អន្តរជាតិ
ត្រាំ នៅតែ​យក​ទណ្ឌកម្ម​ជា​អាទិភាព​មិនមែន​កម្លាំង​បាយ​ដើម្បី​ដោះស្រាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​
27, Apr 2017 , 2:38 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ អង្គុយក្បែររដ្ឋមន្ត្រីការបរទេស Rex Tillerson និងរដ្ឋមន្ត្រីការពារជាតិ James Mattis (រូបភាព Reuters)
ប្រធានាធិបតី ដូណាល់ ត្រាំ អង្គុយក្បែររដ្ឋមន្ត្រីការបរទេស Rex Tillerson និងរដ្ឋមន្ត្រីការពារជាតិ James Mattis (រូបភាព Reuters)
​មន្ត្រី​ទទួលបន្ទុក​សន្តិសុខ​ជាតិ​អាមេរិក បាន​ប្រាប់​សមាជិក​ព្រឹទ្ធសភា​ទាំង ១០០​នាក់ ថា បញ្ហា​កូរ៉េខាងជើង នឹងត្រូវ​បន្ត​ដោះស្រាយ​ដោយ​ការ​រឹតបន្តឹង​ទណ្ឌកម្ម និង​តាមរយៈ​ការដាក់​សម្ពាធ​របស់​ស​ហគ​មន៍​អន្តរជាតិ ។ ទន្ទឹមនឹង​ការចាត់ទុក​កូរ៉េខាងជើង​ជាការ​គំរាមកំហែង​ដ៏​ធំ​របស់ខ្លួន អាមេរិក ក៏​នឹង​បើកទ្វារ​ចរចា​សម្រាប់​កូរ៉េខាងជើង​ដែរ បើទោះជា​កន្លងមក អាមេរិក​ធ្លាប់​គំរាម​ប្រើ​កម្លាំងយោធា បង្ខំ​ឲ្យ​កូរ៉េខាងជើង​បោះបង់​មហិច្ឆតា​នុយក្លេអ៊ែរ​ក្ដី​។​



​សមាជិក​ព្រឹទ្ធសភា​ទាំង ១០០​នាក់ បាន​ទៅ​ជុំគ្នា​នៅ​សេត​វិមាន​នៅ​ថ្ងៃទី​២៦ ខែមេសា ដើម្បី​ស្ដាប់​ការរាយការណ៍​របស់រ​ដ្ឋ​បាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ លើ​បញ្ហា​កូរ៉េខាងជើង​។ នេះ ជា​រឿង​កម្រ​កើតឡើង​ដែល​មន្ត្រី​រដ្ឋាភិបាល​អញ្ជើញ​សមាជិក​ព្រឹទ្ធ​មក​រាយការណ៍​ដល់​សេត​វិមាន និង​ខុសពី​ទម្លាប់​ដែលជា​ធម្មតា​មន្ត្រី​រដ្ឋាភិបាល​ជា​អ្នក​ទៅ​បកស្រាយ​បញ្ហាសំខាន់ៗ​ដល់​វិមាន Capitol នោះ​។ មន្ត្រី​ទទួលបន្ទុក​សន្តិសុខ​ជាតិ ក៏បាន​ប្រាប់​សមាជិក​ព្រឹទ្ធសភា​ពី​ជំហរ​របស់​រដ្ឋាភិបាល​លើ​រឿង​កូរ៉េខាងជើង​នេះ​។​

​រដ្ឋបាល​ប្រធានាធិបតី ត្រាំ បាន​បញ្ជាក់ថា អាមេរិក​នឹង​ជំរុញ​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​តាមរយៈ​ការដាក់ទណ្ឌកម្ម​កាន់តែ​ធ្ងន់ និង​ការដាក់​សម្ពាធ​របស់​អន្តរជាតិ តែ​អាមេរិក​ក៏​មិន​បិទទ្វារ​ចរចា​ដែរ​។ ជំហរ​បែបនេះ គឺ​ផ្ទុយ​ពី​ការលើកឡើង​មុនៗ​របស់​មន្ត្រី​ធំៗ​របស់​រដ្ឋាភិបាល​អាមេរិក ដែល​គំរាម​ប្រើ​ទ័ព​ដើម្បី​ដោះស្រាយ​បញ្ហា​សាំ​ញាំ​នេះ ជាជាង​ការវិលត្រឡប់​ទៅរក​តុ​ចរចា​ដែល​គ្មាន​ប្រសិទ្ធភាព​អ្វី​សោះ​។

​រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រី​ការពារជាតិ នាយក​ចារកម្ម​ជាតិ និង​នាយសេនាធិការ​ចម្រុះ​កងទ័ព ជា​អ្នករាយការណ៍​ស្ថានការណ៍​កូរ៉េខាងជើង និង​ច្រកចេញ​នានា​ដល់​សមាជិក​ព្រឹទ្ធសភា​។ ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ក្រោយ​កិច្ចប្រជុំ​កម្រ​នេះ មន្ត្រីជាន់ខ្ពស់​ទាំង​៤ និយាយថា កូរ៉េខាងជើង គឺជា​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ និង​ជា​បញ្ហា​អាទិភាព​ក្នុង​នយោបាយ​ការបរទេស​របស់​រដ្ឋ​បាល ដូ​ណា​ល់ ត្រាំ ហើយ​លោក ត្រាំ ផ្ទាល់ ក៏​បញ្ជា​ឲ្យ​សើរើ​ឡើងវិញ​នយោបាយ​ការបរទេស​លើ​កូរ៉េខាងជើង​ដែរ​។​

​បើ​ទោះ​បាន​បញ្ជូន​នាវាចម្បាំង​ទៅ​កៀក​កូរ៉េខាងជើង​យ៉ាង​គគ្រឹកគគ្រេង​ក្ដី មន្ត្រី​ទទួលបន្ទុក​សន្តិសុខ​ជាតិ ៤​នាក់ ក៏​ប្រកាសថា អាមេរិក​ចង់បាន​ការ​លុបបំបាត់​នុយក្លេអ៊ែរ​កូរ៉េខាងជើង​តាមផ្លូវ​សន្តិភាព និង​រក្សា​ស្ថិរភាព​តំបន់​ផង​។ ពោល គឺ​អាមេរិក ក៏​នឹង​សហការ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន និង​មហាអំណាច​ក្នុង​តំបន់​មាន​ចិន​ជាដើម ដើម្បី​បង្កើន​ទណ្ឌកម្ម​ខ្លាំង​ថែមទៀត​។ ជាមួយ​វត្តមាន​របស់​ចិន អាមេរិក​ជឿថា បញ្ហា​កូរ៉េខាងជើង នឹង​អាច​រក​ច្រកចេញ​បាន​មិន​ខាន​។​

​យ៉ាងណាក្ដី អាមេរិក ក៏​អះអាង​ដែរ​ថា ខ្លួន នឹង​បន្ត​ការពារ​ខ្លួនឯង និង​សម្ព័ន្ធមិត្ត​ដដែល​។ ការបញ្ជូន​នាវាចម្បាំង​ជាច្រើន​គ្រឿង និង​ការដំឡើង​ប្រព័ន្ធ​ការពារ THAAD ទាំង​ប្រញាប់ប្រញាល់​នៅ​កូរ៉េខាងត្បូង សុទ្ធតែជា​វិធានការ​របស់​អាមេរិក​ដើម្បី​ការពារ​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន បើទោះជា​មានការ​ប្រឆាំង​ទាំង​ប្រជាជន​កូរ៉េខាងត្បូង និង​ពី​សំណាក់​ចិន​ក៏ដោយ​៕


Tag:
 ​អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com