អន្តរជាតិ
បើសិន​លោកស្រី Marine Le Pen ជាប់ឆ្នោត​ជា​ប្រធានាធិបតី​បារាំង​...
20, Apr 2017 , 9:39 pm        
រូបភាព
​ថ្ងៃអាទិត្យ​ខាងមុខ​ប្រជាជន​បារាំង នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​។ បេក្ខជន​មានសង្ឃឹម​ខ្ពស់​ជាងគេ​មាន​ពីររូប​ក្នុងនោះ​មាន​អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក Emanuel Macron និង អ្នកនយោបាយ​ស្តាំនិយម​ជ្រុល​លោកស្រី Marine Le Pen​។ អ្នក​ទាំងពីរ​អាច​នឹង​ឈានទៅ​ប្រជែង​គ្នា​ម្តង​ក្នុងការ​បោះឆ្នោត​ជុំ​ទី​ពីរ នៅ​ថ្ងៃ ៧​ឧសភា​ខាងមុខ បើសិនជា​គ្មាន​អ្នកណាម្នាក់​រកបាន​សំឡេងគាំទ្រ​ភាគច្រើន​ដាច់ខាត​នៅ​ថ្ងៃ ២៣ ខែមេសា​ទេ​។ យ៉ាងណាមិញ បើសិន Marine Le Pen ឈ្នះឆ្នោត​រឿងចម្រូងចម្រាស​ជាច្រើន​នឹង​អាច​កើតឡើង ហើយ​អឺរ៉ុប​ដូចជា​កំពុង​ត្រៀមខ្លួន​ជាស្រេច​ហើយ​ដើម្បី​ទទួលយក​លទ្ធផល​ដែល​អ្នកនយោបាយ​ប្រឆាំង​អឺរ៉ុប​នេះ​ឈ្នះ​។​



​នៅសល់​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការបោះឆ្នោត​ប្រធានាធិបតី​បារាំង​នឹង​មកដល់​។ គ្រប់គ្នា​ចោល​ភ្នែក​មើល​ការឃោសនា​នយោបាយ​និង​ការប្រកួតប្រជែង​គ្នា​រវាង​បេក្ខជន​ប្រធានាធិបតី​ដែលមាន​និន្នាការ​នយោបាយ​ផ្សេងៗ​គ្នា​នោះ​។ បេក្ខជន​តែ​ពីររូប​ប៉ុណ្ណោះ​ដែលមាន​លទ្ធភាព​ដណ្តើម​យក​ដំណែង​ប្រធានាធិបតី​នៃ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លេខ​រៀង​ប្រាំ​របស់​ពិភពលោក និង​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​របស់​អឺរ៉ុប​ផង​នោះ​។ បេក្ខជន​ទីមួយ​គឺ លោកស្រី Marine Le Pen និង​បេក្ខជន​ទី​ពីរ គឺ​លោក Emanuel Macron ដែលជា​អតីតរដ្ឋមន្ត្រី​សេដ្ឋកិច្ច​បារាំង​នោះ​។

​ការបោះឆ្នោត​បារាំង​ជុំទីមួយ បេក្ខជន​ត្រូវ​រក​សំឡេង​ឲ្យ​បាន​ភាគច្រើន​ដាច់ខាត ដើម្បី​ឈ្នះ​តំណែង​។ បើសិន​គ្មាន​អ្នកឈ្នះ​បាន​សំឡេង​តាម​កំណត់​ទេ បេក្ខជន​លេខ​រៀង​ទីមួយ​និង​លេខ​រៀង​ទី​២​នឹងត្រូវ​ប្រជែង​គ្នា​នៅ​ជុំ​ទី​ពីរ​បន្ទាប់​ទៀត​។  យោងតាម​សារព័ត៌មាន Business Insider មាន​របាយការណ៍​ស្ទង់​មតិ​មួយចំនួន​បង្ហាញថា លោកស្រី Marine Le Pen  បាន​សំឡេង​ច្រើន​លេខ​រៀង​ទី​មួ និង​លោក Emanuel Macron ស្ថិតនៅ​លេខ​រៀង​ពីរ​។​ដែល​នេះ​មានន័យថា អ្នក​ទាំងពីរ​នឹង​ឡើងទៅ​ប្រកួត​នៅ​ជុំ​ទី​២​នៅ​ថ្ងៃ​៧ ឧសភា​។​

