបើកបរ​ល្មើសច្បាប់​ទាំងនោះ ទៅធ្វើ​ការ​នៅតាម​មន្ទីរពេទ្យ និង​កន្លែង​ដាក់​សាកសព ដែល​ធ្វើ​ដូចនេះ​ពួកគេ​នឹង​យល់ដឹង​ច្រើន​ពី​គ្រោះថ្នាក់​។ លោក Narat Sawetnant ជា​ប្រធាន​នាយក​ដ្ឋា​ខាងលើ​និយាយថា ចំណាត់ការ​នេះ គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​នាយកដ្ឋាន​របស់លោក​ដើម្បី​អប់រំ និង​ត្រួតពិនិត្យ​អាកប្បកិរិយា​ជនល្មើស​។​

​កាសែត​បាងកក​ប៉ុស្តិ៍​ផ្សាយ​ថា តុលាការ នឹង​បញ្ជា​ឲ្យ​ជនល្មើស​ធ្វើការ​នៅ​មន្ទីរពេទ្យ និង​កន្លែង​ដាក់​សព​។ នៅ​កន្លែង​ទាំងនោះ អ្នកប្រព្រឹត្ត​ខុស​ទាំងនោះ ត្រូវ​ធ្វើការ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ និង​សង្កេតមើល​សកម្មភាពរ​បស់​ក្រុមគ្រូពេទ្យ ដែល​កំពុង​ព្យាបាល​អ្នកជំងឺ​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​ចូល​មើល​ស្ថានភាព​អ្នកជំងឺ ក៏ដូចជា​ជនពិការ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផង​។ ការធ្វើ​ដូចនេះ នឹង​កែប្រែ​អាកប្បកិរិយា​នៃ​អ្នកបើកបរ​មិន​ខាន​។​

​លោក Narat បញ្ជាក់ដែរថា ចំណាត់ការ​ថ្មី​នេះ អាច​នឹង​ចេញ​ជា​រូបរាង​ក្នុង​ខែមិថុនា​។ លោក​បន្តថា ជនល្មើស ក៏​អាច​ត្រូវ​ហាមឃាត់​ពី​ការចូលទៅ​តំបន់​ណាមួយ​ដែរ ឬក៏​ចាក​ចេញពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​ដែរ ហើយ​អ្នក​ដែល​បំពាន​ការហាមឃាត់​នេះ នឹងត្រូវ​ចាប់ខ្លួន ឬក៏​បញ្ជូន​ទៅកាន់​ពន្ធនាគារ​មិន​ខាន​។ បើតាម​លោក Narat ការធ្វើ​ដូច្នេះ​មិន​បំពាន​សិទ្ធិមនុស្ស​ឡើយ ព្រោះ​ធ្វើតាម​ច្បាប់​ប្រទេស​ប៉ុណ្ណោះ​។​

​ក្នុង​រយៈពេល​នៃ​ការអបអរ​ពិធី​សង្ក្រាន្ត មនុស្ស​ចំនួន​៣៩០​នាក់ បាន​បង់ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ និង​៣៨០៨​នាក់​ទៀត​រងរបួស​។ រដ្ឋាភិបាលយោធា​ថៃ បាន​បើក​យុទ្ធនាការ​៧​ថ្ងៃ​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ ដោយបាន​អប់រំ​ប្រជាជន និង​រឹតបន្តឹង​សុវត្ថិភាព​នៃ​ការធ្វើដំណើរ​។ យ៉ាងណាក្ដី ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​កើន​ខ្ពស់​ដដែល ទោះជា​ចំនួន​អ្នកស្លាប់​ថយចុះ​បន្តិចបន្តួច បើ​ប្រៀបធៀប​ឆ្នាំ​កន្លងទៅ​៕


Tag:
 ថៃ​
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com