អន្តរជាតិ
ត្រាំ ទារលុយ​កូរ៉េខាងត្បូង​១​ពាន់​លាន​ដុល្លា​ថ្លៃ​ដំឡើង​ខែល​ការពារ​មី​ស៊ី​ល តែ​កូរ៉េខាងត្បូង​មិន​ព្រម
28, Apr 2017 , 2:48 pm        
រូបភាព
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ទារលុយ​ពី​សម្ព័ន្ធមិត្ត គឺ​កូរ៉េខាងត្បូង ថ្លៃ​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD ។ ប្រធានាធិបតី​ដែលជា​អ្នកជំនួញ​រូបនេះ និយាយថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល ដែល​ត្រូវបាន​ដំឡើង​បណ្ដើរៗ​ហើយ​នោះ មានតម្លៃ​ដល់​រាប់រយ​លាន​ដុល្លារ​ឯណោះ ហើយ​វា​ជា​រឿង​ត្រឹមត្រូវ​ដែល​កូរ៉េខាងត្បូង បង់ថ្លៃ​ប្រព័ន្ធ​ការពារ​នេះ​។ យ៉ាងណាក្ដី កូរ៉េខាងត្បូង​ឆ្លើយ​វិញ​ថា ខ្លួន​មិន​ព្រម​បង់ថ្លៃ​តាម​ការទាមទារ​។​



​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​កំពុង​តានតឹង​ខ្លាំង រហូតដល់​អាមេរិក និង​កូរ៉េខាងត្បូង ប្រញាប់ប្រញាល់​ដំឡើង​ផ្នែក​សំខាន់ៗ​នៃ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD នៅ​ទីលាន​កូន​ហ្គោល​នៅ​តំបន់​ភាគ​ត្បូង ជាការ​ត្រៀម​ទប់ទល់​មី​ស៊ី​ល​កូរ៉េខាងជើង​។ ស្របពេល​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ទំនើប​នេះ ត្រៀមខ្លួន​ចាប់​ស្ទាក់​មី​សីល​កូរ៉េខាងជើង នៅ​អាមេរិក​ឯណោះ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បែរជា​ចង់​ឲ្យ​កូរ៉េខាងត្បូង បង់ថ្លៃ​ពង្រាយ​ប្រព័ន្ធ​ការពារ​នេះ​ទៅវិញ​។​

​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ចេញផ្សាយ​នៅ​ថ្ង​ទី​២៨ ខែមេសា ប្រធានាធិបតី ត្រាំ និយាយថា​៖ «​ខ្ញុំ​ស្នើ​កូរ៉េខាងត្បូង​ថា វា​ជា​រឿង​សមរម្យ ប្រសិនបើ​ពួកគេ​បង់​មែន​។ ប្រព័ន្ធ​ការពារ​នេះ មានតម្លៃ ១​ពាន់​លាន​ដុល្លារ​ឯណោះ​»​។ បើតាម​កិច្ច​សម្ភាស​ដដែល លោក ត្រាំ ក៏​ឆ្ងល់​ថា ហេតុអ្វី​បានជា​អាមេរិក​ត្រូវ​ចេញថ្លៃ​ប្រព័ន្ធ​ការពារ​នេះ ដើម្បី​ការពារ​ការគំរាមកំហែង​មី​ស៊ី​ល​កូរ៉េខាងជើង​។​

​យ៉ាងណាក្ដី កូរ៉េខាងត្បូង ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​អាមេរិក​ចាប់តាំងពី​សម័យ​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០ ដល់​ឆ្នាំ​១៩៥៣ មិន​ព្រម​បង់លុយ​តាម​ការទាមទារ​របស់​ប្រធានាធិបតី ត្រាំ ឡើយ​។ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​និយាយថា ក្រោម​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​២ កូរ៉េខាងត្បូង ជា​អ្នកទទួលបន្ទុក​លើ​ទីតាំង​ត្រូវ​ពង្រាយ​ប្រព័ន្ធ​ការពារ THAAD ចំណែកឯ​អាមេរិក​ជា​អ្នក​ចេញថ្លៃ​លើ​ការពង្រាយ និង​ប្រតិបត្តិការ​ឧបករណ៍​ទំនើប​នេះ​។ ហើយ​គោលការណ៍ គឺ​មិនមាន​ការប្រែប្រួល​អ្វី​ទាំងអស់​។​

​ក្រៅពី​ទារលុយ​កូរ៉េខាងត្បូង​ថ្លៃ​ពង្រាយ THAAD ប្រធានាធិបតី​មាន​អតីត​ជា​សេដ្ឋី​អចលនទ្រព្យ​រូបនេះ ក៏​គំរាម​លុបចោល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ថែមទៀត​។ លោក ត្រាំ បាន​ហៅ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក និង​កូរ៉េខាងត្បូង ជា​កិច្ចព្រមព្រៀង​ដ៏​អាក្រក់ ដែល​បន្សល់ទុក​ដោយរ​ដ្ឋ​មន្ត្រី​ការបរទេស​លោ​ក​ស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​។ ចំពោះ​អនាគត​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ មាន​២ គឺ​ត្រូវ​លុបចោល ឬ​ត្រូវ​ចរចា​ឡើងវិញ​។

​ការទាមទារ​ថ្លៃ​ចំណាយ​របស់​ប្រធានាធិបតី ត្រាំ លើ​ការការពារ​សម្ព័ន្ធមិត្ត​របស់ខ្លួន មិនមែនជា​រឿង​ភ្ញាក់ផ្អើល​ទេ​។ កាល​ពេល​ឃោសនាបោះឆ្នោត លោក ត្រាំ ក៏​ធ្លាប់​ទារលុយ​ថ្លៃ​ការពារ​ពី​កូរ៉េខាងត្បូង​និង​ជប៉ុន និង​ដកទ័ព​ចេញ​អាមេរិក​ទៀតផង​។  អ្វីដែល​ប្លែក​នោះ គឺ​ខណៈដែល​លោក​ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ​ទាំងមូល​ដើរ​ទៅរក​ការ​វាយ​ប្រយុទ្ធ​គ្នា លោក​បែរជា​ទារ​ថ្លៃ​ចំណាយ​ពី​កូរ៉េខាងត្បូង​ទៅវិញ​។ ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ​ទៀតសោត ក៏​គ្រោង​នឹង​ដំណើរការ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ក្រោយ​ទៅដល់​ទីតាំង​រួចហើយ​។ គេ ក៏​មិនដឹងថា​កូរ៉េខាងត្បូង នឹង​ឆ្លើយតប​បែបណា​ទៀត​នឹង​សកម្មភាព​ស្មាន​មិន​ដល់​របស់លោក ត្រាំ ដែរ​៕ 


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  កូរ៉េខាងត្បូង​
  THAAD
© រក្សាសិទ្ធិដោយ thmeythmey.com