ជាតិ
ជម្លោះ​សមុទ្រ​ចិន​៖ លោក ប្រាក់ សុខុន ថា កម្ពុជា​នឹង​ខិតខំ​បញ្ចៀស​ផល​អវិជ្ជមាន​រវាង​អាស៊ាន និង​ចិន​
26, Apr 2017 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក ប្រាក់ សុខុន បាន​អះអាងថា កម្ពុជា​មានបំណង​បញ្ចៀស​ភាព​តានតឹង និង​ប៉ះពាល់​អវិជ្ជមាន​រវាង​ទំនាក់ទំនង​អាស៊ាន និង​ចិន​។ ការអះអាង​របស់លោក ប្រាក់ សុខុន បែបនេះ នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក  Patrick Murphy ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស អាមេរិក​ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​។​



​ក្រោយពី​ជំនួប​ទ្វេភាគី​កម្ពុជា និង​អាមេរិក លោក ជុំ សុន្ទរី បាន​ប្រាប់​អ្នកសារព័ត៌មាន​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ថា កម្ពុជា​ដែលជា​ប្រទេស​ពុំជា​ប់​ពាក់ព័ន្ធ​នឹង​ទឹកដី​ជម្លោះ​នោះ នៅតែ​រក្សា​ជំហរ​បញ្ចៀស​សកម្មភាព​តានតឹង នឹង​សភាពការណ៍​ណាមួយ ដែល​កើតឡើង​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​នេះ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​រូប​នេះ បាន​ស្រង់​សម្តី​របស់លោក ប្រាក់ សុខុន ដែល​បាន​ប្រា​ប់លោក Patrick Murphy យ៉ាង​ដូច្នេះ​ថា​៖«​កម្ពុជា​បាន​ខិតខំ​បញ្ចៀស​ផលប៉ះពាល់​ជា​អវិជ្ជមាន​រវាង​ទំនាក់ទំនង​អាស៊ាន និង​ចិន និង​សម្របសម្រួល​រវាង​អាស៊ាន​និង​ចិន​»​។​

​បន្ថែម​ពីនេះ​លោក ប្រាក់ សុខុន ក៏បាន​ប្រា​ប់លោក Murphy ថា កម្ពុជា​ចង់ឃើញ​ការវិវត្ត​ការងារ​ជា​វិជ្ជមាន រវាង​អាស៊ាន និង​ចិន ក្នុងនោះ​រួមមាន ការតាំង​ចិត្ត​របស់​អា​ស៊ាន និង​ចិន​ក្នុងការ​អនុវត្ត​សេចក្តីថ្លែងការណ៍ ស្តីពី ការប្រតិបត្តិ (DOC) ដោយ​ពេញលេញ និង​ប្រសិទ្ធភាព​។ ការបង្កើត​ទំនាក់ទំនង Hotline រវាង​ក្រសួងការបរទេស​អាស៊ាន និង​ចិន​។ ការសន្ទនា​ប្រកបដោយ​វិជ្ជមាន​រវាង​ប្រទេស​ចិន និង​សមាជិក​អាស៊ាន​ដែលមាន​ជម្លោះទឹកដី​ផ្ទាល់ រួមទាំង ការប្តេជ្ញា​របស់​អាស៊ាន និង​ចិន​លើ​ក្របខ័ណ្ឌ​ក្រម​ប្រតិបត្តិ (COC) នៅ​ពាក់កណ្តាល ឆ្នាំ​២០១៧ ដែលជា​ឯកសារ​គោល​សម្រាប់​កាត់​តែង​ក្រម​ប្រតិបត្តិ (COC)​។ នេះ​បើតាម​លោក ជុំ ស​ន្ទ​រី​៕


Tag:
 ប្រាក់ សុខុន​
  ជុំ សុន្ទរី​
  Patrick Murphy
  ចិន​
  អាស៊ាន​
  អាមេរិក​
  ការបរទេស​
© រក្សាសិទ្ធិដោយ thmeythmey.com