អន្តរជាតិ
អាមេរិក ប្រញាប់​ដំឡើង​ខែល​ការពារ​មី​ស៊ី​ល THAAD ទាំង​ប្រឈម​ការប្រឆាំង​តវ៉ា​ពី​ពលរដ្ឋ​កូរ៉េ​
26, Apr 2017 , 8:19 pm        
រូបភាព
រថយន្តដឹកសម្ភាររបស់ប្រព័ន្ធការពារ THAAD ត្រូវបានការពារយ៉ាងតឹងរឹង ស្របពេលប្រជាជនកូរ៉េខាងត្បូងកំពុងតវ៉ា (រូបភាព Reuters)
រថយន្តដឹកសម្ភាររបស់ប្រព័ន្ធការពារ THAAD ត្រូវបានការពារយ៉ាងតឹងរឹង ស្របពេលប្រជាជនកូរ៉េខាងត្បូងកំពុងតវ៉ា (រូបភាព Reuters)
​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD ត្រូវបាន​បញ្ជូន​ទៅកាន់​ទីតាំង​ពង្រាយ​យ៉ាង​ប្រញាប់ប្រញាល់​នៅ​យប់​ថ្ងៃទី​២៥ ខែមេសា​។ កងទ័ព​អាមេរិក​ប្រចាំ​កូរ៉េខាងត្បូង ក៏​ចាប់ផ្ដើម​ដំឡើង​ប្រព័ន្ធ​ការពារ​នេះ​ភ្លាមៗ​ដែរ បើទោះជា​ប្រជាជន​កូរ៉េខាងត្បូង មិន​ពេញចិត្ត​វត្តមាន​ប្រព័ន្ធ​ការពារ​នេះ​ក៏ដោយ​។ មន្ទីរ​បញ្ច​កោណ ក៏​ប្រកាស​ដែរ​ថា ប្រតិបត្តិការ​នេះ នឹងត្រូវ​បញ្ចប់​ឲ្យ​បាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើបាន ជាមួយ​ការសហការ​របស់​កង​ទ័ព​កូរ៉េខាងត្បូង​។​



​ស្របពេល​ករ​ប្រឈមមុខ​ជាមួយ​កូរ៉េខាងជើង​កំពុង​តានតឹង​ខ្លាំង យោធា​អាមេរិក បាន​ប្រញាប់ប្រញាល់​បញ្ជូន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD ទៅកាន់​ភាគខាងត្បូងរ​បស់​កូរ៉េខាងត្បូង ដែលជា​ទីតាំង​ត្រូវ​ពង្រាយ​។ បើទោះជា​មានការ​តវ៉ា​ពី​សំណាក់​ប្រជាជន​ក្នុង​តំបន់​ក៏ដោយ ទាំង​អាមេរិក ទាំង​កូរ៉េខាងត្បូង សុទ្ធតែ​អះអាង​ពី​ការបន្ត​គម្រោង​ពង្រាយ​ប្រព័ន្ធ​ការពារ​នេះ ព្រោះ​ការគំរាមកំហែង​ពី​សំណាក់​មី​ស៊ី​ល​កូរ៉េខាងជើង ចេះតែ​កើនឡើង​នាពេល​ចុង​ក្រោយនេះ​។​

​ដោយ​មិន​ចាំ​យូរ យោធា​អាមេរិក ក៏បាន​ចាប់ផ្ដើម​ដំឡើង​ប្រព័ន្ធ​ការពារ​នេះ​ភ្លាម​ដែរ​។ ពោល គឺ​ធ្វើ​ទាំងយប់ និង​មិនបាន​ប្រកាស​ជាមុន​ឡើយ ហើយ​ម្យ៉ាងទៀត​នោះ ការវាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​រួមគ្នា ក៏​មិនទាន់​បញ្ចប់​អ្វី​ដែរ​។ សកម្មភាព​បន្ទាន់​នេះ ធ្វើឡើង​ក្រោយ​កងទ័ព​អាមេរិក ទទួលបាន​សិទ្ធិ​ពី​រដ្ឋាភិបាល​កូរ៉េខាងត្បូង​លើ​ការពង្រាយ​ប្រព័ន្ធ​ការពារ THAAD នៅ​តំបន់ Seongju ខេត្ត Gyeongsang ខាងជើង​។

