អន្តរជាតិ
ចិន ស្នើ​អាមេរិក​-​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង ថយ​មួយ​ជំហាន​ម្នាក់ ដើម្បី​បន្ថយកម្ដៅ​តានតឹង​
27, Apr 2017 , 4:09 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី និងសមភាគីអាល្លឺម៉ង់ Sigmar Gabriel (រូបភាព Xinhua)
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី និងសមភាគីអាល្លឺម៉ង់ Sigmar Gabriel (រូបភាព Xinhua)
​ប្រមុខ​ការទូត​ចិន វ៉ាង យី បាន​ទទូច​ជាថ្មី​ម្ដងទៀត​ឲ្យ​អាមេរិក និង​កូរ៉េខាងត្បូង បញ្ឈប់​ការធ្វើ​សមយុទ្ធ​រួមគ្នា ព្រោះ​សមយុទ្ធ​នេះ​ក៏​ជាដើម​ហេតុ​មួយ ដែល​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ក្ដៅក្រហាយ​ដែរ​។ ចិន ក៏​ស្នើ​ឲ្យ​កូរ៉េខាងជើង​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ដើម្បី​បន្ធូរ​បន្ថយកម្ដៅ​ឧបទ្វីប​កូរ៉េ​។ ចំពោះ​ចិន បើ​ភាគី​ជម្លោះ​ទាំងសងខាង អាច​ដកថយ​ម្នាក់​ជំហាន នោះ​ស្ថានការណ៍​ពិតជា​អាច​ធូរស្រាល ហើយ​អាច​ឈានដល់​ការចរចា​ឡើងវិញ​ផង​។​



​រដ្ឋមន្ត្រីការបរទេស​ចិន បាន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​នៅ​ឧបទ្វីប​កូរ៉េ​មាន​អាមេរិក កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​ជាដើម បញ្ឈប់​ទង្វើ​ផ្គើន​ដាក់គ្នា​ទៅវិញទៅមក​ដើម្បី​រក្សា​ស្ថិរភាព​តំបន់​។ ចិន ទំនងជា​កំពុង​ទម្លាក់កំហុស​ឲ្យ​ភាគី​ទាំងសងខាង ចំពោះ​ការឡើង​កម្ដៅ​នៃ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ដែល​គេឯង​បារម្ភ​ថា​អាច​រាលដាល​ទៅជា​សង្គ្រាមលោកលើកទី​៣ ។ ចំពោះមុខ​នៃ​បញ្ហា​នេះ ចិន ក៏​ព្រមាន​ដែរ​ថា ផលវិបាក​នៃ​សង្គ្រាម ដែល​អាច​ផ្ទុះឡើង​គ្រប់ពេល ពិតជា​ពិបាក​ស្មាន​ណាស់​។​

​ថ្លែង​ពី​រដ្ឋធានី​បែរ​ឡាំង​នៅ​ថ្ងៃទី​២៦ ខែមេសា ប្រមុខ​ការទូត​ចិន វ៉ាង យី ទទួលស្គាល់ថា ការបន្ត​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង គឺជា​រឿង​ផ្ទុយ​សេចក្ដី​របស់​ក្រុមប្រឹក្សាសន្តិសុខ​យ៉ាង​ជាក់ច្បាស់​។ ប៉ុន្តែ​លោក​ក៏បាន​រិះគន់​សមយុទ្ធ​ប្រចាំឆ្នាំ​រួមគ្នា​ដ៏​គគ្រឹក​គ​គ្រង អូសបន្លាយ​ពេល​យូរ រវាង​អាមេរិក និង​កូរ៉េខាងត្បូង​ដែរ​។ លោក និយាយថា ល្បែង​សង្គ្រាម​របស់​សម្ព័ន្ធមិត្ត​ទាំង​២ នេះ មិនអាច​ជួយ​អ្វី​ដល់​ការរក​ដំណោះស្រាយ​ឡើយ​។​

​ចំពោះមុខ​សម​ភាគី​អាល្លឺម៉ង់ Sigma Gabriel រដ្ឋមន្ត្រីការបរទេស​ចិន​រូបនេះ ក៏​បង្ហាញ​ការព្រួយបារម្ភ ជុំវិញ​គ្រោះថ្នាក់​នៃ​ជម្លោះ​ដែល​មិនអាច​ស្មាន​ត្រូវ ស្របពេល​សន្តិសុខ និង​ស្ថិរភាព​តំបន់ កំពុងស្ថិត​ក្នុងស្ថានភាព​ផុយ​ស្រួល​ខ្លាំងណាស់​នា​រយៈពេល​ចុងក្រោយ​នេះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក វ៉ាង យី សង្កត់ធ្ងន់ថា​៖ «​យើង​មិនអាច​ប្រថុយ​នឹង​គ្រោះថ្នាក់​បានឡើយ ទោះជា​វា​មានលទ្ធភាព​ផ្ទុះ​ចេញ​ត្រឹម ១​ភាគរយ​ក្ដី ព្រោះ​ផលវិបាក​លើ​ម​មិនឃើញ​ឡើយ​»​។​

​តាមពិតទៅ ជា​រៀងរាល់ឆ្នាំ ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ តែង​ឡើងក​ម្ដៅ​ខ្លាំង​នៅ​រយៈពេល​ប៉ុន្មាន​ខែ​នេះ ព្រោះ​អាមេរិក និង​កូរ៉េខាងត្បូង តែង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជាច្រើន​ខែ​។ កូរ៉េខាងជើង បាន​សមយុទ្ធ​រួមគ្នា​ដែល​ចូលរួម​ដោយ​កងទ័ព​ជាច្រើន​ពាន់​នាក់​មកពី​ប្រទេស​ទាំង​២ ជាការ​ប្រុងប្រៀប​ធ្វើសង្គ្រាម ដែល​តម្រូវ​ឲ្យ​ខ្លួន​ត្រូវ​ឆ្លើយតប​វិញ​ឲ្យ​បាន​ស័ក្ដិសម​។ ប៉ុន្តែ អាមេរិក និង​កូរ៉េខាងត្បូង អះអាងថា សមយុទ្ធ​រួមគ្នា​នេះ គ្រាន់តែ​ជាការ​ការពារ​ខ្លួន​ប៉ុណ្ណោះ​។​

​ចិន ដែលជា​អ្នកជិតខាង​របស់​កូរ៉េខាងជើង ពិតជា​មិន​ចង់ឃើញ​សង្គ្រាម​ផ្ទុះឡើង​ទេ ហើយ​រឹតតែ​មិន​ចង់ឃើញ​វត្តមាន​កងទ័ព​អាមេរិក​នៅ​មាត់​ទ្វារផ្ទះ​របស់ខ្លួន​ទៅទៀត​។ ចិន ក៏​ជំទាស់​ដាច់ខាត​បំណង​ប្រើប្រាស់​កម្លាំង​ទ័ព​របស់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ហើយ​តែង​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជ្រើសរើស​ផ្លូវ​ចរចា​វិញ​។ ប៉ុន្តែ​កូរ៉េខាងជើង មិន​ស្ដាប់​បាន​តាម​សំណើ​នេះ​ទេ ហើយ​អាមេរិក​ឯណោះ ថែមទាំង​និយាយថា ការចរចា​ជាច្រើន​ឆ្នាំ​មកនេះ គ្មាន​បាន​ប្រយោជន៍​អ្វី​ឡើយ​៕


Tag:
 ចិន​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  អាមេរិក​
  វ៉ាង យី​
© រក្សាសិទ្ធិដោយ thmeythmey.com