ជាតិ
សំពត់​ស្បៃ​លក់ដាច់​ខ្លាំង​នៅ​អង្គរ​សង្ក្រាន្ត​
22, Apr 2017 , 1:39 pm        
រូបភាព
​សៀមរាប​៖ សំពត់​ស្បៃ ឬ​សំពត់​រុំ ដែល​គេ​និយម​ស្លៀក​ក្របពីលើ​ខោ​វ​ជើង​ខ្លី ដែល​បរទេស និង​ស្ត្រី​ខ្មែរ​ខ្លះ​និយម​ស្លៀក​។ អ្នកលក់​នៅ​តំបន់​អង្គរ​និយាយថា អំឡុងពេល​ចូលឆ្នាំ​ដែល​កន្លងទៅ​ថ្មីៗ​នេះ ប្រភេទ​សំពត់​ស្បៃ​នេះ លក់ដាច់​ខ្លាំង ព្រោះ​វា​មាន​ភាពងាយស្រួល​ស្លៀក និង​ដោះចេញ​។


​អ្នកលក់​ខោអាវ មួក និង​វត្ថុ​អនុស្សាវរីយ៍​នៅ​ក្លោងទ្វារ​ទន្លេ​អុំ បាន​និយាយថា ពួកគេ​រកចំណូលបាន​ក្រែល​ពី​ការលក់​សំពត់​ស្បៃ​។ អ្នកលក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បន្ថែមថា ក្នុង​មួយថ្ងៃ ពួកគេ​លក់ដាច់​ពី ៣០ ទៅ​៤០​សំពត់ ដែល​ក្នុង​សំពត់​មួយ លក់​ក្នុងតម្លៃ​ចន្លោះ ១២០០០ ទៅ​១៥០០០​រៀល​។
​ប្រភព​ដដែល​បាន​បន្ថែមថា សំពត់​ស្បៃ គឺ​ងាយស្រួល​ស្លៀក ពិសេស​សម្រាប់​នារីៗ ដែល​និយម​ស្លៀក​ខោខ្លីៗ ដោយពេល​ក្តៅ​ខ្លាំង គេ​អាច​ទាញ​សំពត់​ស្បៃ​ស្រាល​នេះ មក​ក្របពីលើ ដោយមាន​ខ្សែ​ចង​ចំហៀង និង​អាច​ដោះចេញ​វិញ​ដោយ​លឿន​ផងដែរ​។
 
​ជាងនេះទៅទៀត តាម​អ្នកលក់​ខាងដើម សំពត់​ស្បៃ​នេះ ក៏មាន​ការចាប់អារម្មណ៍​ពី​ទេសចរ​បរទេស​ផងដែរ​។ ទេសចរ​បរទេស​ច្រើន ចូលចិត្ត​ការ​ស្លៀក​ខ្លី ពិសេស​ក្នុង​រដូវក្តៅ​នេះ​។ ប៉ុន្តែ​ឯកសណ្ឋាន​នោះ ត្រូវបាន​ហាម​ក្នុង​ការឡើង​ប្រាសាទ ដូច្នេះ​ពួកគេ​តែង​ទិញ​ដើម្បី​បាន​ឡើង​ទស្សនា​លើ​ប្រាសាទ តាម​ក្រម​ប្រតិបត្តិ​អង្គរ ដែល​អនុវត្តន៍​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​៕





Tag:
 អង្គរ​សង្ក្រាន្ត​២០១៧
© រក្សាសិទ្ធិដោយ thmeythmey.com