អន្តរជាតិ
លោកស្រី ស៊ូ​ជី គេច​មិន​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អាមេរិក តែ​ចាំ​ទៅ​ចិន​
03, May 2017 , 11:39 am        
រូបភាព
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី (រូបភាព Xinhua)
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី (រូបភាព Xinhua)
​រដ្ឋមន្ត្រីការបរទេស​អាមេរិក Rex Tillerson នឹង​ជួប​ជាមួយ​បណ្ដា​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក្នុង​កិច្ចប្រជុំ​ពិសេស​នៅ​ថ្ងៃទី​៤ ខែមេសា​។ នេះ ជា​ជំនួប​ទល់មុខ​លើក​ទី​១ រវាង​ប្រមុខ​ការបរទេស​អាមេរិក និង​សម​ភាគី​មកពី​តំបន់​អាស៊ាន ចាប់តាំងពី​មានការ​ផ្លាស់ប្ដូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​នៅ​អាមេរិក​មក​។ ប៉ុន្តែ​កិច្ចប្រជុំ​លើក​នេះ​នឹង​មិនមាន​វត្តមាន​រដ្ឋ​មន្ត្រី​ការបរទេស​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី ឡើយ ព្រោះ​លោកស្រី​រវល់​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អឺរ៉ុប​។ លោកស្រី ស៊ូ​ជី នឹង​ចាត់​តំណាង​ដែល​មិនមែនជា​មន្ត្រី​ក្រសួងការបរទេស ឲ្យ​ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស​នេះ​ជំនួស​វិញ​។



​កិច្ចប្រជុំ​លើកដំបូង​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​អាមេរិក ដែល​ធ្វើឡើង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នឹងមិន​មានការ​ចូល​រួម​ពី​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី ឡើយ​។ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​និយាយថា លោកស្រី ស៊ូ​ជី បាន​បដិសេធ​សំណើ​អញ្ជើញ​របស់​រដ្ឋមន្ត្រី​ការ បរទេស​អាមេរិក Rex Tillerson ក្នុង​ការចូលរួម​កិច្ចប្រជុំ​លើក​ទី​១​នេះ​ជាមួយ​សម​ភាគី​អាស៊ាន​ផ្សេងទៀត តែ​បាន​បញ្ជូន​តំណាង​ចូលរួម​ជំនួស​។​

​នៅ​ថ្ងៃទី​១ ខែឧសភា លោកស្រី ស៊ូ​ជី ដែលមាន​តំណែង​ជាទី​ប្រឹក្សា​រដ្ឋ​ដែរនោះ បាន​ទៅដល់​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក ដើម្បី​ផ្ដើម​ទស្សនកិច្ច​ផ្លូវការ​មួយ​ជុំ​នៅ​តំបន់​អឺរ៉ុប​។ លោកស្រី បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​បែលហ្ស៊ិក និង​ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប​មួយចំនួនទៀត​។ ចេញពី​បែលហ្ស៊ិក លោកស្រី​នឹង​បន្តដំណើរ​ទៅកាន់​ចក្រភព​អង់គ្លេស និង​អ៊ីតាលី​បន្តទៀត​។ មន្ត្រី​មី​យ៉ាន់​មី មិនបាន​បញ្ជាក់​មូលហេតុ​ជាក់លាក់​នៃ​ទស្សនកិច្ច​នេះ​ទេ តែ​ច្បាស់​ជាមាន​ជាប់​ពាក់ព័ន្ធ​រឿង​រ៉ូ​ហ៊ីង​យ៉ា​មិន​ខាន​។​

​ដោយឡែក​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អាមេរិក ត្រូវ​រៀបចំឡើង​តាម​សំណើ​របស់​អាស៊ាន ដើម្បី​ស្វែងយល់​ពី​ជំហរ​របស់​រដ្ឋបាល​អាមេរិក​ថ្មី​មកលើ​តំបន់​អាស៊ាន​។ ចាប់តាំងពី​ឡើងកាន់​អំណាច​មក​នោះ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មិនទាន់មាន​នយោបាយ​ការបរទេស​ច្បាស់លាស់​មកលើ​តំបន់​អាស៊ី​ទាំងមូល និង​ជាពិសេស​អាស៊ាន​ឡើយ​។ បញ្ហា​នេះ ធ្វើ​ឲ្យ​អាស៊ាន​បារម្ភ​ខ្លាំង ខណៈ​ចិន​កំពុង​ពង្រីក​ឥទ្ធិពល​យ៉ាងខ្លាំង​មក​ក្នុង​តំបន់​។​

