អន្តរជាតិ
នាវា​កងទ័ពជើងទឹក​រុស្ស៊ី​២​គ្រឿង ទៅដល់​ហ្វីលីពីន​
20, Apr 2017 , 4:33 pm        
រូបភាព
នាវាល្បាតបំពាក់មីស៊ីល Varyag របស់កងទ័ពជើងទឹករុស្ស៊ីនៅកំពង់ផែក្រុងម៉ានីល (រូបភាព Reuters)
នាវាល្បាតបំពាក់មីស៊ីល Varyag របស់កងទ័ពជើងទឹករុស្ស៊ីនៅកំពង់ផែក្រុងម៉ានីល (រូបភាព Reuters)
​នាវា​២​គ្រឿង​នៃ​កងទ័ពជើងទឹក​រុស្ស៊ី បាន​ទៅ​ហ្វីលីពីន​នៅ​ថ្ងៃទី​២០ ខែមេសា ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ​រួមគ្នា​។ ការមកដល់​នេះ គឺជា​ផ្នែក​មួយ​គោលនយោបាយ​ការបរទេស​ថ្មី​របស់​ប្រធានាធិបតី Rodrigo Duterte ដែល​ងាក​ចេញពី​អាមេរិក​ជា​សម្ព័ន្ធមិត្ត​យូរ​ឆ្នាំ និង​បោះដៃ​ទៅរក​គូប្រជែង​របស់​អាមេរិក​មាន​រុស្ស៊ី និង​ចិន​ជាដើម​។ ទស្សនកិច្ច​នេះ ក៏​ជា​ឱកាស​សម្រាប់​រុស្ស៊ី​ក្នុង​បង្ហាញ​សព្វាវុធ​របស់ខ្លួន​សម្រាប់​ទាក់ទាញ​ចំណាប់អារម្មណ៍​ហ្វីលីពីន​ដែរ​។​



​នាវា​ល្បាត​បំពាក់​មី​ស៊ី​ល Varyag និង​នាវា​ដឹក​ប្រេង Pechenge កំពុង​ចាប់ផ្ដើម​ទស្សនកិច្ច​៤​ថ្ងៃ​នៅ​ហ្វីលីពីន ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ដែល​កំពុងតែ​ផ្អែមល្ហែម​។ នេះ​ជា​លើក​ទី​២ ដែល​នាវា​រុស្ស៊ី​មាន​វត្តមាន​លើ​ទឹកដី​ហ្វីលីពីន​ក្នុង​រយៈពេល​៣​ខែ​ចុងក្រោយ​។ ការមកដល់​របស់​នា​វា​រុស្ស៊ី ក៏​ជាស​ញ្ញា​នៃ​ការ​ទៅមុខ​កាន់តែ​ប្រសើរ​នៃ​ចំណង​ការទូត​រុស្ស៊ី និង​ហ្វីលីពីន ស្របពេល​រដ្ឋបាល​លោក Rodrigo Duterte បែរខ្នង​ដាក់​អាមេរិក​នោះ​។​

​លោក Lued Lincuna នាយក​កិច្ចការ​សាធារណៈ​នៃ​កងទ័ពជើងទឹក​រុស្ស៊ី​និយាយថា កងទ័ព​ហ្វីលីពីន​សង្ឃឹមថា​អាច​រៀនសូត្រ​បាន​ច្រើន​ពី​កងទ័ព​រុស្ស៊ី អំឡុងពេល​លំ​ហាត់​រួមគ្នា​នេះ​។ ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា កងទ័ពជើងទឹក​ទាំង​២​ប្រទេស នឹងចូលរួម​សមយុទ្ធ​រួមគ្នា និង​លេង​កីឡា​ជាមួយគ្នា​ព្រមទាំង​ចូលរួម​កម្មវិធី​តន្ត្រី​រួមគ្នា​ដែរ​។ ម្យ៉ាងទៀត ក្រុង​មូ​ស្គូ ក៏​ចង់​ជួយ​ក្រុង​ម៉ានីល​លើ​កិច្ចការ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម និង​ក្រុមចោរ​សមុទ្រ​ដែរ​។​

​តាមពិតទៅ​ការងារ​នេះ ធ្លាប់ជា​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​រវាង​កងទ័ព​ហ្វីលីពីន និង​អាមេរិក​។ ប៉ុន្តែ​ចាប់តាំងពី​ការប្រកាស​ផ្លាស់ប្ដូរ​នយោបាយ​ការ​បរ​ទស​មក កិច្ចសហប្រតិបត្តិការ​យោធា​ប្រទេស​ទាំង​២ ក៏​បែរជា​រង្គោះរង្គើ​ខ្លាំង ហើយ​លោក Duterte ក៏​រិះគន់​អាមេរិក​ខ្លាំងៗ និង​ជា​ចំហ​មិនដែល​ដាច់​ពេល​ឡើយ​។ នយោបាយ​ការបរទេស​ដែល​លោក Duterte ហៅថា​ឯករាជ្យ គឺ​ការ​ងាក​ទៅរក​គូប្រជែង​អាមេរិក ហើយ​ដោះដៃ​ចេញពី​អាមេរិក​។​

​ក្រៅតែពី​ការរិះគន់​អាមេរិក ប្រធានាធិបតី​ហ្វីលីពីន ក៏​និយាយ​លើកសរសើរ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ទៅទៀត​។ លោក Duterte នឹង​ហោះហើរ​ទៅកាន់​រុស្ស៊ី​ដើម្បី​ជួប​សម្ព័ន្ធមិត្ត​ថ្មី​នៅ​ខែឧសភា​ខាងមុខ ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ថ្មីថ្មោង​នេះ​។ មេដឹកនាំ​ទាំង​២ ក៏​រំពឹងថា​ចុះ​កិច្ចព្រមព្រៀង​ការពារជាតិ​មួយ សំដៅ​រឹតចំណង​មិត្តភាព​ឲ្យ​កាន់តែ​ប្រសើរ ខណៈ​ហ្វីលីពីន ក៏​កំពុងមាន​ចំណាប់​ទិញ​សព្វាវុធ​មួយចំនួន​ពី​រុស្ស៊ី​ដែរ​។​

​ទាក់ទង​បញ្ហា​ទិញដូរ​អាវុធ​នេះ លោក Duterte ក៏​ណែនាំ​ឲ្យ​រដ្ឋមន្ត្រី​ការពារជាតិ​របស់លោក ពិនិត្យមើល​អាវុធ​ថ្មីៗ​ដែល​ហ្វីលីពីន​មានលទ្ធភាព​ទិញយក​ប្រើប្រាស់​ដូចជា​កាំភ្លើង​, យន្តហោះ​ដ្រូ​ន និង​ឧទ្ធម្ភាគចក្រ​ជាដើម​។ មិនតែប៉ុណ្ណោះ ហ្វីលីពីន ក៏​សំឡឹង​រក​នាវាមុជទឹក​ផលិត​ដោយ​រុស្ស៊ី​ផងដែរ ដ្បិតអី​ហ្វីលីពីន​កំពុងមាន​ជម្លោះ​ដែនទឹក​ស្រាប់​ផង​៕


Tag:
 ​រុស្ស៊ី​
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com