ជាតិ
សិល្បះ
កម្ពុជា ទទួល​ឈុត​អលង្ការ​មាស​សម័យអង្គ​រ​១០​គ្រឿង ពី​ភា្ន​ក់​ងារ​លក់​វត្ថុ​បុរាណ​អង់គ្លេស​
22, Apr 2017 , 12:10 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស
រូបភាពពីហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស
​កម្ពុជា បានទទួល​ឈុត​អលង្ការ​មាស​សម័យអង្គ​រ ចំនួន​១០​គ្រឿង ពី​ភា្ន​ក់​ងារ​លក់​វត្ថុ​បុរាណ​អង់គ្លេស កាលពី​ថ្ងៃទី​២០ ខែមេសា កន្លងទៅ ។ ឈុត​អលង្ការ​មាស​នេះ មានដូចជា រង្វង់​សម្រាប់​លម្អ​ព្រះ​សិរ ដើមដៃ និង​ដើមទ្រូង ក្រវិល ខ្សែក និង​ខ្សែក្រវ៉ាត់​។ មន្ត្រីជាន់ខ្ពស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បញ្ជាក់ថា ឈុត​អលង្ការ​មាស​នេះ នឹង​រៀបចំ​បញ្ជូនមក​ដល់ក​ម្ពុ​ជា ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​



​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ Johnathan Tucker AntoniaTozer Asian Art បាន​ស្ម័គ្រចិត្ត​ប្រគល់​គ្រឿងអលង្ការ​មាស សម្រាប់​លម្អរូប​ចម្លាក់​ថ្ម​ដែលមាន​អាយុកាល​ក្នុងសម័យ​អង្គរ មក​ឲ្យ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​វិញ​។  ពិធី​ប្រគល់ និង​ទទួល ធ្វើឡើង​នា​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ នៅ​ស្ថាន​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ចក្រភព​អង់គ្លេស នាទី​ក្រុង​ឡុង​ដ៍​។

​បើតាម លោក ថៃ នរ​សត្យា អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឈុត​អលង្ការ​មាស​សម័យអង្គ​រ ដែល​កម្ពុជា​ទទួលបាន​នោះ មាន​ចំនួន​១០​គ្រឿង រួមមាន រង្វង់​សម្រាប់​លម្អ​ព្រះ​សិរ ដើមដៃ និង​ដើមទ្រូង ក្រវិល ខ្សែក និង​ខ្សែក្រវ៉ាត់​។​

​សម្រាប់​លោក ថៃ នរ​សត្យា ឈុត​អលង្ការ​នេះ ជា​រតនសម្បត្តិ​មហាសាល​មួយ បន្ទាប់ពី​កម្ពុជា បានទទួល​ព្រះ​សិរ​ព្រះ​ហរិ​ហរៈ រចនាប័ទ្ម​ភ្នំ​ដា នា​សតវត្ស​ទី​៦-៧  ពី​សារមន្ទីរ​ជាតិ​សិល្បៈ​អាស៊ី​ហ្គី​មេ ប្រទេស​បារាំង​។ ព្រះ​សិរ និង​ដងខ្លួន​ព្រះ​ហរិ​ហរ​ ​បាន​ត​ភ្ជាប់​គ្នា​ឡើងវិញ កាលពីដើមឆ្នាំ​២០១៦ បន្ទាប់ពី​បែក​គ្នា​អស់​រយៈកាល​១៣០​ឆ្នាំ​។​



​អ្នកនាំពាក្យ​រូបនេះ បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ឈុត​អលង្ការ​មាស​ទាំងនេះ នឹង​បញ្ជូនមក​កម្ពុជា​ដើម្បី​តម្កល់ទុក​នៅក្នុង​សារមន្ទីរ​ជាតិ ក្នុងពេល​ឆាប់ៗ​ខាងមុខ អាស្រ័យ​ដោយ​ការកំណត់​ពេលវេលា និង​ការរៀបចំ​វេច​ខ្ចប់​ពី​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ​នៅ​អង់គ្លេស​។ ទន្ទឹមនឹង​ការបញ្ជាក់​នេះដែរ ស្ថានទូត​កម្ពុជា​ប្រចាំ​ចក្រភព​អង់គ្លេស តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បានបញ្ជាក់​ពី​កិច្ចប្រជុំ​ជាមួយ​អ្នកពាក់ព័ន្ធ​នៅ​អង់គ្លេស ដើម្បី​បញ្ជូន​គ្រឿងអលង្ការ​មាស​នេះ មក​កម្ពុជា​វិញ​ឲ្យ​បាន​ឆាប់​។

​កាលពី​ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៧ ស្ថានទូត​កម្ពុជា​ប្រចាំ​ចក្រភព​អង់គ្លេស សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​វប្ប​ធ៌​ម​និង​វិចិត្រសិល្ប​: បានរៀបចំ​កិច្ចប្រជុំ​ជាមួយ​ប៉ូលិស​របស់​អង្គភាព​សិល្ប​: និង​វត្ថុ​បូរាណ​ក្រុង​ឡុង​ដ៏ និង​តំណាង​ក្រុមហ៊ុន Jonathan Tucker Antonia Asian Art ដើម្បី​ពិភាក្សា​អំពី​ការប្រគល់ និង​បញ្ជូន គ្រឿងអលង្ការ​មាស នៃ​រូបចម្លាក់​បុរាណ​ខ្មែរ ត្រឡប់​ទៅ​កម្ពុជា​វិញ​ឲ្យ​បាន​ឆាប់​»​។​

​ក្រសួង​វប្បធម៌ និង​វប្បថម៌ និង​វិចិត្រសិល្បៈ បានបញ្ជាក់​នៅក្នុង​សេចក្តី​ជូន​ព័ត៌មាន​នៅ​ថ្ងៃទី​២០ មេសា​ដែរ​ថា ការទទួល​ត្រឡប់មកវិញ​នូវ​ឈុត​អលង្ការ​ដ៏​មានតម្លៃ​មហាសាល​នេះ គឺ​ដោយសារតែ​ការប្រឹងប្រែង និង​ការសហការ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អង់គ្លេស ក៏ដូចជា​ការសហការ​ពី​ភា្ន​ក់​ងារ​លក់​វត្ថុ​បុរាណ Johnathan Tucker AntoniaTozer Asian Art ។ ក្រសួង​វប្បធម៌ បានចាត់ទុក​ការប្រគល់​បុរាណ​មក​ឲ្យ​កម្ពុជា​វិញ ដោយ​ស្ម័គ្រចិត្ត​របស់ ភ្នាក់ងារ​លក់​វត្ថុ​បុរាណ​នេះ ជាការ​ចូលរួម​លើក​តម្លៃ​វប្បធម៌​របស់​ជាតិខ្មែរ​៕

Tag:
 វត្ថុ​បុរាណ​
 ​ អលង្ការ​
 ​ កម្ពុជា​-​អង់គ្លេស​
© រក្សាសិទ្ធិដោយ thmeythmey.com