​ជំនួប​ទល់មុខ​គ្នា​លើក​ទី​១​នេះ នឹង​ផ្ដោត​សំខាន់​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​សន្តិសុខ​ក្នុង​តំបន់​ជាដើម​។ បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ក៏​ទំនងជា​របៀបវារៈ​ក្ដៅ​ដែរ ដ្បិត​មួយរយៈ​ពេល​ចុង​ក្រោយនេះ​ប្រធានាធិបតី ត្រាំ បាន​ទូរ​សព្ទ​ខ្វែងខ្វាត់​ដើម្បី​ជជែក​ជាមួយ​មេដឹកនាំ​អាស៊ាន​មាន​ថៃ សិង្ហ​បុរី និង​ហ្វីលីពីន លើ​បញ្ហា​ក្ដៅ​នេះ​។

១. រវល់​មិន​ទៅ​ប្រជុំ​នៅ​អាមេរិក តែ​អាច​លៃលក​ពេលវេលា​ទៅ​ចិន​បាន​

​ក្រោម​ហេតុផល​រវល់​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​អឺរ៉ុប លោកស្រី អ៊ុង​សាន ស៊ូ​ជី មិនអាច​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អាមេរិក​បានឡើយ តែ​លោកស្រី​បែរជា​អាច​លៃលក​ពេលវេលា​ដ៏​មមាញឹក​របស់លោក​ស្រី សម្រាប់​ទស្សនកិច្ច​នៅ​ចិន​ទៅវិញ​។ លោកស្រី ស៊ូ​ជី នឹងមាន​វត្តមាន​ចូលរួម​វេទិកា «​វិថី​សូត្រ​» ឬ «​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​» នៅ​ក្រុង​ប៉េកាំង​ចាប់ពី​ថ្ងៃ ១៤ ដល់​ថ្ងៃ ១៥ ឧសភា​ខាងមុខនេះ តាម​ការអញ្ជើញ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​កិច្ចប្រជុំ​នេះ មិនសូវមាន​វត្តមាន​មេដឹកនាំ​លោកខាងលិច​ឡើយ ក្រៅពី​នាយករដ្ឋមន្ត្រី​អ៊ីតាលី និង​មេដឹកនាំ​អឺរ៉ុប​មួយចំនួនទៀត​។ ភាគច្រើន​នៃ​ភ្ញៀវ​ដែល​នឹងត្រូវ​ចូលរួម គឺជា​មេដឹកនាំ​ប្រទេស​ដែលមាន​ទំនាក់ទំនង​ល្អជា​មួយ​ចិន​។ ការណ៍​លោកខាងលិច​ទំនងជា​ធ្វើ​ព្រងើយកន្តើយ​ចំពោះ​ចិន​បែបនេះ​ក៏​ដោយសារតែ​វា​ជា​គម្រោង​ដែល​ចិន​ផ្តូ​ច​ផ្តើមឡើង ដើម្បី​ជួយ​ពង្រឹង​និង​ពង្រីក​ឥទ្ធិពល​របស់​ចិន​ផ្ទាល់​លើ​ឆាក​អន្តរជាតិ​ប៉ុណ្ណោះ​។​

​ទស្សនកិច្ច​លោកស្រី ស៊ូ​ជី នៅ​ចិន​ដើម្បី​ចូលរួម​វេទិកា​វិថី​សូត្រ ធ្វើឡើង​ក្នុង​រយៈពេល​មិនយូរប៉ុន្មាន​ក្រោយ​ប្រធានាធិបតី ធិ​ន ច ទើប​បញ្ចប់​ទស្សនកិច្ច​ផ្លូវ​នៅ​ចិន​ដូចគ្នា​។ ទំនាក់ទំនង​រវាង​ចិន និង​មី​យ៉ាន់​ម៉ា កាន់តែ​ល្អប្រសើរ​នាពេល​ចុងក្រោយ ក្រោយពេល​លោកខាងលិច​រិះគន់​រដ្ឋា​ភិ​បាល​លោកស្រី ស៊ូ​ជី មិន​ដាច់​មាត់​លើ​បញ្ហា​រ៉ូ​ហ៊ីង​យ៉ា​។ ប​ស្ចឹ​ម​ប្រទេស បាន​ប្រតិកម្ម​ខ្លាំងៗ​នឹង​ចំណាត់ការ​របស់​អាជ្ញាធ​រ​មី​យ៉ាន់​ម៉ា ដែល​បង្ក​ជា​អំពើហិង្សា និង​បង្ខំ​ឲ្យ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​រត់ចោល​ផ្ទះសម្បែង​ទៀតផង​។​

