អន្តរជាតិ
ដូ​ណា​ល់ ត្រាំ សរសើរ គីម ជុង​អ៊ុន ជា​មនុស្ស​ឆ្លាត​
01, May 2017 , 1:59 pm        
រូបភាព
​បើទោះជា​អាមេរិក និង​កូរ៉េខាងជើង​កំពុង​ប្រឈមមុខ​ដាក់គ្នា​ក្ដី ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បែរជា​និយាយ​លើកសរសើរ​មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង គីម ជុង​អ៊ុន ទៅវិញ​។ លោក​ប្រធានាធិបតី ត្រាំ និយាយថា គីម ជុង​អ៊ុន អាច​ឡើងកាន់​អំណាច​គ្រ​ប់​គ្រង​កូរ៉េខាងជើង​បាន ទោះជា​មាន​អាយុ​តិច​ក៏ដោយ ហើយ​ថែមទាំង​អាច​ជម្នះ​ឧបសគ្គ​ជាច្រើន​ទៀត​។ ប៉ុន្តែ​លោក ត្រាំ ក៏​បញ្ជាក់ដែរថា លោក​មិន​ទុក​ឲ្យ​ស្ថានការណ៍​គ្រោះថ្នាក់​ដូច​បច្ចុប្បន្ននេះ បន្ត​ទៅមុខ​ទៀតឡើយ​។​



«​គាត់​មាន​អាយុ​ត្រឹម​២៦ ឬ​២៧​ឆ្នាំ​ប៉ុណ្ណោះ ពេល​ឪពុក​របស់គាត់​ស្លាប់​។ គាត់​បាន​ប្រឈមមុខ​ជាមួយ​មនុស្ស​មាន​អំណាច​គ្រាក់ៗ​ជាច្រើន ជាពិសេស​ពួក​ឧ​ត្ត​ម​សេនីយ៍ និង​មនុ​ស្សមាន​ឥទ្ធិពល​ផ្សេងទៀត​»​។ នេះ​ជាស​ម្ដី​លើកសរសើរ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ចំពោះ​មេដឹកនាំ​ផ្ដាច់ការ​វ័យក្មេង​កូរ៉េខាងជើង គីម ជុង​អ៊ុន ដែល​ឡើងកាន់​អំណាច​កាលពី​ឆ្នាំ​២០១៣ និង​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ព្រួយបារម្ភ​ខ្លាំង​ដោយសារ​ការដឹកនាំ​រប​ស់លោក​។

​ក្រោយ​ស្នង​តំណែង​ពី​ឪពុក​មកនេះ លោក គីម ជុង​អ៊ុន ដែល​ធ្លាប់​ទទួល​ការសិក្សា​នៅ​នៅ​ប​ស្ចឹ​ម​ប្រទេស បាន​បន្ត​អនុវត្ត​នយោបាយ​កុម្មុយនីស្ត​ផ្ដាច់ការ​ដឹកនាំ​ប្រទេស និង​បាន​បោសសម្អាត​មន្ត្រីជាន់ខ្ពស់​ជាច្រើន ដែល​ត្រូវ​ចោទថា​ព្យាយាម​ផ្ដួលរំលំ​របប​ដឹកនាំ​របស់ខ្លួន​រួមទាំង​ឪពុកមា​ខ្លួនឯង​ទៅទៀត​។ អ្វីដែល​ធ្ងន់ធ្ងរ​នោះ របប​ដឹកនាំ គីម ជុង​អ៊ុន បាន​សាកល្បង​នុយក្លេអ៊ែរ​ដល់​ទៅ ៣​ដង និង​បាញ់​មី​ស៊ី​ល​ជាច្រើន​ទៀត ដែល​បង្ខំ​ឲ្យ​អាមេរិក​ពង្រាយ​នាវាចម្បាំង​ជាច្រើន​នៅ​ឧបទ្វីប​កូរ៉េ​។​

​ទាក់ទង​បញ្ហា​នេះ លោក ត្រាំ មិនអាច​និយាយ​បានទេ​ថា អ្វីដែល​មេដឹកនាំ​កូរ៉េខាងជើង​កំពុង​ធ្វើ ជា​រឿង​ប្រកបដោយ​វិចារណញាណ ឬ​យ៉ាងណាដែរ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន CBS ដែល​ផ្សាយ​នៅ​ថ្ងៃទី​៣០ ខែមេសា លោក ត្រាំ គ្រាន់​លើកឡើងថា គីម ជុង​អ៊ុន នៅ​ក្មេង​សោះ តែមាន​សមត្ថភាព​ដឹកនាំ​ប្រទេស​បាន​ទៅហើយ​។ លោក​បន្តថា​៖ «​មនុស្ស​ជាច្រើន​ព្យាយាម​ដណ្ដើម​តំណែង​នេះ មិន​ថា​ឪពុកមា ឬ​មនុស្ស​ផ្សេង​ឡើយ​។ តែ​យ៉ាងណា គាត់​ជាម​នុស្ស​ឆ្លាត​ម្នាក់​»​។​

​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នៃ​ការក្ដោបក្ដាប់​អំណាច​របស់ គីម ជុង​អ៊ុន កូរ៉េខាងជើង បាន​ប្រឹងប្រែង​អភិវឌ្ឍ​មី​ស៊ី​ល និង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​អាច​បំពាក់​លើ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​។ ការសាកល្បង​ប៉ុន្មាន​ដង​មកនេះ​បង្ហាញថា កូរ៉េ​ខាង​កំពុង​ឈានទៅដល់​ការសម្រេចបាន​មី​ស៊ី​ល​អន្តរទ្វីប ដែល​អាច​បាញ់​ដល់​ដីគោក​របស់​អាមេរិក​បាន​។ មិន​ត្រឹមតែ​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​ឡើយ របប​ក្រុង​ព្យុងយ៉ាង ក៏​បន្ត​មហិច្ឆតា​អាវុធ​នុយក្លេអ៊ែរ​ឲ្យ​កាន់តែខ្លាំង ដើម្បី​ទុក​ការពារ​ខ្លួនឯង​ទៀតផង​។​

​ដោយសារ​គំរាមកំហែង​បែបនេះ រដ្ឋបាល​ប្រធានាធិបតី ត្រាំ បាន​បញ្ជូន​សព្វាវុធ​ទំនើបៗ​ជាច្រើន និង​ឧបករណ៍​សង្គ្រាម​ទៅកាន់​ឧបទ្វីប​កូរ៉េ​។ នាវាមុជទឹក USS Michigan បាន​ទៅដល់​មូលដ្ឋាន​នៅ​កូរ៉េខាងត្បូង​ហើយ ខណៈ​នាវា​មួយ​កង​ទៀត​ដឹកនាំ​ដោយ​ដឹក​យន្តហោះ USS Carl Vinson ក៏បាន​ទៅ​ក្បែរ​ឧបទ្វីប​កូរ៉េ​ដែរ​។ មិនតែប៉ុណ្ណោះ លោក ត្រាំ បាន​ព្យាយាម​បញ្ចុះបញ្ចូល​ចិន​ឲ្យ​ជួយ​ដាក់​សម្ពាធ​បន្ថែមទៀត​លើ​កូរ៉េខាងជើង ដើម្បី​បង្ខំ​ឲ្យ​រដ្ឋ​មួយ​នេះ​បោះបង់​គំនិត​មួយ​នេះ​ចោល​ទៅ​៕


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  កូរ៉េខាងជើង​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com