ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ធ្វើ​សមាជ​វិសាមញ្ញ ដើម្បី​សម្រួល​អនុប្រធាន​ទាំង​៣​រូប ឲ្យ​ត្រូវ​តាម​លក្ខន្តិកៈ​
25, Apr 2017 , 8:23 am        
រូបភាព
ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៧​នេះ គណបក្ស​សង្គ្រោះ​ជាតិ បានរៀបចំ​សមាជ​វិសាមញ្ញ​សាជាថ្មី ដើម្បី​ធ្វើ​វិសោធនកម្ម​លើ​លក្ខន្តិកៈ​របស់ខ្លួន ត្រង់​ប្រការ​៤៧ ដែលមាន​ចែង​អំពី​ប្រធាន​និង​អនុប្រធាន​។ សមាជ​វិសាមញ្ញ​នេះ ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​



​របៀបវារៈ​ដ៏​សំខាន់ ដែល​នឹងត្រូវ​ឲ្យ​អង្គសមាជ​វិសាមញ្ញ អនុម័ត នា​ព្រឹក​នេះ គឺ​ការកែសម្រួល​នូវ​លក្ខន្តិកៈ ត្រង់​ប្រការ ៤៧​នេះ ដើម្បី​ឲ្យ​លោក ប៉ុល ហំ​ម លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ ក្លាយជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ពេញ​លក្ខន្តិកៈ​។

​គណបក្ស​សង្គ្រោះ សង្ឃឹមថា ការធ្វើ​សមាជ​វិសាមញ្ញ ដើម្បី​កែប្រែ​លក្ខន្តិកៈ នឹង​អាច​បញ្ចប់​ភាព​រកាំរ​កួស​ជាមួយនឹង​ក្រសួងមហាផ្ទៃ ដែល​មិន​ព្រម​ទទួលស្គាល់​ង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៣​រូប​។ នេះ​បើតាម​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់​អះអាង​កន្លងមក​។

​លោក ប៉ុល ហំ​ម លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ម្តង​រួចទៅហើយ តាមរយៈ​សមាជ​វិសាមញ្ញ​កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧ កន្លងទៅ​។ ប៉ុន្តែ ក្រសួងមហាផ្ទៃ បាន​ចាត់ទុកថា ការ​នីតិវិធី​នៃ​ការជ្រើសរើស​អ្នក​ទាំង​៣ ឲ្យ​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ផ្ទុយ​ពី​លក្ខន្តិកៈ​របស់ខ្លួន​។

​ដោយសារតែ​ក្រ​ស្រួ​ង​មហាផ្ទៃ មិន​ព្រម​ទទួលស្គាល់​ដូច្នេះហើយ ទើប​គណបក្ស​សង្គ្រោះ​ជាតិ បង្ខំចិត្ត ធ្វើ​សមាជ​វិសាមញ្ញ​នៅថ្ងៃនេះ​ម្តងទៀត ដើម្បី​សម្រួល​យ៉ាង ឲ្យ​អ្នក​ទាំង​៣​ខាងលើ ក្លាយជា​អនុប្រធាន​ដោយ​ពេញលក្ខណៈ និង​មានការ​ទទួលស្គាល​ដោយ​ក្រសួងមហាផ្ទៃ​៕


Tag:
 CNRP
  សមាជវិសាមញ្ញ
© រក្សាសិទ្ធិដោយ thmeythmey.com