អន្តរជាតិ
ដូណាល់ ត្រាំ អញ្ជើញនាយករដ្ឋមន្ត្រីវៀតណាមទៅទស្សនកិច្ចនៅអាមេរិក
× គេហទំព័ររដ្ឋាភិបាលវៀតណាម ប្រកាសនៅថ្ងៃទី២១ ខែមេសា ថា ប្រធានាធិបតី ដូណាល់ ត្រាំ បានអញ្ជើញនាយករដ្ឋមន្ត្រី ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ទៅទស្សនកិច្ចនៅអាមេរិក ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ដែលប្រសើរឡើងខ្លាំងអំឡុងអាណត្តិលោក បារ៉ាក់ អូបាម៉ា ។ លោក ង្វៀន សួនហ្វុក នឹងក្លាយជាមេដឹកនាំអាស៊ានដំបូងគេ ដែលជួបជជែកជាមួយលោក ត្រាំ ក្រោយការចូលកាន់តំណែងចាប់តាំងខែមករា ឆ្នាំ២០១៧ កន្លងមក។
ទីប្រឹក្សាសន្តិសុខជាតិឧត្តមសេនីយ៍ H.R. McMaster បានប្រគល់លិខិតអញ្ជើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទៅឲ្យឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញមិញ (Pham Binh Minh) ដែលកំពុងទស្សនកិច្ចនៅអាមេរិក។ លោក ត្រាំ អញ្ជើញនាយករដ្ឋមន្ត្រី ង្វៀន សួនហ្វុក ទៅទស្សនកិច្ចនៅអាមេរិក ក្នុងន័យពង្រឹងចំណងមិត្តភាពទ្វេភាគីឲ្យកាន់តែរឹងមាំ ខណៈប្រទេសទាំង២មានគូប្រជែងដូចគ្នា គឺចិន។ វៀតណាម មានទំនាស់ទឹកដីជាមួយចិន ស្របពេលចិន ក៏កំពុងប្រជែងជាមួយអាមេរិកស្រាប់។
តាមពិតទៅ ប្រមុខរដ្ឋាភិបាលវៀតណាម ក៏បានត្រៀមខ្លួនរួចស្រេចទៅហើយក្នុងការទៅទស្សនកិច្ចនៅអាមេរិក។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក ង្វៀន សួនហ្វុក បាននិយាយកាលពីខែមុនថា ទស្សនកិច្ចរបស់លោកនៅអាមេរិក នឹងជួយជំរុញទំនាក់ទំនងទ្វេភាគីរវាងអតីតគូសត្រូវទាំង២ ។ កន្លងមក រដ្ឋាភិបាលទាំង២ ក៏បានបង្ហាញជំហរពង្រឹងទំនាក់ទំនងនេះរួចហើយដែរ។ ពោល គឺចាប់តាំងពីជ័យជម្នះរបស់លោក ត្រាំ ក្នុងខែវិច្ឆិកាមកម្ល៉េះ។
អ្វីដែលគួរកត់សម្គាល់នោះ ប្រធានាធិបតី ត្រាំ ក៏នឹងមកទស្សនកិច្ចនៅវៀតណាមនៅខែវិច្ឆិកាខាងមុខ ដើម្បីចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងដាណាង។ ក្រៅពីនេះ ប្រធានាធិបតីអាមេរិករូបនេះ ក៏នឹងធ្វើដំណើទៅកាន់ហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផងដែរ។ ទស្សនកិច្ចនេះ ជាសញ្ញាបង្ហាញថា រដ្ឋបាលអាមេរិកថ្មី នឹងមិនបោះបង់អាស៊ី ឬក៏អាស៊ានឡើយ។
ងាកមករឿងអាមេរិក និងវៀតណាម អតីតគូសត្រូវសម័យសង្គ្រាមឥណ្ឌូចិនទី២ នេះ ត្រូវរ៉ូវគ្នាកាន់ខ្លាំងក្នុងសម័យកាលលោក បារ៉ាក់ អូបាម៉ា ដឹកនាំអាមេរិក។ វៀតណាម ចង់ឲ្យរដ្ឋបាលលោក ត្រាំ បន្តនយោបាយងាកមកអាស៊ីទៀត ដើម្បីទប់ទល់ឥទ្ធិពលចិន ដែលចេះតែកើនឡើងឥតឈប់ឈរ។ វៀតណាម នៅតែមានជម្លោះមិនទាន់ដាច់ស្រេចលើអធិបតេយ្យនៅសមុទ្រចិនខាងត្បូង ដែលចិនទាមទារស្ទើរទាំងស្រុង។
វត្តមានអាមេរិកនៅក្នុងតំបន់ គឺជាកម្លាំងជំរុញចិត្តរដ្ឋផ្សេងទៀត ក្នុងការតវ៉ាប្រឆាំងសកម្មភាពរបស់ចិន។ វៀតណាមក្ដី ហ្វីលីពីនក្ដី ម៉ាឡេស៊ីក្ដី និងឥណ្ឌូណេស៊ី ពិតជាមិនអាចទប់ទល់កម្លាំងយោធាដ៏ខ្លាំងរបស់ចិនបានឡើយ។ ដូច្នេះ ការទាក់ទាញឲ្យអាមេរិកបន្តនៅពីក្រោយពួកគេ គឺជារឿងដ៏សំខាន់។ អាមេរិកទៀតសោត ក៏ត្រូវការសម្ព័ន្ធមិត្តក្នុងតំបន់ឲ្យកាន់តែច្រើនថែមទៀត ដើម្បីហ៊ុំព័ទ្ធឥទ្ធិពលរបស់ចិន ដែលកាន់តែខ្លាំងទៅៗ៕
Tag:
អាមេរិក
វៀតណាម
Nguyen Xuan Phuc
© រក្សាសិទ្ធិដោយ thmeythmey.com