​តាមពិតទៅ​ប្រធាន​បក្ស​រណសិរ្ស​ជាតិ​លោកស្រី Marine Le Pen ស្ថិត​ក្នុងចំណោម​មេដឹកនាំ​បរទេស​មួយចំនួន​ដែល​អបអរសាទរ​លោក ដូ​ណា​ល់ ត្រាំ មុនគេ​បង្អស់ បន្ទាប់ពី​លោក​ជាប់ឆ្នោត​ថ្ងៃ ៨​ខែវិច្ឆិកា​ឆ្នាំមុន​។ លោកស្រី​ទំនងជា​មាន​សុទិដ្ឋិនិយម​ថា ឱកាសលោក​ស្រី​ក្នុងការ​កាន់តំណែង​ប្រធានាធិបតី​បារាំង​ក៏​ជិត​មកដល់​ដូចគ្នា​ដែរ ហើយ​លោកស្រី​បាន​ព្រលយ​ថា​«​ត្រាំ​ជាប់ឆ្នោត ជា​ដំណឹង​ល្អ​សម្រាប់​បារាំង​»​។​

​ខណៈដែល​អ្នកនយោបាយ​មាន​និន្នាការ​ប្រឆាំង​អឺរ៉ុប​សង្ឃឹម​ក្លាយជា​មេដឹកនាំ​បារាំង​នៅពេល​ខាងមុខ រដ្ឋ​អឺរ៉ុប​ជាច្រើន​ជាពិសេស​អាល្លឺម៉ង់​នោះ​បន់ស្រន់​ឲ្យ​អ្នកនយោបាយ​ផ្សេងទៀត​ឈ្នះឆ្នោត​មិនមែន​លោកស្រី Le Pen ទៅ​ចុះ​។​

​ថ្វីបើ​គេ​មិន​ចង់​ឲ្យ​លោកស្រី​ជាប់ឆ្នោត​ក៏ដោយ គ្រប់យ៉ាង​ហាក់​ស្ថិតក្នុង​ភាពមិនច្បាស់លាស់ ស្រប​ពេលដែល​ចលនា​ប្រជា​ឧ​ប​បាយ (populism) ទទួលបាន​ការគាំទ្រ​ច្រើន ហើយ​ចរន្ត​ប្រឆាំង​សេរីភាវូបនីយកម្ម​សេដ្ឋកិច្ច និង​សាកលភាវូបនីយកម្ម​ក៏​កើនឡើង​ដូចគ្នា​នៅ​អឺរ៉ុប​។ សូម្បីតែ​អឺរ៉ុប​ខ្លួនឯង​ក៏​ត្រៀមលក្ខណៈ​ជាមុន​ស្រេច​ដែរ ដើម្បី​ទទួលយក​លទ្ធផល​បោះឆ្នោត​នៅ​បារាំង ក្នុងករណី​ដែល​លោកស្រី Le Pen ជាប់ឆ្នោត​ប្រធានាធិបតី​មែន​នោះ​។​គេ​ក៏​គួរ​ដឹង​ដែរ​ថា ក្នុងករណី​ដែល​លោកស្រី​ម្នាក់នេះ ជាប់ឆ្នោត វា​អាច​នឹងមាន​អ្វី​កើតឡើង​ឲ្យ​ប្រាកដ​?

១.​សមរភូមិ ព្រុ​ច​សែ​ល​៖ Le Pen នាំ​បារាំង​ចេញពី​សហភាព​អឺរ៉ុប​?

