អន្តរជាតិ
មេទ័ព​អាមេរិក ចង់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ការពារ​កោះ​ហា​វ៉ៃ​ពី​ការវាយប្រហារ​កូរ៉េខាងជើង​
27, Apr 2017 , 7:39 pm        
រូបភាព
ប្រមុខកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ឧត្តមនាវី Harry Harris
ប្រមុខកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ឧត្តមនាវី Harry Harris
​ស្របពេល​កូរ៉េខាងជើង​បង្កើន​សមត្ថភាព​មី​ស៊ី​ល​របស់ខ្លួន​ដែល​អាច​វាយប្រហារ​ដល់​អាមេរិក ប្រមុខ​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ឧ​ត្ត​មនា​វី Harry Harris បង្ហាញ​បំណង​បង្កើន​ចំនួន​ប្រព័ន្ធ​ការពារ​បន្ថែមទៀត​នៅ​តំបន់​ប៉ាស៊ីហ្វិក​។ ឧ​ត្ត​ម​សេនីយ៍​រូបនេះ អះអាងថា កោះ​ហា​វ៉ៃ មិនមាន​សុវត្ថិភាព​ឡើយ បើ​កូរ៉េខាងជើង​ពិតជា​វាយប្រហារ​មែន​នោះ​។



​មេបញ្ជាការ​កងទ័ព​អាមេរិក​តំបន់​ប៉ាស៊ីហ្វិក Harry Harris បាន​ទៅ​ផ្ដល់​សក្ខីកម្ម​នៅឯ​វិមាន Capitol នៅ​ថ្ងៃទី​២៦ ខែមេសា​។ ចំពោះមុខ​គណៈកម្មាធិកា​រ​យោធា​រដ្ឋសភា ឧ​ត្ត​មនា​វី Harry Harris និយាយថា ការគំរាមកំហែង​រប​ស់មី​ស៊ី​ល​កូរ៉េខាងជើង កើនឡើង​យ៉ាងខ្លាំង ព្រោះ​ប្រទេស​នេះ​ប្រឹងប្រែង​អភិវឌ្ឍ​មី​ស៊ី​ល​របស់ខ្លួន​ឥតឈប់ឈរ រហូត​មាន​មី​ស៊ី​លអាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាញ់​បាន​ចម្ងាយ​ឆ្ងាយ​ទៀតផង​។​

​ជាមួយនឹង​ការគំរាមកំហែង​នេះ ឧ​ត្ត​មនា​វី​ផ្កាយ​៤ Harris ក៏​ស្នើ​ឲ្យ​មាន​បង្កើន​រ៉ា​ដា និង​ប្រព័ន្ធ​ស្កាត់​មី​ស៊ី​ល​ឲ្យ​កាន់តែច្រើន​ថែមទៀត ជាការ​ការពារ​ខ្លួន​។ លោក​និយាយទៀតថា សូម្បី​កោះ​ហា​វ៉ៃ ក៏​ទំនងជា​មិនអាច​ការពារ​ពី​ការវាយប្រហារ​របស់​មី​ស៊ី​ល​កូរ៉េខាងជើង​បានដែរ ដែល​រឿងនេះ​ជា​មូលហេតុ​តម្រូវ​បង្កើន​ខែល​ការពារ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ឲ្យ​ច្រើន​នោះ​។ អ្វី​កាន់​ព្រួយបារម្ភ​នោះ កូរ៉េខាងជើង ក៏​ប្រកាស​ដែរ​ថា ខ្លួន​មាន​មី​ស៊ី​ល​អន្តរទ្វីប​បាញ់​ដល់​អាមេរិក​ទៅទៀត​។​

​មិន​ត្រឹមតែ​កោះ​ហា​វ៉ៃ​ដែល​រង​ការ​គំរាម​នោះ បើតាម​ការរាយការណ៍​របស់​មេបញ្ជាការ​កង​ទ័ព​អាមេរិក​ប្រចាំ​ប៉ាស៊ីហ្វិក​រូបនេះ កូរ៉េខាងត្បូង ជប៉ុន ក៏​ប្រឈមមុខ​គ្រោះថ្នាក់​ខ្ពស់​ដូចគ្នា ហើយ​គេ​មិនអាច​ធានាថា កូរ៉េខាងជើង​មិន​ធ្វើ​អ្វី​ឡើយ ពេល​មាន​សមត្ថភាព​មែន​នោះ​។ ជាការ​ពិត បើ​គិត​លើ​ចម្ងាយ​រវាង​កូរ៉េខាងជើង ទៅ​កូរ៉េខាងត្បូង និង​ជប៉ុន​នោះ មី​ស៊ី​ល​ដែល​កូរ៉េខាងជើង​មាន ពិតជា​អាច​បង្ក​ការ​គំរាម​សម្រាប់​សម្ព័ន្ធមិត្ត​អាមេរិក​ទាំង​២​បាន​។​

​មកទល់ពេលនេះ អាមេរិក កំពុង​ដំឡើង​ជា​បណ្ដើរ​ហើយ​នូវ​ផ្នែក​មួយចំនួន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD នៅ​កូរ៉េខាងត្បូង ខណៈ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កំពុង​តានតឹង​ខ្លាំង​។ នេះ​ជា​ប្រព័ន្ធ​មី​ស៊ី​ល THAAD ទី​១ នៅ​តំបន់​ប៉ាស៊ីហ្វិក ដែល​ទាំង​កូរ៉េខាងត្បូង និង​អាមេរិក និយាយថា​ពង្រាយ​ដើម្បី​ការពារ​ខ្លួន​។ ក្រៅពី​ប្រព័ន្ធ​ការពារ​ទំនើប​ដាក់​លើដី​គោក អាមេរិក ក៏មាន​នាវា​ល្បាត​បំពាក់​ប្រព័ន្ធ​ការពារ Aegis ជាច្រើន​គ្រឿង​នៅ​ជុំវិញ​តំបន់​ឧបទ្វីប​កូរ៉េ​ដែរ​។​

​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ វត្តមាន​របស់​មេបញ្ជាកា​រ​ជាន់ខ្ពស់​រូបនេះ​នៅ​វិមាន Capitol កើតឡើង​ស្រប​ពេលដែល​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ អញ្ជើញ​សមាជិក​ព្រឹទ្ធសភា​ទាំងអស់​ទៅ​ស្ដាប់​ការរាយការណ៍​រឿង​កូរ៉េខាងជើង​នេះដែរ​។ ប៉ុន្តែ​អ្វីដែល​ចម្លែក​នោះ រដ្ឋបាល​អាមេរិក ហាក់​ដកឃ្លា​ពី​ការប្រើប្រាស់​កម្លាំងយោធា និង​ងាក​ទៅ​បន្ត​វិធានការ​ចាស់​វិញ ដោយ​ផ្ដោតលើ​ការដាក់ទណ្ឌកម្ម និង​ដាក់​សម្ពាធ​ឲ្យ​កូរ៉េខាងជើង ចូល​តុ​ចរចា​វិញ​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  Harry Harris
© រក្សាសិទ្ធិដោយ thmeythmey.com