អន្តរជាតិ
មេដឹកនាំ​អាស៊ាន​៨ ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា នឹងចូលរួម​ប្រជុំ​កំពូល​អាស៊ាន​នៅ​ហ្វីលីពីន​
26, Apr 2017 , 9:19 am        
រូបភាព
កិច្ចប្រជុំកំពូលអាស៊ានលើកទី ២៩ ឆ្នាំ ២០១៦ នៅប្រទេសឡាវ
កិច្ចប្រជុំកំពូលអាស៊ានលើកទី ២៩ ឆ្នាំ ២០១៦ នៅប្រទេសឡាវ
ដោយ: ថ្មីៗ
​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​អាស៊ាន​ចំនួន​៨ រួមជាមួយ​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​នឹង​អ​ញ្ជើ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣០ ដែល​នឹង​រៀបចំឡើង​នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​នា​ថ្ងៃ ២៩ មេសា សប្តាហ៍​នេះ​។



​កិច្ចប្រជុំ​កំពូល​អាស៊ាន​នឹងត្រូវ​រៀបចំឡើង​នៅ​ចុង​សប្តាហ៍​នេះ ហើយ​មេដឹកនាំ​អាស៊ាន​ទាំងអស់​នឹង​អញ្ជើញ​ទៅ​ចូលក្នុង​វេទិកា​តំបន់​ដ៏​សំខាន់​នេះដែរ​។ ក្នុងចំណោម​ប្រទេស​ទាំង ៩ មានតែ​មី​យ៉ាន់​ម៉ា​មួយ​ប៉ុណ្ណោះ​ដែល​មិន​បញ្ជូន​ប្រមុខរដ្ឋ​ទៅ​ចូលរួម​កិច្ចប្រជុំ តែ​បញ្ជូន​រដ្ឋមន្ត្រីការបរទេស​និង​ជាទី​ប្រឹក្សា​រដ្ឋ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ប៉ុណ្ណោះ​។

​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Rappler  ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ដែល​ទទួលបន្ទុក​រៀបចំ​កិច្ចប្រជុំ​អាស៊ាន​លោក Marciano Paynor Jr បាន​បញ្ជាក់ថា មេដឹកនាំ​អាស៊ាន​ទាំង​៨​ដែល​ស្ថិតក្នុង​កម្រិត​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​នោះ​មានដូចជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​, លោក លី​សៀន ឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​, លោក ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​, លោក​ប្រា​យុទ្ធ ចន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ​, លោក ណា​ជីព រ៉ា​ហ្សា​ក់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​, ព្រះ​ចៅ​ស៊ុ​លត​ង់ Hassanal Bolkiah ស្តេច​ព្រុយ​ណេ​, នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀង សួន​ហ្វ៊ុ​ក​, ប្រធានាធិបតី​ឡាវ ប៊ុនហាង វូ​រ៉ា​ជិត​។ ចំណែក​មី​យ៉ាន់​ម៉ា គឺ​តំណាង​ដោយ​រដ្ឋមន្ត្រីការបរទេស​និង​ជាទី​ប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី ។ 

​ពាក់ព័ន្ធ​វត្តមាន​លោកស្រី អ៊ុង​សាន ស៊ូ​ជី​នេះ លោក Marciano Paynor Jr បានបញ្ជាក់​ផងដែរ​លោកស្រី​ជា​តំណាង​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ហើយ​កាលពី​កិច្ចប្រជុំ​មុនៗ​ក៏​លោកស្រី​ទៅ​ចូលរួម​ដូចគ្នា​។ លោក​បានលើកឡើង​ដូច្នេះ ៖«​កាលពីមុន​ក៏​ដូចគ្នា​ដែរ​។ លោកស្រី អ៊ុង​សាន ស៊ូ ជី បាន​តំណាង​ឲ្យ​មី​យ៉ាន់​ម៉ា​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅក្នុង​ប្រទេស​ឡាវ​»​។     ​    ​

​មេដឹកនាំ​អាស៊ាន​ទាំងអស់​នឹងធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ ២៨ មេសា​ព្រោះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០ នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃ​សៅរ៍​នាទី​ក្រុង Pasay​។ ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte នឹងធ្វើ​ស្វាគមន៍​វត្តមាន​មេ​ដឹក​នា​អាស៊ាន និង​បន្ត​ធ្វើជា​អធិបតី​ក្នុង​កិច្ចប្រជុំ​នេះ​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ផងដែរ​។​

​ហ្វីលីពីន​បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ​ដើម្បី​ស្វាគមន៍​កិច្ចប្រជុំ​អាស៊ាន​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុង​សប្តាហ៍​នេះ​។ ប៉ូលិស​និង​ទាហាន ៤១ ០០០​នាក់​ត្រូវបាន​ពង្រាយ​នៅក្នុង​រដ្ឋធានី​ម៉ានីល​ដើម្បី​ការពារ​សុវត្ថិភាព​ប្រតិភូ​ជាន់ខ្ពស់​និង​មេដឹកនាំ​អាស៊ាន ព្រោះ​បញ្ហា​សន្តិសុខ​ហ្វីលីពីន​នៅ​ស្ថិតក្រោម​ការគំរាមកំហែង​ដោយសារ​ភេរវកម្ម​ក្នុងស្រុក​ផងដែរ​ប៉ុន្មាន​ខែ​ចុងក្រោយ​៕


Tag:
 កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com