ជាតិ
ជិត​ដល់​ថ្ងៃ​ចូល​បំភ្លឺ​នៅ​តុលាការលោក ជុន ច័ន្ទ​បុត្រ បាន​ចាក​ចេញពី​កម្ពុជា ​
29, Apr 2017 , 6:02 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ លោក ហួត ឃី​ត​វុទ្ធី ហៅ ជុន ច័ន្ទ​បុត្រ អនុប្រធាន​វិទ្យុ​អាស៊ីសេរី​ផ្នែក​ខេមរភាសា បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ឆ្ពោះទៅកាន់​ប្រទេស​ថៃ​ហើយ​។ ព័ត៌មាន​នេះ ត្រូវបាន​លោក ជី វី​តា ប្រធានការិយាល័យ​វិទ្យុ​អាស៊ីសេរី​ប្រចាំ​នៅ​កម្ពុជា ឆ្លើយ​ប្រាប់​អ្នកសារព័ត៌មាន​នៃ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​សៅរ៍​នេះ​។ 



​តាមរយៈ​ការឆ្លើយ​ឆ្លងតាម​ទូរ​សព្ទ​ជាមួយនឹង​អ្នកសារព័ត៌មាន​នៃ​វិទ្យុ​ស្ត្រី លោក ជី វី​តា បាន​អះអាងថា ដំណើ​របស់លោក ជុន ច័ន្ទ​បុត្រ ទៅកាន់​ប្រទេស​ថៃ​ក្នុង​ពេលនេះ គឺ​ដើម្បី​បំពេញ​កិច្ចការ​មួយចំនួន ដែល​ទាក់ទង​នឹង​វិទ្យុ​អាស៊ីសេរី​។ យ៉ាងណា លោក ជី វី​តា មិនបាន​ប្រាប់​ឲ្យ​ច្បាស់​នោះទេ ថា​កិច្ចការ​អ្វី ដែល​លោក ជុន ច័ន្ទ​បុត្រ ត្រូវបំពេញ​នៅក្នុង​ប្រទេស​ថៃ​។
​ការចាកចេញ​ពី​ប្រទេស​កម្ពុជា​របស់លោក ជុន ច័ន្ទ​បុត្រ ក្នុង​កាលៈទេសៈ​នេះ ធ្វើ​ឲ្យ​សាធារណជន​មួយចំនួន សង្ស័យថា លោក ទំនងជា​ចង់​គេចវេះ​ពី​ការចូល​បំភ្លឺ​នៅក្នុង​តុលាការ​។ ប៉ុន្តែ បើតាម​លោក ជី វី​តា ដដែល លោក ជុន ច័ន្ទ​បុត្រ នឹង​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ មុន​កាលកំណត់​របស់​តុលាការ​។  

លោក ជុន ច័ន្ទ​បុត្រ ត្រូវបាន​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកាកោះ ឲ្យ​ចូល​បំភ្លឺ នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៧​។ ការកោះហៅ​នេះ គឺ​ដោយសារតែ​លោក ជុន ច័ន្ទ​បុត្រ បាន​ចូលទៅ​ជួប​មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ព​ន្ធា​គារ​ព្រៃ កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៧ កន្លងទៅ​។

សមត្ថកិច្ច និង​តុលាការ បានចាត់ទុក​សកម្មភាព​របស់លោក ជុន ច័ន្ទ​បុត្រ ថា​ជាការ​បន្លំ​ខ្លួន ដោយ​ខុសច្បាប់ ដើម្បី​បាន​ចូលទៅ​ជួប​មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​។ នៅក្នុង​ដីកា​របស់​ព្រះរាជអាជ្ញា លោក ជុន ច័ន្ទ​បុត្រ គឺជា​ជនសង្ស័យ​ក្នុង​ដំណើររឿង «​ផ្តល់​សេចក្តីប្រកាស​ដោយ​ភូតកុហក បន្លំ​ខ្លួន​ចូល​ព​ន្ធា​គារ​»​។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប គឺ​លោកស្រី មូរ សុខ​ហួរ និង​លោក ឡុង រី គឺជា​អ្នក​នាំ​លោក​ជុន ច័ន្ទ​បុត្រ ទៅជា​មួយ ពេល​ចូលទៅ​សួរសុខទុក្ខ​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​។ លោកស្រី មូរ សុខ​ហួរ និង​លោក ឡុង រី បាន​ក្លាយជា​សាក្សី នៅក្នុង​សំណុំ​រឿងនេះ​។ អ្នក​ទាំងពីរ បាន​ចូលទៅ​បំភ្លឺ​នៅ​ចំពោះមុខ​ព្រះរាជអាជ្ញា​រួចហើយ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ខាងលើ​។​

ចំណែកឯ លោក ជុន ច័ន្ទ​បុត្រ នៅ​មិនទាន់​សម្រេចចិត្ត​ច្បាស់​នោះទេ ថា​នឹង​ចូល​បំភ្លឺ​នៅក្នុង​តុលាការ​តាម​ដីកាកោះ ឬ​យ៉ាងណា​៕



© រក្សាសិទ្ធិដោយ thmeythmey.com