អន្តរជាតិ
អាមេរិក​ចំណាយ​លើ​យោធាច្រើនជាងគេ ឯ​ចិន​នៅ​លេខ​២, រុស្ស៊ី​ឡើងមក​លេខ​៣
25, Apr 2017 , 9:39 pm        
រូបភាព
យន្តហោះចម្បាំងរបស់អាមេរិកនៅមូលដ្ឋាន Kadena របស់ជប៉ុន (រូបភាព U.S. Pacific Command)
យន្តហោះចម្បាំងរបស់អាមេរិកនៅមូលដ្ឋាន Kadena របស់ជប៉ុន (រូបភាព U.S. Pacific Command)
​អាមេរិក បាន​បន្ត​ឈរ​នៅ​ចំណាត់​ទី ១ នៃ​ប្រទេស​ដែល​ចំណាយ​លើ​វិស័យ​ការពារជាតិ​ច្រើនជាងគេ​ប្រចាំឆ្នាំ ២០១៦ ខណៈ​ចិន ក៏បាន​រក្សា​ចំណាត់​ទី ២ របស់ខ្លួន​ដដែល​។ ប៉ុន្តែ​រុស្ស៊ី បាន​ហក់​ឡើង​មកឈរ​ចំណាត់​ទី ៣ ជំនួស​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ធ្លា​ក់មក​ចំណាត់​ទី ៤ វិញ​។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​ចេញផ្សាយ​ថ្ងៃទី​២៤ ខែមេសា ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Stockolm ប្រទេស​ស៊ុយអែត​។​



​របាយការណ៍​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុក​ហូ​ម (SIPRI) បង្ហាញថា ក្នុង​ឆ្នាំ​២០១៦ អាមេរិក បាន​ចំណាយ​លើ​ការ​ការពារជាតិ​ដល់​ទៅ ៦១១​ពាន់​លាន​ដុល្លារ គឺ​ជាប់​ចំណាត់​ទី ១​តែម្ដង​។ តាម​ពីក្រោយ​អាមេរិក គឺ​ចិន បន្ទាប់មក​រុស្ស៊ី​, អា​រ៉ា​ប៊ី​សា​អូឌីត និង​ឥណ្ឌា​។ សម្រាប់​អាមេរិក ថវិកា​ការពារជាតិ​ប្រចាំឆ្នាំ​២០១៦ ខ្ពស់ជាង​ការចំណាយ​ក្នុង​ឆ្នាំ​២០១៥ ហើយនឹង​បន្ត​កើនឡើង​ទៀត​ក្នុង​ឆ្នាំ​២០១៧ នេះ​ក្រោម​អាណត្តិ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។​



​ចំណាត់​ទី​២ បន្ទាប់ពី​អាមេរិក គឺ​មហា​យក្ស​ចិន ដែល​កំពុង​ពង្រឹង​វិស័យ​យោធា​មិន​ចាញ់​អាមេរិក​ឡើយ​។ បើតាម​របាយការណ៍រ​បស់ SIPRI ចិន ចំណាយ​ទឹកប្រាក់​ចំនួន ២១៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ កើនឡើង​ចំនួន ៥,៤​ភាគរយ បើ​ប្រៀបធៀប​ការចំណាយ​ក្នុង​ឆ្នាំ​២០១៥ ។ ចិន បង្កើន​ការចំណាយ​លើ​វិស័យនេះ តាមរយៈ​ការធ្វើ​ទំនើបកម្ម​យោធា​រួមមាន​ការសាងសង់​នាវាមុជទឹក​បន្ថែម និង​ការអភិវឌ្ឍ​អានុភាព​ដែនអាកាស​ជាដើម​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ រុស្ស៊ី បាន​វ៉ា​​អា​រ៉ា​ប៊ី​សា​អូឌីត និង​ហក់​ឡើងមក​ចំណាត់​ទី ៣ នៃ​ប្រទេស​ចំណាយ​ច្រើនជាងគេ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Sputnik រុស្ស៊ី​ចំណាយ​ទឹកប្រាក់​ចំនួន ៦៩,២​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ ខ្ពស់ជាង​ការចំណាយ​ក្នុង​ឆ្នាំ​២០១៥ ចំនួន ៥,៩​ភាគរយ​។ តាមពិតទៅ រុស្ស៊ី គ្រោង​ចំណាយ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​លើ​វិស័យ​យោធា​របស់ខ្លួន ប៉ុន្តែ​វិបត្តិ​សេដ្ឋកិច្ច និង​ការធ្លាក់ចុះ​តម្លៃ​រូបិយ​បណ្ណ​ក្នុងស្រុក ធ្វើ​ឲ្យ​គម្រោង​ចំណាយ​នេះ ធ្លាក់ចុះ​វិញ​។​

​យ៉ាងណាមិញ ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច ធ្វើ​ឲ្យ​ការចំណាយ​ខាង​យោធា​កើនឡើង​ដូចគ្នា​។ បន្ទាប់ពី​ការធ្លាក់ចុះ​អស់​ពេល​ជាច្រើន​ឆ្នាំ សេដ្ឋកិច្ច​របស់​រុស្ស៊ី បាន​កើន​ឡើងវិញ​ក្នុង​ត្រីមាស​ចុងក្រោយ​ឆ្នាំ ២០១៦ ហើយ​វា​ក៏បាន​បង្កលក្ខណៈ​អំណោយផល​សម្រាប់​វិស័យ​ការពារជាតិ​ដែរ​។ សម្រាប់​ឆ្នាំ​២០១៦ ការចំណាយ​សម្រាប់​កិច្ចការ​ការពារជាតិ មាន​ចំណែក​ចំនួន ៥,៣​ភាគរយ​នៃ​សេដ្ឋកិច្ច​រុស្ស៊ី ដែលជា​ចំនួន​ដ៏​ច្រើន​ចាប់តាំងពី​ការដួលរលំ​សហភាពសូវៀត​ក្នុង​ឆ្នាំ​១៩៩១ ។​

​សម្រាប់​ការចំណាយ​លើ​វិស័យ​យោធា​ទូទាំង​ពិភពលោក​វិញ របាយការណ៍​របស់ SIPRI រកឃើញថា ការចំណាយ​មានការ​កើនឡើង​តិចតួច បើ​ប្រៀ​ធៀប​នឹង​ការចំណាយ​សរុប​ក្នុង​ឆ្នាំ​២០១៥ ។ ក្នុង​ឆ្នាំ​២០១៦ ការចំណាយ​លើ​វិស័យ​យោធា​លើ​ពិភពលោក មាន​ចំនួន​ដល់​ទៅ​១,៦៨៦​ទ្រី​លាន​ដុល្លារ កើនឡើង​ចំនួន ០,៤​ភាគរយ ដែល​ស្មើនឹង ២,២​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​របស់​ពិភពលោក​ប្រចាំឆ្នាំ​២០១៦ ៕   


Tag:
 អាមេរិក​
  ចិន​
  រុស្ស៊ី​
  យោធា
© រក្សាសិទ្ធិដោយ thmeythmey.com