អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក Macron បេក្ខជន​ប្រធានាធិបតី​បារាំង អាយុ​តិចជាង​ភរិយា​២៤​ឆ្នាំ​
25, Apr 2017 , 11:22 am        
រូបភាព
ដោយ: រួបរួម
​លោក Emmanuel Macron បេក្ខជន​ប្រធានាធិបតី​បារាំង មាន​ប្រវត្តិ​ស្នេហា​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​។ កាលពី​ខែតុលា ឆ្នាំ​២០០៧ លោក​បាន​រៀបការ​ជាមួយ​អ្នកស្រី Brigitte Trongneux អតីត​គ្រូបង្រៀន​របស់ខ្លួន  ដែលមាន​អាយុ​លើស​រហូតដល់​ទៅ​២៤ឆ្នាំ​។ បច្ចុប្បន្ន​លោក Macron មាន​អាយុ​៣៩​ឆ្នាំ រីឯ​អ្នកស្រី Brigitte Macron មាន​អាយុ​ឈានដល់​៦៤​ឆ្នាំ​។​



​នា​អំឡុង​ឆ្នាំ​១៩៩៣ អ្នកស្រី Brigitte Trongneux បាន​បង្រៀន​នៅ​សាលា La Providence d’Amiens ដោយ​នៅពេលនោះ លោក Emmanuel Macron ជា​សិស្ស​ម្នាក់​ដែលមាន​អាយុ​ត្រឹម​១៥​ឆ្នាំ​។ យោងតាម​ការផ្សាយ​រប​ស់ Paris Match គ្រូ និង​សិស្ស​ទាំងពីរ​រូបនេះ ចាប់ផ្តើម​ជិតស្និទ្ធ​គ្នា រួមគ្នា​សរសេរ​រឿងល្ខោន​រៀងរាល់ថ្ងៃ​សុក្រ​។​

​តាមពិតទៅ អ្នកស្រី Brigitte Trongneux បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក Andre Louis Auziere ដែលជា​ធនាគារិក​ម្នាក់ កាលពី​ឆ្នាំ​១៩៧៤ ហើយ​បង្កើតកូន​បាន​៣​នាក់ ។ ក្នុងចំណោម​កូន​ទាំង​៣​របស់​អ្នកស្រី Brigitte មានកូន​ច្បង Sebastien អាយុ​បង​លោក Macron ២​ឆ្នាំ Laurence អាយុ​ស្មើ​លោក Macron និង​ជា​អតីត​មិត្ត​រួម​ថ្នាក់ និង​កូន​ទី​៣​ឈ្មោះ Tiphaine កើត​នៅ​ឆ្នាំ​១៩៨៤ ។ បច្ចុប្បន្ន អ្នកស្រី Brigitte មាន​ចៅ​៧​នាក់​ដែលជា​ចំណងអាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​មុន​។​



​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០០៦ អ្នកស្រី Brigitte Trongneux បាន​ចែកផ្លូវ​ពី​លោក Andre Louis Auziere ។ អ្នកស្រី Brigitte និង​លោក Macron បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយគ្នា​នៅ​តំបន់ Touquet កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០០៧ ដោយពេល​នោះ លោក Macron ជា​មន្ត្រី​អធិការកិច្ច​ផ្នែក​ហិរញ្ញវត្ថុ មុននឹង​ប្រឡូក​ឈានចូល​ឆាកនយោបាយ​។​

​ដំបូង​ឡើយ ស្នេហា​លោក Macron និង Brigitte មិន​ទទួលបាន​ពរជ័យ​ពី​ឪពុកម្តាយ​ទាំងសងខាង​នោះឡើយ ដោយសារ​បញ្ហា​គ​ន្លាត​អាយុ​ខុសគ្នា​រហូតដល់​ទៅ​២៤​ឆ្នាំ​។​



Paris Match បាន​លើកឡើងថា អ្នកស្រី Brigitte បាន​លាឈប់​ពី​ការងារ​បង្រៀន​នៅ​ឆ្នាំ​២០១៥ ដើម្បី​ជ្រោមជ្រែង​ស្វាមី​ក្នុងការ​បង្កើត​ចលនា En marche! ក្នុង​ឆ្នាំ​២០១៦ ដើម្បី​តំណែង​ប្រធានាធិបតី​បារាំង​។ កូនស្រី​ពៅ​របស់​អ្នកស្រី Brigitte ក៏បាន​ចូលរួម​ក្នុង​យុទ្ធនា​ការបោះឆ្នោត​សម្រាប់​លោក Macron ផងដែរ​៕


Tag:
 Emmanuel Macron
  បោះឆ្នោត​បារាំង​
© រក្សាសិទ្ធិដោយ thmeythmey.com