​យ៉ាងណាក្ដី នាយក​ការិយាល័យ​ទីប្រឹក្សា​រដ្ឋ លោក Zaw Htay បញ្ជាក់ថា ការមិន​ទៅ​រដ្ឋធានី​វ៉ាស៊ីនតោន តែ​នឹង​បង្ហាញ​វត្ត​មាននៅ​រដ្ឋធានី​ប៉េកាំង មិនមែនជា​សញ្ញា​ងាក​ចេញពី​មហាអំណាច​មួយ ហើយរ​ត់រក​មហាអំណាច​មួយទៀត​ឡើយ​។ លោក​បាន​និយាយ​ការពារ​ការមិន​ចូលរួម​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អាមេរិក ថា មី​យ៉ាន់​ម៉ា មិន​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសមួយ ហើយ​បោះបង់​ប្រទេសមួយ​ទៀតឡើយ​។ 

២. អត់​ចូលរួម​ប្រជុំ ព្រោះ​ចង់​បង្ហាញថា​លោកស្រី​មិនមែន​មាន​តំណែង​ត្រឹម​រដ្ឋមន្ត្រីការបរទេស​

​ដូច​ការបកស្រាយ​ខាងលើ លោកស្រី ស៊ូ​ជី នឹងមិន​ចូលរួម​ប្រជុំ​នៅ​អាមេរិក ដោយ​លោកស្រី​នឹង​បញ្ជូន​មន្ត្រីជាន់ខ្ពស់​ទៅ​ចូលរួម​ជំនួស​។ បើតាម​សារព័ត៌មាន The Irrawaddy លោក Zaw Htay បញ្ជាក់ថា ទីប្រឹក្សា​សន្តិសុខ​ជាតិ​មី​យ៉ាន់​ម៉ា Thaung Tun នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អាមេរិក​។ បើទោះជា​លោក Thaung Tun ជា​មន្ត្រីជាន់ខ្ពស់​ក៏ដោយ ការដែល​មិន​ចូលរួម​របស់លោក​ស្រី ស៊ូ​ជី ទំនងជា​ការផ្ដល់​សញ្ញា​មួយ​ផ្សេង​។​

​គេ​មិនត្រូវ​ភ្លេច​ទេ​ថា បើ​ទោះ​មាន​តួនាទី​ត្រឹម​ជា​រដ្ឋមន្ត្រីការបរទេស​ក្ដី ម្ចាស់​មេដាយ​ណូបែល​សន្តិភាព​ពិភពលោក​ឆ្នាំ​១៩៩១ ស៊ូ​ជី មិនបាន​ចាត់ទុក​ខ្លួនឯង​ជា​មន្ត្រី​ធម្មតា​ឡើយ​។ នរណា​ក៏​ដឹង​ដែរ​ថា លោកស្រី គឺជា​មេដឹកនាំ​កាន់អំណាច​ពិតប្រាកដ​នៃ​រដ្ឋាភិបាល​ស៊ីវិល ហើយ​អំណាច​របស់​លោកស្រី គឺ​ធំ​ជាង​ប្រធានាធិបតី ធិ​ន ច និង​អនុ​ប្រធានាធិបតី​ពីររូប​ទៅទៀត​។ លោកស្រី ជា​អ្នកចាត់ចែង​កិច្ចការ​របស់​រដ្ឋាភិបាល​ដោយផ្ទាល់ តាមរយៈ​តំណែង​ជាទី​ប្រឹក្សា​រដ្ឋ​។​

​កិច្ចប្រជុំ​អន្តរជាតិ​ធំៗ សុទ្ធ​តែមាន​វត្តមាន​លោកស្រី ស៊ូ​ជី មិនមែន​លោក ធិ​ន ច ឡើយ​។ តួយ៉ាង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នាពេល​ថ្មី​នេះៗ​ជាដើម ដែល​គេ​ឃើញ​លោកស្រី​អង្គុយ​ក្នុង​អង្គប្រជុំ​ជាមួយ​បណ្ដា​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​តែម្ដង​។

​អាច​និយាយបានថា កិច្ចប្រជុំ​នៅ​ថ្នាក់​រដ្ឋមន្ត្រី ពិតជា​មិន​សម​នឹង​ឋានៈ​របស់​លោកស្រី ស៊ូ​ជី ឡើយ​។ សូម្បីតែ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ក៏​លោកស្រី​មិន​ចូលរួម​ដែរ ទោះជា​លោកស្រី​ជា​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា​ក្ដី​។ ជាការ​ពិត លោកស្រី ស៊ូ​ជី ទំនង​ចង់​ប្រាប់​គេឯង​ថា លោកស្រី​មិនមែន​កាន់តំណែង​ត្រឹម​រដ្ឋមន្ត្រីការបរទេស​ឡើយ តែ​ជា​អ្នក​ក្ដោប​ក្ដាប់​អំណាច​ពិតប្រាកដ​ជាក់ស្ដែង​រប​ស់មី​យ៉ាន់​ម៉ា​៕  


Tag:
 មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី​
  អាស៊ាន​
  អាមេរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com