​បើសិនជា​លោកស្រី Le Pen ជាប់ឆ្នោត​មែន វា​មិន​ខុសពី​ការកើតឡើង​នូវ​រលក​រញ្ជួយ​នយោបាយ​នៅ​អឺរ៉ុប​ឡើយ បន្ទាប់ពី​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​។ លោកស្រី​Le Pen នឹង​ចាប់ផ្តើម​សង្គ្រាម​ជាមួយ​ស្ថាប័ន​ព្រុ​ច​សែ​ល​។ នេះ​ក៏​ព្រោះថា​លោកស្រី​បាន​សន្យា​ជាមុន​ហើយ​ថា ខ្លួន​នឹង​រៀបចំ​ប្រជាមតិ​មួយ​ពាក់ព័ន្ធ​សមាជិកភាព​បារាំង​ក្នុង​សហភាព​អឺរ៉ុប «Frexit» និង​ចាក​ចេញពី​តំបន់​ចាយលុយ​អឺរ៉ូ​ផង​នៅពេលដែល​លោកស្រី ក្លាយជា​ប្រធានាធិបតី​។​
​តាម​ស្ថានភាព​បច្ចុប្បន្ន  លោកស្រី​ប្រហែលជា​បាន​រៀនសូត្រ​ខ្លះ​ពី​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស David Cameron ដោយ​ចាប់ផ្តើម​ចរចា​ជាមួយ​ស្ថាប័ន​អឺរ៉ុប​មុន​ធ្វើ​ប្រជាមតិ​។ បារាំង​នឹង​យក​លេស​រៀបចំ​ប្រជាមតិ​នេះ​ដើម្បី​ចរចា​ជាមួយ​ស្ថាប័ន​ព្រុ​ច​សែ​ល ពាក់ព័ន្ធ​ការរម្លែក​អំណាច​កំណត់ព្រំដែន និង​ទប់ស្កាត់​ចលនា​ជនអន្តោប្រវេសន៍​ជាដើម​។ បារាំង​ក៏​ចង់​ទាញយក​អំណាច​ផ្សេងទៀត​ត្រឡប់មកវិញ​រួមទាំង​អធិបតេយ្យ​ក្នុងការ​កំណត់​រូបី​យ​វត្ថុ និង​ការកំណត់​ការចំណាយ​ជាដើម​ផង​។​

​យ៉ាង​ក៏ដោយ ការរៀបចំ​ប្រជាមតិ​ដើម្បី​ទាញ​បារាំង​ចេញពី​សហភាព​អឺរ៉ុប​ជា​រឿង​អាចទៅរួច​។ ប៉ុន្តែ​វា​មានការ​លំបាក​ខ្លាំង​សម្រាប់​លោកស្រី​ដែរ​។ យោងតាម​សារព័ត៌មាន Financial Times អ្នកជំនាញ​ខ្លះ​បាន​ព្យាករ​ថា ការនាំ​បារាំង​ចេញពី​សហភាព​អឺរ៉ុប​និង​តំបន់​ចាយលុយ​អឺរ៉ូ​តាមរយៈ​ប្រជាមតិ​តម្រូវ​ឲ្យ​មាន​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ (​មាត្រា ៨៩) ហើយ​វា​ក៏ត្រូវ​មានការ​យល់ព្រម​ពី​សភា​ទាំងពីរ​ជាន់ មិនមែនជា​ប្រធានាធិបតី​ឡើយ​។ បន្ទាប់មកទៀត​សំណើសុំ​កែ​រដ្ឋធម្មនុញ្ញ​នឹងត្រូវ​សម្រេច​ម្តងទៀត​ដោយ​ប្រជាជន​បារាំង​តាម​ប្រជាមតិ​។ ដូច្នេះហើយ ការសន្យា​របស់លោក​ស្រី Le Pen ទំនងជា​ពិបាក​ក្លាយជា​ការពិត​បន្តិច​។​