​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ផ្សាយ​ថា ឡានធំ​ចំនួន​៦ ដែល​ដឹក​រ៉ា​ដា​ស៊េរី​ខ្ពស់ X-band របស់​ប្រព័ន្ធ​ការពារ និង​សម្ភារ​សំខាន់ៗ​ផ្សេងទៀត បានធ្វើ​ដំណើរ​ទៅដល់​ទីតាំង​ដំឡើង​នៅ​ភាគ​ត្បូង​ទាំងយប់ ដែលជា​ទីតាំង​ហាមឃាត់​សម្រាប់​ប្រជាជន​ធម្មតា​។ មន្ទីរ​បញ្ច​កោណ​និយាយថា ការពង្រាយ THAAD គឺជា​រឿង​សំខាន់​ក្នុងការ​ការពារ​ប្រជាជន​កូរ៉េខាងត្បូង និង​កងទ័ព​សម្ព័ន្ធមិត្ត ប្រឆាំងនឹង​ការ​គំរាម​នៃ​មី​ស៊ី​ល​កូរ៉េខាងជើង​។

​ចំណែក​យោធា​កូរ៉េខាងត្បូង ក៏​លើកឡើង​ដែរ​ថា ការពង្រាយ​ខែល​ការពារ​នេះ គឺ​ដើម្បី​ធានា​សុវត្ថិភាព​ជាមុន តាមរយៈ​ការដំឡើង​ឧបករណ៍​ដែល​បាន​មកដល់​ស្រាប់​។ ឯ​រឿង​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន និង​ការសាងសង់​សំណង់​នៅ​ទីតាំង​ត្រូវ​ពង្រាយ​វិញ ប្រទេស​ទាំង​២ នឹង​ប្រឹងប្រែង​បញ្ចប់​ទៅតាម​ផែនការ ព្រោះ​កូរ៉េខាងត្បូង និង​អាមេរិក ចង់​បញ្ចប់​ការងារ​ដំឡើង​ប្រព័ន្ធ​ការពារ THAAD ឲ្យ​បាន​ស្រេចបាច់​នៅ​ចុងឆ្នាំ​២០១៧ តែម្ដង​។​

​ច្បាស់​ណាស់​ថា ការដំឡើង​ប្រព័ន្ធ​ការពារ THAAD ទាំង​ប្រញាប់ប្រញាល់​បែបនេះ គឺជា​ការត្រៀមខ្លួន​ទប់ទល់​ពី​ការវាយប្រហារ​ណាមួយ​ពី​សំណាក់​កូរ៉េខាងជើង ដែល​កំពុង​សង្កៀត​ធ្មេញ បង្អួត​កម្លាំងយោធា និង​គំរាម​កម្ទេច​កូរ៉េខាងត្បូង និង​អាមេរិក​ឲ្យ​ក្លាយជា​ផេះផង់​។ យ៉ាងណាក្ដី វត្តមាន​របស់ THAAD ធ្វើ​ឲ្យ​ប្រជាជន​កូរ៉េខាងត្បូង​មួយចំនួន​មិន​សប្បាយចិត្ត​ឡើយ​។ ក្នុង​ប្រតិបត្តិការ​ទាំងយប់​នោះ អ្នក​តវ៉ា​ជាច្រើន ក៏បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ទៀត​។​

​ក្រុមបាតុករ​ស្រែកថា​៖ «​គ្មាន THAAD គ្មាន​សង្គ្រាម​។ អាមេរិក​! អ្នកជា​មិត្ត ឬក៏​ជា​ម្ចាស់​អាណានិគម​?»៕

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  អាមេរិក​
  THAAD
© រក្សាសិទ្ធិដោយ thmeythmey.com