តារាល្បីៗ
អន្តរជាតិ
ក្រុម​ចម្រៀង Boys Band នៅ​ចិន តែ​សមាជិក​ទាំងអស់​ជានា​រី​
03, May 2017 , 7:19 pm        
រូបភាព
ដោយ: ធីតា
Acrush ជា​ក្រុម​ចម្រៀង Boys Band ដែល​ទើបតែ​បង្កើត​ថ្មី នៅក្នុង​ប្រទេស​ចិន​។ សម្រាប់​ចិន​ដែលជា​ប្រទេស​អភិរក្ស​ដ៏​តឹងរ៉ឹង​មួយ​នោះ Acrush បាន​ក្លាយជា​ប្រធានបទ​នៃ​ការពិភាក្សា​ដ៏​តឹងតែង​មួយ​ក្នុងចំណោម​អ្នក​ស្រឡាញ់​វិស័យ​សិល្បៈ ដោយសារតែ​សមាជិក​ទាំង​៥ គឺជា​នារី ដែល​ស្លៀកពាក់​ដូច​មនុស្ស​ប្រុស​។​



​ខណៈ​វិស័យ​ចម្រៀង​-​តន្ត្រី មានការ​ប្រកួតប្រជែង​កាន់តែ​ផុសផុល​នៅក្នុង​ប្រទេស​ចិន ក្រុម​ចម្រៀង​នារី​មួយក្រុម​ដែលមាន​ឈ្មោះថា Acrush បានបង្ហាញ​រូបភាព​ខុសប្លែក​ពី​គេ​។ Boys Band ដែល​១០០​ភាគរយ ត្រូវបាន​គេ​គិតថា ជា​ក្រុមយុវជន​នោះ បែរ​ជាមាន​រូបភាព​ថ្មី​ទៅវិញ ដោយ​សមាជិក​៥​នាក់​របស់ Acrush សុទ្ធតែជា​នារី​។ នេះ​បើតាម​បទ​យកការណ៍​ចេញផ្សាយ​ដោយ The Guardian​។​

​ចិន​ជា​ប្រទេស​ដ៏​អភិរក្ស​បំផុត​ផ្នែក​វប្បធម៌​សិល្បៈ ហេតុដូច្នេះ វត្តមាន​របស់​ក្រុម Acrush បាន​ក្លាយជា​ប្រធានបទ​ដ៏​ចម្រូងចម្រាស់​មួយ​។ សម្រាប់​មនុស្ស​មួយចំនួន ក្រុម​ស្ត្រី​ដែល​ឡើង​សម្តែង​ច្រៀង​រាំ​លើ​ឆាក​ដោយ​ស្លៀកពាក់​ដូច​មនុស្ស​ប្រុស ពិតជា​ពិបាក​ទទួលយក​ណាស់ ខណៈ​អ្នកខ្លះ​យល់ថា វា​ជា​រសជាតិ​មួយ​ថ្មី​នៃ​សិល្បៈ​។​



​លោក Wang Tianhai ដែលជា​ស្ថាបនិក​ក្រុម បាន​ពន្យល់ The Guardian ថា ការបង្កើត​ក្រុម Acrush គ្មាន​គោលបំណង​ណាមួយ​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ​នោះឡើយ​។ លោក​រៀបរាប់ថា​៖ «​ពួកគាត់​គ្រាន់តែ​ស្លៀកពាក់​ដូច​មនុស្ស​ប្រុស​ប៉ុណ្ណោះ ដែលជា​ការច្នៃប្រឌិត​ថ្មី​មួយទៀត​។ បន្ថែម​ពីលើ​នេះ ការ​តែងខ្លួន​ដូច​មនុស្ស​ប្រុស ធ្វើ​ឲ្យ​ពួកគាត់​ស្រួល​រាំ​បត់បែន​។ សារ​ដ៏​សំខាន់​របស់ Acrush នោះ គឺ​ស្ត្រី​ក៏​អាចបង្កើត Boy s Band បានដែរ​។​

​ដោយសារតែ​ការ​តែងខ្លួន​ដូច​បុរស មនុស្ស​ជាច្រើន​គិតថា តារាចម្រៀង​ទាំងនោះ ជា​អ្នក​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា រហូតដល់​មាន​ក្រុម​អ្នកគាំទ្រ​មួយចំនួន​ដែលជា​នារី បាននាំគ្នា​សរសេរ​សំបុត្រ​ទាក់ទង​សមាជិក​ក្រុម Acrush​។​

Lu Keran អាយុ​២១​ឆ្នាំ ដែលជា​ប្រធាន​ក្រុម និង Li Yuchun ដែលជា​សមាជិក​ក្រុម បាន​អះអាងថា ការសម្តែង​ដោយ​ស្លៀកពាក់​ដូច​បុរស​ពិត​ជាមាន​ភាពងាយស្រួល​ច្រើន​។ ទាក់ទង​នឹង​ទំនាក់ទំនង​ស្នេហា សមាជិក​ក្រុម​ត្រូវបាន​ហាម​មិន​ឲ្យ​និយាយ​បើកចំហរ​នោះឡើយ ដែល​នេះ​ជា​យុទ្ធសាស្ត្រ​ក្នុងការ​ទាក់ទាញ​អ្នកគាំទ្រ​៕



Tag:
 Boys Band
  Acrush
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com