២.«​ដ​ម្ក​ល់​ប្រយោជន៍​បារាំង​ជាធំ​»​ និង​ប្រឆាំង​លំហូរ​ចូល​នៃ​ជនអន្តោប្រវេសន៍​

​លោកស្រី Marine Le Pen និង​លោក ដូ​ណា​ល់ ត្រាំ សុទ្ធ​តែមាន​និ​ន្ន​ការ «​ដ​ម្ក​ល់​ប្រយោជន៍​ជាតិ​»​ខ្លួន​ជាធំ ហើយ​អ្នកនយោបាយ​ទាំងពីរ​សុទ្ធតែ​ប្រឆាំង​ជនអន្តោប្រវេសន៍​។ លោកស្រី Le Pen សន្យា​ក្នុង​ការឃោសនា​ជាថ្មី​ថា ពេល​លោកស្រី​ជាប់ឆ្នោត រដ្ឋាភិបាល​បារាំង​នឹង​រឹតបន្តឹង​ព្រំដែន​, ឈប់​ទទួល​ជនអន្តោប្រវេសន៍ និង​បណ្តេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់​។ ហើយ​រាល់​ប្រយោជន៍​សាធារណ​ដែល​ផ្តល់​ឲ្យ​ដោយ​រដ្ឋាភិបាល​មានការ​ងារ​, សន្តិសុខ​សង្គម ,​ផ្ទះសម្បែង​, ការអប់រំ​ជាដើម ត្រូវតែ​បាន​ដល់​ប្រជាជន​បារាំង​មុន​ដល់​ជនបរទេស​។​

​សារព័ត៌​មានបារាំង Libération  បាន​ចុះផ្សាយ​ថា លោកស្រី​បាន​សន្យា​ស្តារឡើងវិញ​នូវ​ព្រំដែន​បារាំង​ជាមួយ​រដ្ឋ​អឺរ៉ុប​ដើម្បី​គ្រប់គ្រង​លំហូរ​ចូល​នៃ​ជនអន្តោប្រវេសន៍ និង​បញ្ចប់​ការអនុវត្ត​កិច្ច​សន្ធិសញ្ញា Schengen​។ បន្ទាប់មក​រដ្ឋាភិបាល​លោកស្រី​នឹង​ផ្អាក​ផ្តល់​ទិដ្ឋាការ​រយៈពេល​វែង​និង​ដាក់​ពន្ធ​ខ្ពស់​លើ​ក្រុមហ៊ុន​ដែល​ហ៊ាន​ជួល​បុគ្គលិក​បរទេស​។

​ថ្លែង​នៅ​កន្លែង​ឃោសនា​នៅ ប៉ារីស លោកស្រី Le Pen បានបញ្ជាក់​ដូច្នេះ​ថា​៖« សហភាព​អឺរ៉ុប​បង្កើត​បញ្ហា​សម្រាប់​យើង​។ ដូច​ឃើញស្រាប់ ប្រទេស​យើង​គ្មាន​ព្រំដែន​ត្រឹមត្រូវ​ដោយសារតែ​សន្ធិសញ្ញា Schengen​។  យើង​ដក​របាំង​ព្រំដែន ហើយ​ប្តូរ​ប្រទេស​យើង​ទៅជា​ស្ថានីយ៍​រថភ្លើង​សម្រាប់​ជនអន្តោប្រវេសន៍​ទូទាំង​ពិភពលោក​។ ខ្ញុំ​នឹង​បញ្ចប់​ការអនុវត្ត​សន្ធិសញ្ញា Schengen និង ស្តារ​ព្រំដែន​របស់​យើង​វិញ​ដូចគ្នា​។ គ្មាន​បេក្ខជន​ណា​ហ៊ាន​សន្យា​បែបនេះ​ឡើយ​។​

​តាមពិតទៅ លោកស្រី Le Pen កាន់តែ​មានលទ្ធភាព​ទាញយក​សំឡេងឆ្នោត​ទៀត​នៅពេល​លោកស្រី បន្ត​យក​រឿង​ជនអន្តោប្រវេសន៍​មក​ឃោសនា​។ នេះ​ក៏​ដោយសារ​បារាំង​បាន​ក្លាយជា​ជនរងគ្រោះ​នៃ​ចលនា​ភេរវកម្ម​កន្លង​មកជា​បន្តបន្ទាប់ ហើយ​វា​ក៏​ពាក់ព័ន្ធ​ជាមួយ​ជនអន្តោប្រវេសន៍​និង​ជនភៀសខ្លួន​ដូចគ្នា​។

៣.​មិត្ត​រុស្ស៊ី​!!!!!!!!!!!!!!

​វា​មានរឿង​ច្រើន​ទៀត​ដែល​នឹង​អាច​កើតមានឡើង​នៅពេល​លោកស្រី Le Pen ជាប់ឆ្នោត​។ ប៉ុន្តែ​ទុក​រឿង​ក្នុងស្រុក​មួយ​ឡែក​ចុះ ដោយ​ត្រឡប់​ទៅ​មើល​បរិបទ​អន្តរជាតិ​វិញ​ម្តង​។ បញ្ហា​នោះ​គឺ​ទំនាក់ទំនង​រវាង​បារាំង​និង​រុស្ស៊ី ក្រោយ​លោកស្រី Le Pen ក្លាយជា​ប្រធានាធិបតី​។

​តាំងពី​យូរ​មកហើយ អ្នកនយោបាយ​ស្តាំនិយម​ជ្រុល​រូបនេះ​មាន​និន្នាការ​ទៅរក​រុស្ស៊ី និង​ចង់​ស្តារ​ចំណង​ការទូត​ដែល​ធ្លាក់ចុះ​ខ្លាំង​ប៉ុន្មាន​ឆ្នាំនេះ​ផងដែរ​។ លោកស្រី​រំពឹងថា ពេល​លោក​ស្ត្រី​គ្រប់គ្រង​វិមាន​ប្រធានាធិបតី​បារាំង រុស្ស៊ី​និង​បារាំង​នឹង​អាច​សហការគ្នា​ដោះស្រាយ​បញ្ហា​ពិភពលោក​បាន​ប្រសើរ​និង​កាន់​តែមាន​ប្រសិទ្ធភាព​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សហព័ន្ធរុស្ស៊ី​កាលពី​ចុងខែ​មីនា​កន្លងទៅ លោកស្រី​បាន​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី វ៉ា្ល​ឌី​មៀ ពូ​ទីន ផងដែរ​។ វា​ជា​រឿង​កម្រ​បំផុត​មួយ​ដែល​ប្រធានាធិបតី​រុស្ស៊ី​ជួប​ផ្ទាល់​ជាមួយ​បេក្ខជន​ប្រធានាធិបតី​នៃ​ប្រទេស​ណាមួយ​នោះ​។  បេក្ខជន​ប្រធានាធិបតី​រូបនេះ​បាន​ថ្លែងថា បារាំង​និង​រុស្ស៊ី​នឹងធ្វើ​ការរួម​គ្នា​ដើម្បី​សង្គ្រោះ​ពិភពលោក​ពី​ការគំរាមកំហែង​ដោយ​ភេរវជន និង​បញ្ហា​សាកលភាវូបនីយកម្ម​ផងដែរ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ លោកស្រី​ក៏​យក​ឱកាស​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ស្នើ​ឲ្យ​អឺរ៉ុប​ដក​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ចេញ​ផងដែរ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ល្អ​របស់​លោកស្រី​ក្នុងការ​សហការ​ជាមួយ​រុស្ស៊ី​នាពេលខាងមុខ​ផង​។​

​តាមពិតទៅ​ទំនាក់ទំនង​ទ្វេភាគី​រុស្ស៊ី​និង​បារាំង​ធ្លាក់ចុះ​ខ្លាំង ក្រោយ​ពេលដែល​វិបត្តិ​អ៊ុយ​ក្រែ​ន​ផ្ទុះឡើង​ពោលគឺ​ពេលដែល​រុស្ស៊ី​ក្រសោប​យក​ទឹកដី Crimea ពី​អ៊ុយ​ក្រែ​ន​ខែមីនា​ឆ្នាំ ២០១៤​។ ក្រោយ​ព្រឹត្តិការណ៍​នេះ​កើតឡើង អាមេរិក​និង​អឺរ៉ុប​បាននាំគ្នា​ដាក់ទណ្ឌកម្ម​ដូចជា​ហាមឃាត់​ការធ្វើដំណើរ​និង​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី និង​ក្រុមហ៊ុន​រុស្ស៊ី​ថែមទៀត​ផង​។​


Tag:
 បារាំង​
  Merine Le Pen
  Emanuel Macron
  ដូ​ណា​ល់ ត្រាំ​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com